ជាតិ
ស្ត្រី​ខ្មែរ​កាន់តែច្រើន មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​ប្រជែង​ពាន​ស្ត្រី​ឆ្នើម​ប្រចាំ​អាស៊ីអាគ្នេយ៍​
08, Mar 2020 , 5:10 pm        
រូបភាព
លោកស្រី ម៉ូវ គន្ធា បានពានសហគ្រិនភាពសង្គមឆ្នាំ២០១៩ និងកញ្ញា ឡូរ៉ា ម៉ម បានពានសិល្បៈ និងវប្បធម៌ឆ្នាំ២០១៨។ រូបថត The Women of Future
លោកស្រី ម៉ូវ គន្ធា បានពានសហគ្រិនភាពសង្គមឆ្នាំ២០១៩ និងកញ្ញា ឡូរ៉ា ម៉ម បានពានសិល្បៈ និងវប្បធម៌ឆ្នាំ២០១៨។ រូបថត The Women of Future
​កម្មវិធី​ស្ត្រី​នៃ​ពេលអនាគត (The Women of the Future –WOF) កំពុង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​សមត្ថភាព និង​ទេពកោសល្យ​របស់​ស្ត្រី​នៅលើ​ពិភពលោក​។ ដោយឡែក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នា​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ស្ត្រី​ខ្មែរ​យ៉ាងហោច​២៥​រូប ត្រូវបាន​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង រហូត​ទទួលបាន​កិត្តិយស​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​សម្រាប់ «​ពានរង្វាន់​ស្ត្រី​នៃ​ពេលអនាគត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​» ឬ «Women of the Future Awards South East Asia»​។



«​យើង​ពិត​ជាមាន​ចំណាប់អារម្មណ៍​ខ្លាំងណាស់​ចំពោះ​គុណភាព សមត្ថភាព​របស់​បេ​ក្ខ​នារី មកពី​ប្រទេស​កម្ពុជា​»​។ នេះ​បើតាម​ការឆ្លើយតប​សារ​តាម​អ៊ី​ម៉ែ​ល ដែល​ផ្ញើរ​មកកាន់​សារព័ត៌មាន​ថ្មីៗ​របស់​តំណាង​កម្មវិធី The Women of The Future ដែលមាន​កំណើត​ចាប់តាំងពី​ឆ្នាំ​២០០៦​មក ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ស្រី Pinky Lilani អ្នកនិពន្ធ និង​ជា​អ្នកជំនាញ​ខាង​អាហារ និង​ជាត​ស៊ូ​មតិ​ដ៏​ល្បីល្បាញ​នៅ​ចក្រភព​អង់គ្លេស​។​

​ពានរង្វាន់​ស្ត្រី​នៃ​ពេលអនាគត បានចាប់ផ្តើម​តាំងពី ឆ្នាំ​២០០៦​មក​ផងដែរ ប៉ុន្តែ​សម្រាប់​ក្របខណ្ឌ​តំបន់​អាស៊ីអាគ្នេយ៍ ពាន WOF Awards Southeast Asia ទើបតែ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨​មក ដោយ​ផ្តល់ឱកាស​សម្រាប់​ស្ត្រី​នៅ​ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ ទី​ម័​រ​ខាងកើត និង​វៀតណាម​។​



​ស្ត្រី​នៅ​តំបន់​អាស៊ាន រួមទាំង​ទី​ម័​រ​ខាងកើត​ដែលមាន​ចាប់ពី​៣៥​ឆ្នាំ​ចុះក្រោម អាច​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​របស់ខ្លួន ដែល​ក្នុងនោះ​មាន​សមត្ថភាព ទេពកោសល្យ​ផ្នែក សិល្បៈ និង​វប្បធម៌​, មុខ​ជំនួញ​, សហគមន៍ និង​សេវាសាធារណៈ​, សហគ្រិនភាព​, បណ្តាញ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​, អាជីព​, អចលន​ទ្រ​ព សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ឌីជីថល​, សហគ្រិនភាព​សង្គម និង​ជំនាញ​ណែនាំ​ផ្តល់យោបល់ (Mentor)​។​

​កាលពី​ឆ្នាំ​២០១៨ តារាចម្រៀង​ខ្មែរ​-​អាមេរិក ឡូ​រ៉ា ម៉ម បាន​ក្លាយជា​ម្ចាស់​ពាន​ផ្នែក Arts & Culture ខណៈ​លោកស្រី យឹម រ៉ា​ដែ​ត នាយិកា​មជ្ឈមណ្ឌល Global Art Cambodia ទទួលបាន​ការកោតសរសើ​រ​ខ្ពស់ (Highly Commended) ផ្នែក Business និង​លោកស្រី សូ គ​ន្ធី នាយិកា​គ្រប​គ្រង់​ទូទៅ នៃ​សិប្បកម្ម​កែច្នៃ​ម្រុំ​ខ្មែរ បានការ​កោតសរសើរ​ខ្ពស់​ផ្នែក Social Entrepreneur​។​

នៅ​ឆ្នាំ​២០១៩ លោកស្រី ម៉ូ​វ គ​ន្ធា សហ​ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​កាត់ដេរ និង​លក់​សម្លៀកបំពាក់ «​តស៊ូ​» ក្នុង​ខេត្តកំពត ដែល​ឈ្នះ​ពានរង្វាន់ «Social Entrepreneur» ខណៈ​កញ្ញា Catherine Harry បានការ​កោតសរសើរ​ខ្ពស់ (Highly Commended) សម្រាប់​ពាន Community Spirits and Public Service​។​

សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​ស្ត្រី​៣​នាក់​ដែល​ស្ថិតក្នុង​វគ្គ​ជម្រុះ ក្នុងនោះ​មាន​អ្នកស្រី សុខ មួយ​ហ្គេ​ច ស្ថាបនិក​នៃ​ក្រុមហ៊ុន BMK Architects សម្រាប់​ពាន Property, Infrastructure and Construction កញ្ញា អាត សុធាវី អ្នកគ្រប់គ្រង​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​នវានុវត្តន៍​នៅ​អង្គការ DAI Global សម្រាប់​ពាន Media & Communications និង​អ្នកស្រី យូ សុធា​រី ស្ថាបនិក​គេហទំព័រ Next Women Generation សម្រាប់​ពាន Community Spirit & Public Service​។​

​សម្រាប់​ជ័យលាភី​នៅ​ឆ្នាំ​២០២០ នឹងត្រូវ​ប្រកាស​នា​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា នា​ពិធី​ផ្លូវការ​មួយ​នៅ​សណ្ឋាគារ Hilton Singapore ប្រទេស​សិង្ហ​បុរី​៕



Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com