អន្តរជាតិ
UN ដង្ហោយ​រក​ជំនួយ ជាង​៨០០ លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
08, Mar 2020 , 9:29 pm        
រូបភាព
ដោយ:
​ខណៈដែល​ប្រជាជន​នៃ​បណ្តា​ប្រទេស​ជាច្រើន កំពុងតែ​ទទួលរង​ការគំរាមកំហែង​ពី​វីរុស COVID-19​នោះ ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​កំពុងស្នាក់នៅ​ជំរំ​បង់​ក្លា​ដែ​ស ក៏​ដង្ហោយ​រក​ជំនួយ​សម្រាប់​ការផ្គត់ផ្គង់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​ផងដែរ​។ តាម​ផែនការ អង្គការសហប្រជាជាតិ ត្រូវការ​ជំនួយ​រហូតដល់​ជាង ៨០០ លាន​ដុល្លារ ដើម្បី​សង្គ្រោះ​អាយុជីវិត​ជនភៀសខ្លួន​ទាំងនេះ​។​

 
​ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អង្គការ​ដៃគូ កំពុងតែ​អំពាវនាវ​រក​ជំនួយ​ប្រមាណ ៨៧៧ លាន​ដុល្លារ ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស ខណៈ​គណៈកម្មាធិការ​សម្រាប់​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ (UNHCR) រិះគន់​មី​យ៉ាន់​ម៉ា ដែល​មិនបាន​បំពេញ​ការទទួលខុសត្រូវ​គ្រប់គ្រាន់​សម្រាប់​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times ប្រធាន UNHCR លោក Filippo Grandi បាន​ថ្លែងថា ពិភពលោក​ត្រូវតែ​សង្គ្រោះ​រ៉ូ​ហ៊ីង​យ៉ា និង​ជ្រោមជ្រែង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ដែល​នៅតែ​បន្ត​ផ្តល់​ទីជម្រក​ដល់​ជនភៀសខ្លួន​។ ប្រធាន​រូបនេះ បាន​អះអាងថា តម្រូវការ​ប្រមាណ ៨០០ លាន​នេះ នឹងត្រូវ​ចំណាយ​លើ​អាហារ ទីជម្រក ទឹកស្អាត ការអប់រំ និង​ការថែទាំ​សុខភាព​របស់​ជនភៀសខ្លួន​។​
 
​តាម​លោក Grandi ក្រុម​ជនភៀសខ្លួន​ដែល​បច្ចុប្បន្ន មាន​រហូតដល់​ជាង​មួយ​លាន​នាក់​ហើយ​នោះ ពិតជា​ចង់​វិល​ត្រលប់​ទៅ​ទីកន្លែង​កំណើត​របស់​ពួកគេ​នៅ​មី​យ៉ាន់​ម៉ា​ណាស់ ក៏ប៉ុន្តែ​ពួកគេ នៅតែមាន​ការភ័យខ្លាច តាមរយៈ​គោលនយោបាយ​រើសអើង និង​ហិង្សា​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ លោក អះអាងថា បច្ចុប្បន្ន ដំណោះស្រាយ ស្ថិតនៅលើ​មី​យ៉ាន់​ម៉ា ក្នុងការ​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ សេរីភាព និង​ភាពជា​ប្រជាជន​ស្របច្បាប់ ។​
 
​គួរ​ជម្រាប​ថា នេះ ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មកពី​មី​យ៉ាន់​ម៉ា​ដោយសារតែ​ការផ្ទុះ​ឡើង​បញ្ហា​អសន្តិសុខ​ក្នុង​ឆ្នាំ​២០១៧ បន្ត​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​សង្គ្រោះ​អាយុជីវិត និង​ការរស់នៅ​របស់​ពួកគេ​។ បច្ចុប្បន្ន បន្ថែម​ពី​ការបន្ទោស​ពី​ភាពយឺតយ៉ាវ​នៃ​ការដោះស្រាយ​បញ្ហា​ជូន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មី​យ៉ាន់​ម៉ា ក៏​កំពុង​ប្រឈម​នឹង​វិធានការ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) និង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) របស់​អង្គការសហប្រជាជាតិ​ផងដែរ​៕ 

Tag:
 ​រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com