ជាតិ
ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​ផ្លូវច្បាប់ បើ​រកឃើញ​អាជីវក​រណា ដំឡើងថ្លៃ​ទំនិញ​ហួសហេតុ​
11, Mar 2020 , 7:59 am        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (រូបពីក្រសួងពាណិជ្ជកម្ម)
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (រូបពីក្រសួងពាណិជ្ជកម្ម)
​ភ្នំពេញ​៖ ក្រោយ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ (COVID-19) លើ​បុរស​ខ្មែរ​ម្នាក់ នៅ​ខេត្តសៀមរាប ប្រជាជន​ខ្មែរ​មួយចំនួន នាំគ្នា​ទិញ​ទំនិញ យកទៅ​ស្កុ​ក​ទុក ដែល​ធ្វើ​ឲ្យ​អាជីវករ​ខ្លះ ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ ដោយ​រួមទាំង​ម៉ាស់ និង​ទឹក​សម្អាត​ដៃ​ផងដែរ​។ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីអំពាវនាវ​ឲ្យ​អាជីវករ និង​ម្ចាស់​ហាង​លក់ទំនិញ​ទាំងអស់ ឲ្យ​លក់ទំនិញ​ទៅតាម​តម្លៃ​ធម្មតា​។​


 
​តាមរយៈ​សេចក្ដីអំពាវនាវ ក្រសួងពាណិជ្ជកម្ម បាន​សរសើរ ក៏ដូចជា​លើកទឹកចិត្ត​ដល់​អាជីវករ ម្ចាស់​ហាង​ទំនិញ ដែល​មិន​ដំឡើងថ្លៃ​ទំនិញ​។ ទន្ទឹមនេះ ក្រសួង អះអាងថា បរិមាណ​អង្ករ និង​ស្រូវ អាច​ធានា​ដល់​ការប្រើប្រាស់​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង​។ ក្រសួង បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ រក្សា​ភាពនឹងន និង​មិនត្រូវ​ជ្រួលច្របល់​ឡើយ ហើយ​ម្ចាស់​ទំនិញ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គី កុំ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ​។​
 
​សេចក្តីអំពាវនាវ ដែល​ចេញ​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ បានសរសេរថា ក្រសួងពាណិជ្ជកម្ម កំពុង​សហការ​ជាមួយ​បណ្ដា​ស្ថាប័ន​នានា ក្នុងការ​ចាត់វិធានកា​រ ដើម្បី​សម្របសម្រួល​លើ​ការផ្គត់ផ្គង់​គ្រឿងឧបភោគ​និង​បរិភោគ​ចាំបាច់ ក្នុងការ​បម្រើ​ជីវភាព​ប្រជាជន​ផងដែរ​។ សេចក្តីអំពាវនាវ​នោះ បាន​បញ្ជាក់ថា​៖«​ក្រសួងពាណិជ្ជកម្ម នឹង​ចាត់​មន្ត្រី​ជំនាញ ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ទំនិញ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​ផ្លូវច្បាប់ ក្នុងករណី​រកឃើញ​ជ​ន​ខិលខូច ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេងចំណេញ​ជ្រុល​ហួសហេតុ​»​។ 
 
​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា កន្លងមក មន្ត្រី​ជំនាញ ធ្លាប់បាន​ចុះ​ណែនាំ​លើ​ការដំឡើង​ថ្លៃទំនិញ ពិសេស​ខេត្តសៀមរាប​។ លោក លើកឡើងថា បើ​ពលរដ្ឋ​បាន​ជួប​បញ្ហា​ដំឡើងថ្លៃ​ទំនិញ អាចទាក់ទង​ទៅខាង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ណែនាំ ក៏ដូចជា​ចាត់វិធានការ​ទៅតាម​ច្បាប់​ផងដែរ​៕
 

Tag:
 ក្រសួងពាណិជ្ជកម្ម​ ​
© រក្សាសិទ្ធិដោយ thmeythmey.com