ជាតិ
ថ្ងៃទី១០-១៦មីនា ខេត្តនៅតំបន់វាលទំនាបមានសីតុណ្ហភាពពី៣៧-៣៩អង្សា ក្តៅជាងតំបន់ផ្សេង
× ភ្នំពេញ៖ មូលហេតុដែលធ្វើឲ្យធាតុអាកាសក្តៅនៅពេលថ្ងៃនេះ គឺដោយសារកម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់កំពុងគ្របដណ្ដប់លើកម្ពុជា។ នេះបើយោងតាមសេចក្តីដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ ពីថ្ងៃទី១០-១៦មីនា។
ប្រភពដដែលបញ្ជាក់ថា បណ្តាខេត្តនៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា ពី២៦-២៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៧-៣៩អង្សាសេ។ ហើយផ្នែកខ្លះនៃតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម។
ដោយឡែកនៅថ្ងៃទី១៤-១៦ មីនា ផ្នែកមួយចំនួន នៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងសៀមរាប នឹងអាចមានភ្លៀងធ្លាក់ ពីតិច ទៅមធ្យម។ ចំណែកពីថ្ងៃទី១០-១៦ មីនា បណ្តាខេត្តនៅខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២៦-២៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៤-៣៦អង្សាសេ។ រីឯខេត្តជាប់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី២៦-២៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៥-៣៧អង្សាសេ ហើយពីថ្ងៃទី១១-១៦មីនា នឹងអាចមានភ្លៀងធ្លាក់កម្រិតខ្សោយ។
ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងថែរក្សាសុខភាព ខណៈដែលធាតុអាកាសក្ដៅនៅពេលថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com