COVID-19
ជាតិ
COVID-19៖ រដ្ឋាភិបាល ត្រៀម​ថវិកា​៨០០លាន ទៅ​២​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច រយៈពេល១ឆ្នាំ
10, Mar 2020 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ សម្ដេច ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល បាន​ត្រៀម​ថវិកា​៨០០​លាន​ដុល្លារ ទៅ​២​ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ បើសិនជា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) អូសបន្លាយ​ពេល​យូរ​ទៀត​។ ថវិកា​នេះ អាច​ដោះស្រាយ​សេដ្ឋកិច្ច​ពីរយៈពេល​៦​ខែទៅ១ឆ្នាំ​។​


 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ថវិកា​ទាំងនេះ គឺ​រដ្ឋាភិបាល​បានមកពី​ការកាត់បន្ថយ​ការចំណាយ​៥០​ភាគរយ ពី​ក្រសួង និង​ស្ថាប័នរដ្ឋ លើកលែងតែ​ក្រសួង​៣ ដែល​កាត់​តែ​២៥​ភាគរយ​។ សម្ដេច ហ៊ុន សែន បាន​អះអាងថា ការកាត់បន្ថយ​ការចំណាយ​តាម​ក្រសួង​នេះ វា​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​អង្គភាព​ទាំង​នោះទេ ។​

សូមស្ដាប់សំឡេង៖

 
​ក្រៅពី​ថវិកា​ត្រៀម​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នេះ រដ្ឋាភិបាល ក៏បាន​ត្រៀម​ថវិកា​៣០​លាន​ដុល្លារ សម្រាប់​ក្រសួងសុខាភិបាល ដែលជា​ថវិកា​បន្ថែម​លើ​គម្រោង​ចំណាយ​ប្រចាំឆ្នាំ​របស់​ក្រសួង​ផងដែរ​។ បើតាម​សម្ដេច ហ៊ុន សែន រដ្ឋាភិបាល​ក៏បាន​ត្រៀម​ការលើកលែង​ពន្ធ​ដល់​រោងចក្រ​ទាំង​ណា ដែល​រង​ផលប៉ះពាល់ មកពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​២០​ភាគរយ​ពី​គណៈកម្មការ​អឺរ៉ុប​។ 
 
​កាលពី​ថ្ងៃទី​៩ មីនា ចិន បញ្ជូន​នាវា​ដឹក​វត្ថុធាតុដើម ៦០​កុងតឺន័រ ចូល​មកដល់​កម្ពុជា តាមរយៈ​ការសម្របសម្រួល​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ចិន ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ការបញ្ជូន​វត្ថុធាតុដើម​មក​កម្ពុជា គឺជា​ការជួយ​ទ្រទ្រង់​ដល់​ម្ចាស់​រោងចក្រ និង​សម្រួល​ដល់​ជីវភាព​របស់​កម្មករ​ផង​ចក្រ​នៅ​កម្ពុជា​។ 
 
​កម្មករ​រោងចក្រ ទទួលបាន​បៀវត្ស​៦០​ភាគរយ ក្នុងអំឡុងពេល​ព្យួរការងារ​។ ក្នុងនោះ​ថវិកា​៤០​ភាគរយ គឺជា​ការចំណាយ​របស់​ម្ចាស់​រោងចក្រ និង​២០​ភាគរយ ពី​រដ្ឋាភិបាល​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ហាម​ថៅកែ​មិនឱ្យ​លុបចោល​កិច្ចសន្យាការងារ​ជាមួយ​កម្មករ នា​អំឡុងពេល​បិទទ្វារ​បណ្ដោះអាសន្ន​នោះទេ​៕  

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com