ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចាប់ផ្ដើម​ថ្ងៃ​ល្អ​ជាមួយ​គន្លឹះ​ទាំងនេះ​
11, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចង់​ផ្ដើម​ថ្ងៃ​ថ្មី​ឲ្យ​ល្អ​មិនមែនជា​រឿង​ពិបាក​ឡើយ​! គួរ​ធ្វើយ៉ាងណា​ខ្លះទៅ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​យ៉ាង​ល្អ ៖
 
១. បន្ថែម​អំបិល​បន្តិច​ក្នុងកា​ហេ្វ​
 
​កាហ្វេ​នឹងមាន​រសជាតិ​កាន់តែ​ប្រសើរ​នៅពេល​អ្នកធ្វើ​បែបនេះ​! ជំនួស​ឱ្យ​ទឹកដោះគោ ឬ​ស្ករ​ដែលមាន​ផ្ទុក​សម្បូរ​កាឡូរី​និង​ជាតិ​ខ្លាញ់ ការបន្ថែម​អំបិល​បន្តិច​ក៏​ជួយ​បន្ថយ​ភាព​ល្វីង​នៃ​កាហ្វេ​បាន​ផងដែរ​។ ទោះជា​យ៉ាងណា​មិន​ត្រូវដាក់​ច្រើនពេក​ទេ ត្រឹម​តែមួយ​ចិ​ប គឺ​គ្រប់គ្រាន់​ហើយ​។​

២. រួមបញ្ចូល​ស៊ុត​ក្នុង​អាហារ​ពេលព្រឹក ឬ​អាច​បន្ថែម​ក្នុង​កាហ្វេ​ក៏​ប្រសើរ​
 
​ស្ដាប់ទៅ​ហាក់ដូចជា​ប្លែក​បន្តិច ប៉ុន្តែ​ការបន្ថែម​ស៊ុត​មួយ​គ្រាប់​ចូលទៅក្នុង​កាហ្វេ​ពេលព្រឹក​នឹង​ជួយ​បង្កើន​រសជាតិ​កាហ្វេ ហើយ​ថែមទាំង​ល្អ​សម្រាប់​សុខភាព​ទៀតផង​។ ប្រូតេអ៊ីន​ក្នុង​ស៊ុត​អាចជួយ​ផ្ដល់​ថាមពល​បន្ថែម​ដល់​រាងកាយ​។ ប្រសិន​មិន​ចូលចិត្ត​កាហ្វេ​ថែម​ស៊ុត​ទេនោះ អ្នក​គ្រាន់តែ​ទទួលទាន​វា​ដូច​ធម្មតា​ជាមួយ​អាហារ​ពេលព្រឹក​ដទៃទៀត​ក៏បាន​។​

៣. សាកល្បង​ទទួលទាន​តែ​ខ្មៅ ឬ​សូកូឡា​ក្ដៅៗ​លាយ​ម្សៅ​ឈើអែម​
​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​កាហ្វេ​ទេនោះ អ្នក​អាច​សាកល្បង​ទទួលទាន​តែ​ខ្មៅ មួយ​ពែង​ជំនួស​វិញ​នៅពេល​ព្រឹក​។ នេះ​ក៏​ព្រោះតែ​តែ​ខ្មៅ​ក៏មាន​ផ្ទុក​កាហ្វេ​អ៊ី​ន​និង​សារធាតុ L-theanine ដែល​ជួយ​ឱ្យ​ស្វាង​និង​អាច​ផ្ដោតអារម្មណ៍​បាន​យ៉ាង​ប្រសើរ​ដែរ​។ ប្រសិនបើ​មិន​ចូលចិត្ត​តែ​ខ្មៅ អ្នក​អាច​ទទួលទាន​សូកូឡា​ក្ដៅៗ​ក៏បាន​ដោយ​បន្ថែម​ម្សៅ​ឈើអែម​បន្តិច​ក្នុងនោះ​។ ភេសជ្ជៈ​នេះ​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​រក្សា​ថាមពល​មិន​ធ្វើឱ្យ​អ្នក​អស់កម្លាំង​។​
 
៤. ទទួលទាន​ទឹក​មួយ​កែវ ឬ​បន្ថែម​ក្រូចឆ្មារ​មួយ​ចំណិត​ចូល​កាន់តែ​ប្រសើរ​
 
​ការទទួល​ទាន​ទឹក​នៅពេល​ព្រឹក គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​កាន់តែ​ប្រសើរ​។ ទម្លាប់​នេះ​មិន​ពិបាក​ឡើយ​! ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​មួយ​កែវ​រាល់ពេល​ក្រោក​ពី​គេង​នៅពេល​ព្រឹក​។ អ្នក​ក៏​អាច​សាកល្បង​បន្ថែម​ក្រូចឆ្មារ​មួយ​ចំណិត​ចូល​ដើម្បី​ទទួលបាន​ភេសជ្ជៈ​មួយ​កែវ​ដែល​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ សម្រួល​ការរំលាយ​អាហារ​និង​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ ក្រូចឆ្មារ​ក៏មាន​ផ្ទុក​វីតាមីន C ដែល​ល្អ​សម្រាប់​ស្បែក​និង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៥. បើក​តន្ត្រី​ស្តាប់​
 
​ពិតណាស់​តន្ត្រី​មាន​ឥ​ទិ្ធ​ពល​យ៉ាងខ្លាំង​លើ​អារម្មណ៍​! ធ្លាប់​ដឹង​ទេ​ថា​ការ​ស្តាប់​តន្ត្រី​អាចជួយ​ឱ្យ​អារម្មណ៍​ធូរស្បើយ​កាត់បន្ថយ​ភាព​តានតឹង ឬ​បញ្ហា​ថប់​បារម្ភ​? ចូរ​ចាប់ផ្ដើម​ពេលព្រឹក​ដ៏​ល្អ​បំផុត​មួយ​ដោយ​ការ​ស្តាប់​តន្ត្រី​បែប​សប្បាយៗ កន្ត្រាក់​អារម្មណ៍​។​
 
៦. រៀបចំ​សម្លៀកបំពាក់​ទុក​មុន​មួយថ្ងៃ​

​ការរៀបចំ​សម្លៀកបំពាក់​សម្រាប់​ពេលព្រឹក​ឱ្យ​ហើយ​តាំងពី​យប់ គឺជា​អ្វីដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ចំណេញ​ពេលវេលា​។ ការរៀបចំ​ឱ្យ​រួច​មុនពេល​បែបនេះ​ក៏​ជួយ​កាត់បន្ថយ​ស្ត្រេ​ស ហើយ​អ្នក​ក៏​នឹង​សល់​ពេល​ច្រើន​ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក​និង​ទម្លាប់​ពេលព្រឹក​ដទៃទៀត​ផងដែរ​។ ប្រសិនបើ​អ្នកដឹង​រួចហើយ​ថា​នឹងត្រូវ​ស្លៀក​អ្វី អ្នក​មិនបាច់​ត្រូវ​ខ្វល់ចិត្ត ឬ​ធុញ​នឹង​រើស​សម្លៀកបំពាក់​នៅពេល​ព្រឹក​ទៀតឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com