ភ្នំពេញ៖ ទោះបីជារដ្ឋាភិបាល តម្រូវឱ្យគ្រប់ក្រសួង និងស្ថាប័នរដ្ឋ កាត់បន្ថយចំណាយ៥០ភាគរយក្តី ប៉ុន្តែវាមិនប៉ះពាល់ដល់ប្រាក់បៀវត្សរបស់មន្ត្រីរាជការឡើយ។ សម្ដេច ហ៊ុន សែន អះអាងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់បៀវត្សមន្ត្រីរាជការ ដែលត្រូវដំឡើងនៅខែមេសាខាងមុខ គឺត្រូវអនុវត្តតាមគោលនយោបាយជាធម្មតា។ «(កាត់បន្ថយការចំណាយ) អាហ្នឹងគឺជាផែនការសន្សំសំចៃ ប៉ុន្តែចំណាយបន្ទុកបុគ្គលិកមិនថយទេ គឺ កើន។ ថ្ងៃទី១ ខែមេសា ជិតមកដល់នេះ ជាថ្ងៃចាប់ផ្ដើមនៃការឡើងបៀវត្សជាថ្មីម្ដងទៀត»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលឆ្លើយតបនឹងអ្នកផ្សាយព័ត៌មានមិនពិត ជុំវិញការកាត់បន្ថយការចំណាយតាមក្រសួង។
ក្នុងមួយឆ្នាំរដ្ឋាភិបាលសម្រេចដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការពីរដង គឺប្រាក់បៀវត្សមូលដ្ឋាន នៅដើមខែមករា និងប្រាកបៀវត្សបំណាច់មុខងារ នៅខែមេសា បូករួមនឹងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត សម្រាប់ប្រើប្រាស់នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរទៀតផង។ នេះបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា។
ប្រាក់បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ដែលត្រូវបានដំឡើងនៅខែមករា ឆ្នាំ២០២០ ដូចខាងក្រោម៖ មន្ត្រីរាជការស៊ីវិលទទួលបាន ១,១៤២,៥០០រៀល ,គ្រូបង្រៀន និងគ្រូពេទ្យ ១,២៤២,៥០០រៀល ,នគរបាលជាតិ (ពលបាលត្រី) ប្រមាណ១,២២៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) និងយោធិន (ពលទោ) ប្រមាណ១,០៩៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ)។
ដោយឡែកប្រាក់ដំណាច់មុខងារ ដែលត្រូវដំឡើងនៅខែមេសា ឆ្នាំ២០២០វិញ គឺមន្ត្រីរាជការស៊ីវិល ឡើងដល់១,១៧២,៥០០រៀល, គ្រូបង្រៀន និងគ្រូពេទ្យ ទទួលបាន ១,២៧២,៥០០រៀល, នគរបាលជាតិ (ពលបាលត្រី)ចំនួន ១,២៥៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) និងយោធិន (ពលទោ) ឡើងដល់១,១២៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ។
ពីពិធីចែកសញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល បានត្រៀមថវិកា៨០០លានដុល្លារ ទៅ២ពាន់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ បើសិនជាវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) អូសបន្លាយពេលយូរទៀត។ ថវិកានេះ អាចដោះស្រាយសេដ្ឋកិច្ចពីរយៈពេល៦ខែទៅ១ឆ្នាំ។នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ថវិកាទាំងនេះ គឺរដ្ឋាភិបាលបានមកពីការកាត់បន្ថយការចំណាយ៥០ភាគរយ ពីក្រសួង និងស្ថាប័នរដ្ឋ លើកលែងតែក្រសួង៣ ដែលកាត់តែ២៥ភាគរយប៉ុណ្ណោះ។ ក្រសួងទាំង៣នោះ រួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ។ សម្ដេច ហ៊ុន សែន បានអះអាងថា ការកាត់បន្ថយការចំណាយតាមក្រសួងនេះ វាមិនមានផលប៉ះពាល់ដល់ចរន្តការងាររបស់អង្គភាពទាំងមូលនោះទេ ៕