ជាតិ
TRC ស្នើ​ក្រុមហ៊ុនទូរស័ព្ទ​ពិចារណា​ដាក់​លេខ​កូដ​១២០០​រួមគ្នា ឲ្យ​អតិថិជន​អាច​ផ្តាច់​គម្រោង​ដែល​កាត់លុយ​មិនដឹង​មុខ​
09, Mar 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ពិភាក្សាគ្នា និង​ស្នើឱ្យ​ប្រតិបត្តិ​ករ​ក្រុមហ៊ុនទូរស័ព្ទ ប្រើ​លេខ​កូដ​1200​រួមគ្នា សម្រាប់​ឱ្យ​អតិថិជន​ប្រើប្រាស់​គម្រោង ឬ​ភ្ជាប់​សេវាកម្ម​ផ្សេងៗ ដែល​កំពុង​ភ្ជាប់ ឬ​មិន​ច្បាស់​ថា​ខ្លួន​ភ្ជាប់​សេវាកម្ម​ណាមួយ​របស់​ក្រុមហ៊ុនទូរស័ព្ទ អាច​ផ្ដាច់ចេញ​បាន​ទាំងអស់​។​


 
​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​៦ មីនា​ថា ការ​ស្នើឱ្យ​ប្រតិបត្តិ​ករ​ក្រុមហ៊ុនទូរស័ព្ទ ដាក់​លេខ​កូដ​ប្រើ​រួមគ្នា គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​អ្នកប្រើប្រាស់​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ ផ្ដាច់​គម្រោង​ផ្សេងៗ​ដែល​តែងតែ​កាត់លុយ ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះ​។ បើតាម​អ្នកនាំពាក្យ​ដដែល កន្លងមក​អ្នកប្រើប្រាស់​ទូរស័ព្ទ​តែងតែ​រអ៊ូ​ថា ក្រុមហ៊ុនទូរស័ព្ទ​កាត់លុយ ដោយ​មិនដឹង​មូលហេតុ ឬ​គម្រោង​ដែល​មិនបាន​ភ្ជាប់ ដូច​ការ​បទ​ចម្រៀង និង​សេវាកម្ម​ធានារ៉ាបរង​ជាដើម​។ 
 
​លោក អ៊ឹម វត្ថា ពន្យល់ថា​៖«​ការកំណត់​លេខ​កូ​១២០០​នេះ គឺមាន​បំណង​ឱ្យ​អ្នកប្រើប្រាស់ ដែល​ភ្ជាប់​គម្រោង​ផ្សេងៗ អាច​ផ្ដាច់ ដោយ​គ្រាន់​ធ្វើ​ចុច​លេខ​កូដ​នេះ​។ ចំពោះ​ដំណើរការ​គម្រោង​នេះ​ពេលណា មិនទាន់​ដឹង​ច្បាស់​នោះទេ រង់ចាំ​ភាគី​ក្រុមហ៊ុនទូរស័ព្ទ និង​ក្រុមការងារ​ពិភាក្សាគ្នា​បន្ត​»​។ 
 
​ទោះយ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា មិនទាន់​អាច​បញ្ជាក់ថា គម្រោង​ដាក់​លេខ​កូដ​១២០០ ដើម្បី​ផ្តាច់​គម្រោង​នានា​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​នេះ នឹង​អនុវត្ត​នៅពេលណា​នោះទេ ព្រោះ​ក្រុមការងារ​ទើបតែ​ពិភាក្សា និង​ស្នើឱ្យ​ប្រតិបត្តិ​ករ​ក្រុមហ៊ុនទូរស័ព្ទ​ពិចារណា​។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក៏​រង់ចាំ​ការឆ្លើយតប​ពី​ប្រតិបត្តិ​ករ​ទូរ​សព្ទ ជុំវិញ​ដំណោះស្រាយ និង​ជម្រើស​ផ្សេងទៀត​ដែរ​។ នេះ​បើតាម លោក អ៊ឹម វត្ថា​៕
 

Tag:
 TRC
 ​កាត់លុយ​ទូរស័ព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com