ជាតិ
សម្ដេច ស ខេង ឲ្យអាជ្ញាធរតាមដានលើបញ្ហាខ្វះទឹក ដើម្បីដោះស្រាយទាន់ពេលវេលា សម្ដេច ស ខេង ឡើងថ្លែងក្នុងពិធីបញ្ចុះសីមាព្រះវិហារ នៅវត្តស្នាយសរ ខេត្តព្រៃវែង
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋសន្សំសំចៃទឹក និងឲ្យអាជ្ញាធរមូលដ្ឋានក្ដាប់សភាពការណ៍ពីការខ្លះទឹកប្រើប្រាស់ ដើម្បីជួយដោះស្រាយដល់ពលរដ្ឋទាន់ពេលវេលា។
ក្នុងពីធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តស្នាយសរ ស្ថិតស្រុកពារាំង ខេត្តព្រៃវែង សម្ដេច ស ខេង បានលើកឡើងពីការប្រែប្រួលអាកាសធាតុ ពិសេសគឺការកើនឡើងនៃកម្ដៅ។ ជាមួយគ្នានេះដែរ សម្ដេច មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុក្ដៅនេះ គឺបណ្ដាលឲ្យគ្រោះថ្នាក់ច្រើន មិនមែនតែជំងឺ Covid-19 នោះទេ។
រដ្ឋមន្ត្រីមហាផ្ទៃ ថ្លែងថា៖«ធាតុអាកាសប្រែប្រួលលឿនណាស់ ក្ដៅត្រជាក់ ជាពិសេសគឺក្ដៅ អាហ្នឹងនាំឲ្យគ្រោះថ្នាក់ច្រើនដែរ មិនមែនតែជំងឺ Covid-19 ទេ។ ជួនអីក្ដៅក៏ជាបញ្ហាដែរ អ៊ីចឹងហើយសូមឲ្យមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ដើម្បីសន្សំសំចៃទឹក សំខាន់ដើម្បីប្រើប្រាស់។ សូមក្រុមការងារ ក៏ដូចជារដ្ឋបាលនៅកន្លែងហ្នឹង ក្ដាប់បញ្ហានេះ តាមដានសភាពការណ៍ហ្នឹង ឲ្យជាប់។ កន្លែងណាខ្វះទឹក ត្រូវជួយដោះស្រាយភ្លាម ខ្វះអណ្ដូងឬខ្វះប្រឡាយទឹក ឬទឹកថ្លុកត្រពាំងវារីង ឬមួយស្អីយ៉ាងម៉េចត្រូវក្ដាប់រឿងទាំងអស់ហ្នឹង ដើម្បីជួយដោះស្រាយប្រជាជនឲ្យបានឆាប់រហ័ស»។
សូមបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចេញសារាចរ ណែនាំឲ្យពលរដ្ឋធ្វើស្រូវប្រាំងមួយដងប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩-២០២០ ដើម្បីកុំឲ្យខាតបង់ ស្របពេលកម្ពុជា នឹងជួបគ្រោះរាំងស្ងួតនាពេលខាងមុខ។
សារាចររបស់រដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជា បានទទួលរងឥទ្ធិពលបាតុភូតអែលនីណូ បណ្ដាលឲ្យមានភាពក្ដៅហួតហែងខ្លាំង គួបផ្សំរដូវវស្សាមកដល់យឺត ហើយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា ដែលធ្វើឲ្យរបបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង។ ជាពិសេសជំនន់កន្លងមក មានតែមួយលើក ហើយស្រកចុះបន្តបន្ទាប់ដល់កម្រិតទាបបំផុត ដែលមិនធ្លាប់ជួបប្រទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com