ភ្នំពេញ៖ នៅឆ្នាំ២០១៩ ខេត្តសៀមរាប បានថមថយភ្ញៀវទេសចរម្តងរួចមកហើយ ដែលបានធ្វើឲ្យអ្នករកស៊ី មគ្គុទេសគ៍ទេសចរ ភោជនីយដ្ឋាន ផ្ទះសំណាក់ អ្នករត់តាក់ស៊ី ម៉ូតូកង់បីខ្លះ ត្រូវខាតបង់ និងគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ទន្ទឹមនឹងជំងឺកូវីដ-១៩ ដែលបានរាលដាលដល់ខេត្តសៀមរាបលើបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំម្នាក់ កាលពីថ្ងៃទី៧ ខែមីនា គឺរឹតតែឲ្យខេត្តនេះ ធ្លាក់ចុះភ្ញៀវទេសចរជាងមុនទៅទៀត។
ដើមឡើយ ដើម្បីស្រោចស្រង់ភ្ញៀវទេសចរទៅទស្សនា និងកម្សាន្តលេងនៅខេត្តសៀមរាបឲ្យកាន់តែច្រើនឡើងវិញ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តការណ៍សៀមរាបសង្ក្រានតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ ប៉ុន្តែក្រោយពីមានករណីអ្នកផ្ទុកកូវីដ-១៩ លើបុរសខ្មែរម្នាក់នៅសៀមរាបមក ព្រឹត្តិការណ៍សៀមរាបសង្ក្រាននេះ ត្រូវបានលុបចោលវិញ ហើយរដ្ឋាភិបាល ព្រមទាំងបិទសាលារដ្ឋ និងឯកជន ចាប់ពីថ្នាក់មតេយ្យ ដល់ថា្នក់ឧត្តមសិក្សាសរុប១១០សាលាក្នុងទីរួមខេត្ត ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ក្រោយមួយថ្ងៃនៃការប្រកាសថាមានជំងឺកូវីដ-១៩ ឆ្លងដល់បុរសជនជាតិខ្មែរ លោក ទៀ សីហា បានបើកការប្រជុំមួយដើម្បីណែនាំឲ្យពលរដ្ឋកុំឲ្យមានភាពភ័យខ្លាច ដោយរួមគ្នាប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច។ កិច្ចប្រជុំនេះ ក៏មានគោលបំណងរកដំណោះស្រាយដល់បណ្តាក្រុមហ៊ុន សហគ្រាស និង និយោជិត ដែលប្រឈមនឹងខាតបង់ និងបាត់បង់ការងារផងដែរ។
បន្ទាប់ពីកិច្ចប្រជុំចប់ លោក ទៀ សីហា បានផ្តល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថា ដ្បិតលុបចោលនូវព្រឹត្តិការណ៍សង្ក្រានពិតមែន តែលោកក៏គ្រោងរៀបចំព្រឹត្តការណ៍ផ្សេងៗ ដូចជា បន្តបើកយុទ្ធនាការសៀមរាបផ្ទះខ្ញុំ ដោយសហការជាមួយនឹងអាជ្ញាធរ យុវជន មន្ត្រី និង សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំសម្អាតសាលារៀន ទីប្រជុំជនមួយចំនួន និងផ្ទះសម្បែងរបស់ពលរដ្ឋ។ ជាពិសេសត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្តារ និង សម្អាតស្ទឹងសៀមរាប និងជំរុញឲ្យមានអត្តសញ្ញាណម្ហូបអាហារក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ម្យ៉ាងទៀត នឹងរកដំណោះស្រាយជូនអាជីវករ ម្ចាស់សហគ្រាសផ្សេងៗផងដែរ។
លោក ទៀ សីហា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី៩ ខែមីនា ដូច្នេះថា៖«យើងបានជួបជាមួយនឹងប្រតិករ ម្ចាស់សហគ្រាសមួយចំនួនរួចមកហើយ។ យើងបានស្វែងយល់ពីផលលំបាករបស់ពួកគាត់ ជាពិសេសចំណូលពីវិស័យទេសចរណ៍ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។ ឥឡូវនេះយើងកំពុងតែធ្វើយ៉ាងណាឲ្យគាត់មានចំណូលខ្លះ និងសហការឲ្យរដ្ឋបាលខេត្ត វិស័យឯកជន និងម្ចាស់ធនាគារ ដើម្បីពន្យារការបង់ពន្ធសម្រាប់ពួកគេ។ ខ្ញុំគិតថាក្នុងពេលឆាប់ៗនេះ យើងនឹងមានដំណោះស្រាយជូនគាត់»។
អភិបាលខេត្ត យល់ថា នៅតែមានពលរដ្ឋខ្លះ ប្រឈមនឹងការខ្វះខាតថវិកាសម្រាប់បង់ថ្លៃទឹក និងបង់ថ្លៃភ្លើង។ លោក បានបញ្ជាក់ដូច្នេះថា៖«យើងកំពុងតែសិក្សា ព្រោះប្រព័ន្ធទាំងអស់នេះ ត្រូវការយន្តការច្បាស់លាស់ ព្រោះអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ឥឡូវនេះយើងកំពុងតែសិក្សាជាមួយអ្នកជំនាញ ទាំងថ្នាក់ជាតិហើយ»។
បើតាមលោក ទៀ សីហា សម្រាប់អ្នកដែលលក់ដូរសម្ភារ ចំណីអាហារ អ្នករត់កង់បី និងម្ចាស់សណ្ឋាគារនានា នៅខេត្តសៀមរាប ពុំមែនសុទ្ធតែប្រឈមនឹងបាត់បង់ចំណូលទាំងអស់នោះទេ តែក៏មានអ្នកដែលអាចរកចំណួលបានពីភ្ញៀវទេសចរដែលមកពីប្រទេសអ៊ឺរ៉ុប និងអាមេរិកខ្លះផងដែរ។ លោក ថ្លែងដូច្នេះថា៖«មិនមែនបាត់សូន្យតែម្តងទេ គឺមានភ្ញៀវខ្លះ គ្រាន់តែតិចជាងមុន។ ខ្ញុំសង្ឈឹមថាក្នុងពេលឆាប់ៗនេះ ទាំងពលរដ្ឋ និងអ្នកផ្សព្វផ្សាយ ត្រូវតែចេះជួយគ្នាផ្សព្វផ្សាយនូវអ្វីដែលពិតក្នុងខេត្តសៀមរាប»។
ជាមួយគ្នានេះដែរ អភិបាលខេត្តរូបនេះ ក៏បន្តកិច្ចសហការជាមួយនឹងក្រសួងសុខាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ លោក និយាយថា៖«ខ្ញុំគិតថាចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាសម្អាត។ ខ្ញុំសង្ឈឹមថា នៅរយៈពេលដ៏ខ្លី និងមានភ្ញៀវជាតិ អន្តរជាតិ នឹងត្រឡប់មកខេត្តសៀមរាបរបស់យើងវិញ»៕