COVID-19
អន្តរជាតិ
វិធីសាស្ត្រ​ផលិត​ទឹក​អាល់កុល​លាងដៃ​ដោយ​ខ្លួនឯង​
10, Mar 2020 , 8:39 am        
រូបភាព
​ជាមួយនឹង​បញ្ហា​ដែល​កើតមានឡើង​នៅ​ជុំវិញ​ជំងឺ COVID-19 ការដាក់​អាល់កុល​លាងដៃ​នៅតាម​ខ្លួន​ជាប្រចាំ មិន​ថា​នៅតាម​សាលារៀន កន្លែងធ្វើការ ភោជនីយដ្ឋាន ឬ​ទីកន្លែង​សាធារណៈ គឺជា​រឿង​សំខាន់​ក្នុង​ការរក្សា​អនាម័យ​។ តែ​នៅតាម​តំបន់​មួយចំនួន ដោយសារតែ​តម្រូវការ​អាល់កុល​លាង​ដៃ​មាន​កម្រិត​ខ្ពស់ ការនាំ​ចូល​នូវ​ផលិតផល​មួយ​នេះ​អាចមាន​លក្ខណៈ​ខ្វះខាត​ជាង​មុន ឬ​តម្លៃ​ខ្ពស់ជាង​មុន​ផងដែរ​។ ក្នុងករណីនេះ តើ​អ្នក​អាច​ច្នៃ​ផលិត​អាល់កុល​លាងដៃ​ដោយ​ខ្លួនឯងបាន​ដោយ​របៀប​ណា​?

 
​តាម​ការប្រកាស​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​អាមេរិក (Centers for Disease Control ឬ CDC) អាល់កុល​លាងដៃ​ទាមទារ​ឲ្យ​មាន​សារធាតុ​អាល់កុល​យ៉ាងតិច​៦០​ភាគរយ​ដើម្បី​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​។ គេហទំព័រ livescience.com បាន​បន្ថែម​ដែរ​ថា អាល់កុល​លាងដៃ​ដែល​អ្នក​អាច​ផលិត​ខ្លួនឯង​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុងការ​សម្អាត​ភាពកខ្វក់ ប្រសិនបើ​អ្នក​អនុវត្តតាម​គោលការណ៍​ច្បាស់លាស់​។ 


រូបភាពគំរូអំពីផលិតផល Emollient ដែលជាក្រុមផលិតផលលាបផ្តល់សំណើមដល់ស្បែក
 
​គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា សកម្មភាព​អនាម័យ​ដែល​ល្អ និង​ងាយ​បំផុត គឺ​ការ​លាងដៃ​ជា​ញឹកញាប់​ជាមួយនឹង​សាប៊ូ និង​ទឹក​យ៉ាងហោចណាស់​ឲ្យ​បាន​រយៈពេល​ត្រឹម​២០​វិនាទី​។ ប្រសិនបើ​ទឹក និង​សាប៊ូ​មិនមាន​វត្ត​មាននៅ​ជិត​អ្នក​នោះទេ នោះ​អាល់កុល​លាងដៃ​ក៏​នៅតែ​ជា​ជម្រើស​មួយ​សមរម្យ​ផងដែរ​។ 
 
​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​អាមេរិក (CDC) បាន​បង្ហាញថា ជារួម​សារធាតុ​អាល់កុល អ៊ី​សូ​ប្រូ​ពី​ល (Isopropyl) ចំនួន​១៦១​មី​លី​លីត្រ លាយ​ជាមួយនឹង​ពពួក​ផលិតផល Emollient ដែលជា​ក្រុម​ផលិតផល​លាប​ផ្តល់​សំណើម​ដល់​ស្បែក​ក្នុង​បរិមាណ​៧៩​មី​លី​លីត្រ អាចជួយ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​បាន​។ 
 
​ក្នុងន័យ​ដដែល បើ​អ្នក​លាយ​២/៣​នៃ​សារធាតុ​អាល់កុល Isopropyl (​កម្រិត​៩១%) ជាមួយនឹង​១/៣​នៃ​សារធាតុ​ផ្តល់​សំណើម​ដល់​ស្បែក នោះ​អ្នកនឹង​ទទួលបាន​សូលុយស្យុង​សម្អាត​ដៃ​ដែលមាន​កម្រិត​អាល់កុល​ប្រមាណ​៦០%​។ បើ​អ្នក​ចង់​ទទួលបាន​កម្រិត​ឲ្យ​ខ្លាំង​ជាងនេះទៅទៀត អ្នក​អាច​ប្រើប្រាស់​អាល់កុល Isopropyl (​កម្រិត​៩១%) ដដែល​តែ​ក្នុង​បរិមាណ​៣/៤​វិញ ជាមួយនឹង​១/៤​នៃ​សារធាតុ​ផ្តល់​សំណើម​ស្បែក ក្នុងការ​ទទួលបាន​សូលុយស្យុង​ដែលមាន​កម្រិត​អាល់កុល​៦៨%​។ 


អាល់កុល អ៊ីសូប្រូពីល (Isopropyl) កម្រិត ៩១ភាគរយ ដាក់លក់វេបសាយ Walmart អាមេរិក
 
​បើទោះបីជា​យ៉ាងនេះ​មែន​ក្តី វា​ក៏​នៅតែ​ជា​ទម្លាប់​មួយ​ល្អ​ក្នុង​ការលាង​សម្អាត​ដៃ​របស់​អ្នក​នៅពេលដែល​មានទឹក និង​សាប៊ូ​។ នេះ​គឺ​ដោយសារតែ​អាល់កុល​លាង​សម្អាត​ដៃ​មិនអាច​កម្ចាត់​មេរោគ​មួយចំនួន​បាន​នោះទេ​។ ម្យ៉ាងវិញទៀត ប្រសិទ្ធភាព​របស់​អាល់​កុល​លាង​សម្អាត​ដៃ​ក៏​នឹង​ថយចុះ​នៅពេលដែល​ដៃ​របស់​អ្នកមាន​ជាប់​ដី ឬ​សារធាតុ​ខ្លាញ់​ច្រើន​៕
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម អំពី​របៀប​ធ្វើ​អាល់កុល​លាងដៃ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com