វិទ្យាស្ថានចក្ខុវិស័យអាស៊ី ហៅកាត់ថា «AVI» កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាស្ថាប័នស្រាវជ្រាវគោលនយោបាយសម្រាប់ជំនួបកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងរៀបចំឡើងនាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខដោយកម្ពុជាជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក សំអាត ច័ន្ទ សុម៉ានិត ដែលជាអ្នកស្រាវជ្រាវម្នាក់នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។
ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ អំឡុងពិធីសាទរទិវា «ASEM DAY» នាព្រឹកថ្ងៃ១០ ខែមីនា នៅទីធ្លាមុខវត្តបុទុមវត្តី អ្នកស្រាវជ្រាវវ័យក្មេងប្រចាំវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក ម៉ានិត គូសបញ្ជាក់ថា៖«វិទ្យាស្ថាន AVI ដើរតួនាទីយ៉ាងសំខាន់ ជាពិសេស ក្នុងនាមជាស្ថាប័នផ្ដល់យោបល់ផ្នែកគោលនយោបាយដល់ថ្នាក់ដឹកនាំកំពូលក្នុងក្រសួងការបរទេស»។
ត្រង់ចំណុចនេះ លោក ម៉ានិត ដែលបច្ចុប្បន្នក៏ជានិសិ្សតឆ្នាំទី៤នៃដេប៉ាតេម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អះអាងថា សមិទ្ធផលសំខាន់របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) គឺការបោះពុម្ពផ្សាយនូវ សៀវភៅមួយក្បាល ក្រោមចំណងជើងថា
«Cambodia’s ASEM Chairmanship 2020 Small Country with Big Task» ដែលប្រែជាភាសាខ្មែរថា «ភាពជាម្ចាស់ផ្ទះ ASEM របស់កម្ពុជា៖ ប្រទេសតូចជាមួយកិច្ចការធំ»។
បន្ថែមពីសៀវភៅកម្រាស់ជាង១០០ទំព័រមួយក្បាលនេះ វិទ្យាស្ថាន AVI ក៏បានបញ្ចូលធាតុផ្សំជាច្រើនដោយការផ្ដល់អនុសាសន៍ប្រធានបទក្តៅៗដែលកំពុងកើតឡើងជុំវិញពិភពលោកសម្រាប់របៀបវារៈរបស់ ASEM ។ លោក ម៉ានិត គូសបញ្ជាក់បែបនេះ ដោយបន្ថែមទៀតថា វិទ្យាស្ថានស្រាវជ្រាវលោកនេះ ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរពាក់ព័ន្ធ ដូចជា ក្រសួងការបរទេស, ព្រឹទ្ធសភា និងរដ្ឋសភា ជាដើម ដើម្បីសម្របសម្រួលកិច្ចប្រជុំកំពូលដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ និងព្រឹត្តិការណ៍អមផ្សេងៗចំនួន ៨ ទៀត។
សៀវភៅដែល AVI បោះពុម្ភផ្សាយ
ទាក់ទិននឹងផលចំណេញដែលកម្ពុជានឹងទទួលបានពីការរៀបចំជំនួបកំំពូលអាស៊ី-អឺរ៉ុបលើកទី១៣ អ្នកស្រាវជ្រាវ័យក្មេងរូបនេះ យល់ឃើញថា កម្ពុជា នឹងទទួលបានមុខមាត់ និងកិត្យានុភាពយ៉ាងធំធេងលើតំបន់និងឆាកអន្តរជាតិ។
លោក ម៉ានិត ពន្យល់ដូច្នេះថា៖«សម្រាប់ឆ្នាំ២០២០នេះ កម្ពុជា ដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយប្រព័ន្ធពហុភាគីនិយម។ ស្របពេលដែលប្រព័ន្ធមួយនេះ កំពុងរងការគាបសង្កត់ និងគំរាមកំហែងពីការងើបឡើងនៃគំនិតគាំពារនិយម និងឯកតោភាគីនិយម ដូច្នេះហើយ ទោះបីជាកម្ពុជា គឺជាប្រទេសតូចពិតមែន ប៉ុន្តែកម្ពុជាអាចតួនាទីជួយឲ្យពហុភាគីនិយមរស់ឡើងវិញ»។
បន្ថែមពីមុខមាត់ធំធេងលើឆាកតំបន់ និងអន្តរជាតិ បើតាមការយល់ឃើញរបស់លោក ម៉ានិត កម្ពុជា ក៏នឹងទទួលផលចំណេញជាច្រើនផ្សេងទៀត ដូចជា វិស័យទេសចរណ៍ និងការទទួលស្គាល់ពីអន្តរជាតិ ជាដើម។ សម្រាប់វិស័យទេសចរណ៍ ជំនួបកំពូលនេះ អាចជួយផ្សព្វផ្សាយប្រទេសកម្ពុជា ដែលមានវប្បធម៌ដ៏សម្បូរបែបឲ្យពិភពលោកស្គាល់កាន់តែច្រើនជាងមុន។
ម្យ៉ាងវិញទៀត លោក សង្កត់ធ្ងន់ថា ដោយហេតុថា កម្ពុជាឆ្នាំនេះគឺជាម្ចាស់ផ្ទះ ASEM ដែលមានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងសភាអឺរ៉ុបផងនោះ វាឆ្លុះបង្ហាញថា កម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំជំនួបកំពូលដ៏ធំសម្បើមមួយនេះ។
សូមបញ្ជាក់ថា AVI ដែលមានឈ្មោះជាភាសាអង់គ្លេសពេញថា Asian Vision Institute ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ២០១៩ ដោយមានគោលដៅចម្បងជំរុញ និងកសាងសង្គមដែលប្រកបដោយចីរភាព សន្តិភាព បរិយាប័ន្ន និងយកលំនាំតាមក្នុងតំបន់អាស៊ី។
សម្រាប់ជំនួបកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ វាមានមូលបទថា «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»។ បើតាមការរំពឹងទុករបស់រដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ នឹងជំរុញបំណង ប្រាថ្នា និងអត្ថប្រយោជន៍រួមរបស់ដៃគូ ASEM ទាំងអស់បន្ថែមទៀតឲ្យបន្តផ្តោតលើការកសាង ភាពជាដៃគូអាស៊ី-អឺរ៉ុបដ៏រឹងមាំ រស់រវើក និងគ្រប់ជ្រុងជ្រោយ។
ក្រៅពីជំនួបកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំតែម្តង។ ព្រឹត្តិការណ៍ទាំងអស់នោះរួមមាន ៨ធំៗ នោះគឺ ១)កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ២)វេទិកាធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ៣)កិច្ចប្រជុំ កំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ៤)កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប ៥)វេទិកាការងារអាស៊ី-អឺរ៉ុប ៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង ៧)មហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប និង ៨) វេទិកាស្តីពីស្ត្រីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕