COVID-19
ជាតិ
សង្គមជាតិ
ចិន ចាប់ផ្តើម​ប្រើ​កប៉ាល់ ដឹក​វត្ថុធាតុដើម​មក​កម្ពុជា​
09, Mar 2020 , 3:13 pm        
រូបភាព
សកម្មភាពកម្មការិនី កំពុងធ្វើការក្នុងរោងចក្រមួយនៅភ្នំពេញ (រូបថតកាលពីថ្ងៃទី២០០៦ ដោយ AFP)
សកម្មភាពកម្មការិនី កំពុងធ្វើការក្នុងរោងចក្រមួយនៅភ្នំពេញ (រូបថតកាលពីថ្ងៃទី២០០៦ ដោយ AFP)
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ព័ត៌មាន​ថា ភាគី​ចិន ចាប់ផ្តើម​ដឹក​វត្ថុធាតុដើម​តាម​កប៉ាល់ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​វិញ​ហើយ តាម​ការស្នើសុំ​ពី​ភាគី​កម្ពុជា​។ សម្តេច ចាត់ទុក ថា​ជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រីករាយ​សម្រាប់​កម្មករ​-​កម្មការិនី​។ 


 
​បើតាម​ប្រមុខ​រដ្ឋាភិបាល ជា​ជំហាន​ទីមួយ ភាគី​ចិន បាន​ប្រើ​កប៉ាល់​៧​គ្រឿង សម្រាប់​ដឹក​វត្ថុធាតុដើម​មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ ដោយ​ក្នុងនោះ​៥​គ្រឿង នឹង​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ហើយ​២​គ្រឿង​ទៀត នឹង​ចូល​ចត​នៅ​កំពង់ផែ​ហូជីមិញ​។ ប្រមុខ​រដ្ឋាភិបាល ប្រាប់ថា រោងចក្រ​នៅ​ខេត្តស្វាយរៀង ដែល​ត្រូវ​ដឹក​វត្ថុធាតុដើម​ពី​កប៉ាល់ ដែល​ចូល​ចត​នៅ​កំពង់ផែ​ហូជីមិញ គឺ​ជិត​ជាង​កំពង់ផែ​ព្រះសីហនុ​។  
 
​ក្នុង​ពិធី​សម្ពោ​ធ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥ នា​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ ក្នុង​ខេត្តពោធិ៍សាត់ ប្រមុខ​រដ្ឋាភិបាល ថ្លែងថា​៖«​បើតាម​ព័ត៌មាន​ពី​មិត្ត​ចិន នាវា​៧​គ្រឿង​នេះ មិនមែន​ដឹក​តែ​ខែ​៣​ទេ ដឹក​រហូតដល់​ខែ​៥ [​ឆ្នាំ​២០២០] រហូតដល់​សភាពការណ៍​ធូរស្រាល​»​។​
 
​កន្លងមក មេដឹកនាំ​កម្ពុជា បានស្នើ​ឲ្យ​ភាគី​ចិន ប្រើ​យន្តហោះ​និង​កប៉ាល់​ទន្ទឹមគ្នា ដឹក​វត្ថុធាតុដើម ជាពិសេស​សាច់​កំណាត់ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​ជា​ប្រញាប់ ដើម្បី​កុំ​ឲ្យ​មាន​ការបិទ​រោងចក្រ​។ ចំពោះ ការប្រើ​យន្តហោះ​ដឹក​វត្ថុធាតុដើម​មក​កម្ពុជា នៅ​មិនទាន់មាន​ព័ត៌មាន​នោះទេ​។ 
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​ជួយ​សម្រាល​ការលំបាក​ដល់ក​ម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរការងារ​។ 
 
​ទី​១ អំពាវនាវ​ទៅ​បណ្តា​រោងចក្រ ដែល​ត្រូវ​ព្យួរការងារ​កម្មករ​-​កម្មការិនី កុំ​ឲ្យ​ឆ្លៀតឱកាស​លុប​កិច្ចសន្យាការងារ​ជាមួយ​កម្មករ​-​កម្មការិនី​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា​៖«​ដាច់​ខាត់​មិនត្រូវ​ធ្វើ​រឿងនេះ ក្នុងពេល​កម្មករ​ជួប​ការលំបាក​ទេ​»​។​
 
​ទី​២ ស្នើ​ឲ្យ​គ្រប់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លើកលែង​ការយក​ការប្រាក់ និង ពន្យារ​ការសង់ប្រាក់ ចំពោះ​កម្មករ​-​កម្មការិនី ដែល​រង​ផលប៉ះពាល់​ដោយសារ​ការព្យួរ​ការងា​រ​។ ប្រមុខ​រដ្ឋាភិបាល បង្ហាញ​តួលេខ​ថា កម្មករ​-​កម្មការិនី ដែល​រង​ផលប៉ះពាល់​ពី​ការព្យួរ​ការងារ មាន​មិន​ដល់​២ម៉ឺន​នាក់​នោះទេ ហើយ​ក្នុងនោះ មាន​ប្រមាណ​៥០​ភាគរយ ដែល​ជាប់បំណុល​នៅ​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​។ ប្រមុខ​រដ្ឋាភិបាល បាន​ឲ្យ​ដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក ជា ចាត់​តូ ប្រធាន​ធនាគារជាតិ នឹង​ដឹកនាំ​ការប្រជុំ​ពី​បញ្ហា​នេះ​​។​
 
​ទី​៣ សុំ​ឲ្យ​ម្ចាស់​បូរី ពន្យារពេល​ការបង់​រម្លស់ ចំពោះ​កម្មករ​-​កម្ម​ការ​នី ដែល​ទិញ​បូរី​ខ្លួន ក្នុង​គ្រា​ពួកគេ មាន​បញ្ហា​ផ្នែក​ហិរញវត្ថុ​ដោយសារ​ការព្យួរ​ការងា​រ​។ សម្តេចនាយក​រដ្ឋមន្ត្រី ទទូច​ដូច្នេះ​ថា​៖«​កុំ​ផ្តាច់​កុងត្រា​ក្នុង​រយៈពេល​ហ្នឹង ព្រោះ​ចេះ បើតាម​ដឹង កុងត្រា​សម្រាប់​បង់​រម្លស់ កាលណា​មិនបាន​បង់​ឲ្យ​គេ​ក្នុង​រយៈពេល​ប៉ុន្មាន [​ខែ​] គឺ​ផ្តាច់​តែម្តង ដេញ​យើង​ចេញពីផ្ទះ អ៊ីចឹង​ទេ សុំ​ឲ្យ​មានការ​យោគយល់​លើ​បញ្ហា​នេះ​...»​។ 
 
​ទី​៤ ប្រាប់​ទៅ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី ដែល​ខ្វះខាត​លុយកាក់​ដោយសារ​ការ​ព្យួរការងារ ជំពាក់​សិន តែ​មិនមែន​សម្រាប់​មនុស្ស​ទូទៅ​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល ប្រាប់​ទៅ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ឲ្យ​ពិនិត្យ​ពី​រឿងនេះ​​។ 
 
​ប្រកាស​ពី​វិធានការ​ទាំង​បួន​នេះ​រួចហើយ មេដឹកនាំ​កម្ពុជា ក៏​និយាយថា​៖«​យើង​គិត​ជំហាន​ដំបូង​គឺ​កម្មករ​»​។ 
 
​មិនមែន​ទើបតែ​ពេលនេះ​ទេ កន្លងមក រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​វិធានការ​ខ្លះ​រួចមកហើយ ដើម្បី​ជួយ​រោងចក្រ ដែល​ខ្វះ​វត្ថុធាតុដើម និង ជួយ​កម្មករ​-​កម្មការិនី ដែលត្រូវ​ព្យួរការងារ​។ រដ្ឋាភិបាល សម្រេច​មិន​យកពន្ធ​កន្លះ​ឆ្នាំ​ឬ​ដល់​មួយឆ្នាំ ចំពោះ​រោងចក្រ​ណា ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការខ្វះខាត​វត្ថុធាតុដើម ដើម្បី​ជួយ​ជ្រោមជ្រែង​រោងចក្រ​ទាំងនោះ ឲ្យ​​ដំណើរការបន្ត ជៀសវាង​ការបិទទ្វារ​ឬ​ព្យួរការងារ​កម្មករ​-​កម្មការិនី​។ 
 
​ចំណែក កម្មករ​-​កម្ម​ការ​នី ដែល​ត្រូវ​ព្យួរការងារ រដ្ឋាភិបាល តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​ចេញ​ប្រាក់​៤០​ភាគរយ​ជូន​ពួកគេ​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ជួយ​ចេញ​២០​ភាគរយ​បន្ថែមទៀត ដូច្នេះ កម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរការងារ ទទួលបាន​ប្រាក់​សរុប​៦០​ភាគរយ ស្មើនឹង​ប្រមាណ​១១៤​ដុល្លារ នៃ​ប្រាក់ខែ​គោល​១៩០​ដុល្លារ​។ លើសពីនេះ ក្រសួង​ការងារ ក៏​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដល់ក​ម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរការងារ​ដេរ​។ 
 
​អ្នកនាំពាក្យ​ក្រសួង​ការងារ លើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា មាន​រោងចក្រ​ជាង​៣០​ហើយ ដែល​បាន​ស្នើសុំ​ព្យួរការងារ​កម្មករ​-​កម្មការិនី​ប្រមាណ​១,៧​ម៉ឺន​នាក់​។ 
 
​រោងចក្រ​នៅ​កម្ពុជា ផ្អាក​ការងារ​ពី​កម្មករ​-​កម្មការិនី គឺ​ដោយសារតែ​ខ្វះ​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន​។ ដោយសារ​ការ​រាលដាល​ខ្លាំង​នៃ​វីរុស​កូ​វីដ​-១៩ ទើប​ក្រុមហ៊ុន​និង​រោងចក្រ​ជាច្រើន សម្រេច​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ទៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដោយ​រួមទាំង​កម្ពុជា​ផងដែរ​។ 
 
​កម្ពុជា នាំចូល​វត្ថុធាតុដើម​ប្រមាណ​៦០​ភាគរយ​ពី​ចិន​។ ក្នុងចំណោម​រោងចក្រ​សរុប​ជាង​១​ពាន់  រោងចក្រ​ចិន មាន​ប្រមាណ​៧០​ភាគរយ​៕ 

Tag:
 រោងចក្រ​
  នាវា​ដឹក​វត្ថុធាតុដើម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com