ការប្តូរទម្លាប់ពីការដាំស្រូវ ទៅដាំបន្លែចម្រុះវិញ ក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែង ប្រជាកសិករ នឹងទទួលផលចំណេញ៣ទៅ៤ដង បើធៀបនឹងការដាំស្រូវ។ នេះជាលើកឡើងរបស់លោក ថាច់ រតនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅក្នុងពិធីប្រកួត«បន្លែសុវត្ថិភាពក្នុងស្រុក» កាលពីថ្ងៃទី៦មីនា កន្លងមក។ លោក ថាច់ រតនា បន្តបញ្ជាក់ថា ការដាំបន្លែមិនត្រឹមតែឆាប់ទទួលបានចំណូលនោះទេ តែវាជាវិធានការល្អមួយ សម្រាប់កសិករក្នុងការបង្កើនសមត្ថភាពបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុផងដែរ។
ការដាំបន្លែចម្រុះ ឬដាំដំណាំរួមផ្សំនេះ គឺជាការឆ្លើយតបដ៏ប្រសើរមួយទៅនឹងប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។ កសិករប្រើប្រាស់ទឹកតិច ជីតិច និងធាតុផ្សំនានាក្នុងដំណាំតិច ប៉ុន្តែទទួលបានផលខ្ពស់ បង្កើនចំណូល និងប្រាក់ចំណេញច្រើនផងដែរ។ នេះជាការបញ្ជាក់របស់លោកថាច់ រតនា នាពិធីប្រកួត«បន្លែសុវត្ថិភាពក្នុងស្រុក» កាលពីថ្ងៃទី៦មីនា កន្លងទៅ។ លោកបានបន្តថា៖«ក្នុងបរិបទដែលប្រទេសយើង មានអាកាសធាតុក្តៅបែបនេះ ការដាំដំណាំរួមផ្សំនានា ដែលប្រើប្រាស់ទឹកតិចក្នុងការស្រោចស្រព គឺជាជម្រើសប្រសើរបំផុត ដែលធ្វើឱ្យកសិករយើងទទួលបានប្រាក់ចំណូលខ្ពស់ ជាងការធ្វើស្រែពី៣ទៅ៤ដង ក្នុងរយៈពេលខ្លី»។
អនុប្រធានមន្ទីរកសិកម្មរូបនេះ បានបញ្ជាក់ថា បន្លែ ឬដំណាំរួមផ្សំ កសិករគ្រាន់តែចំណាយពេល១ ទៅ៣ខែប៉ុណ្ណោះ អាចទទួលផល ហើយពុំចាំបាច់ត្រូវការទឹកច្រើនដូចជាដំណាំស្រូវដែលត្រូវការទឹកគ្រប់គ្រាន់ ដើម្បីផ្តល់ទិន្នផលល្អឡើយ។ នេះជាការបន្ថែមរបស់ លោក ថាច់ រតនា ដែលបានបញ្ជាក់ថា នៅរដូវប្រាំង ដាំស្រូវ មួយហិកតា ត្រូវការទឹកស្រាចស្រព១,២ម៉ឺនម៉ែត្រគូបឯណោះ។
លោក ថាច់ រតនា អនុប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង ប្រាប់សារព័ត៌មានThmeyThmey25 នៅក្នុងពិធីប្រកួត«បន្លែសុវត្ថិភាពក្នុងស្រុក» កាលពីថ្ងៃទី៦មីនា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងការដាំបន្លែក្នុងរដូវប្រាំង ដែលមានអាកាសក្តៅហើយថែមទាំងខ្វះប្រភពទឹកស្រាចស្រពទៀតនោះ លោក សុខ សុធា អ្នកជំនាញកសិកម្មនៃអង្គការGRET បានលើកឡើងថា ប្រជាកសិករ គួរតែដាំបន្លែប្រភេទណាដែលហុចផលក្នុងរយៈពេលខ្លី ត្រឹម៣០ថ្ងៃ ឬ៤៥ថ្ងៃ។ លោកបានបញ្ជាក់ថា បន្លែលូតលាស់ក្នុងរយៈពេលខ្លី មានប្រភេទបន្លែស្លឹក ដូចជា សាឡាត ស្ពៃចង្កឹះ និងស្ពៃក្រញ៉ាញ់ជាដើម។
បើតាម លោក លោក សុខ សុធា ការដាំដុះបន្លែនៅខែក្តៅ ក៏ទាមទារឱ្យកសិករចេះប្រើប្រាស់បច្ចេកទេសដាំដុះ ដែលត្រូវប្រើប្រាស់ទឹកស្រោចតិច តែទទួលបានផលច្រើនពីបន្លែទាំងនោះផងដែរ។ លោក សុខ សុធា ពន្យល់ពីបច្ចេកទេសដាំបន្លែនារដូវក្តៅយ៉ាងដូច្នេះ៖« ពេលដាំបន្លែ កសិករត្រូវមានស្បៃសម្រាប់គ្របលើបន្លែ ដើម្បីកាត់បន្ថយកម្តៅ។ ប្រើគម្របដីនៅលើបន្លែដែលមានចំបើង ឬកំប្លោក មិនត្រឹមតែជួយកាត់បន្ថយកម្តៅទេ គឺថែមជួយរក្សាទឹកក្នុងដីដែលកសិករស្រោចនៅលើបន្លែ កុំឱ្យឆាប់ហួត។ បើនៅតំបន់គ្មានប្រភពទឹកគ្រប់គ្រាន់ ស្របនឹងអាកាសធាតុក្តៅខ្លាំង កសិករអាចរៀបប្រព័ន្ធដំណក់ទឹក សម្រាប់ស្រោចស្រពបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកខ្ជះខ្ជាយ»។
លោក សុខ សុធា អ្នកជំនាញកសិកម្មនៃអង្គការGRET។
អ្នកជំនាញកសិកម្មនៃអង្គការGRE ដដែលអះអាងថា ការប្រើប្រាស់នូវបច្ចេកទេសខាងលើ គឺអាចឱ្យកសិករផលិតបន្លែ និងដំណាំផ្សេងៗបានពេញមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។
តាមការព្យាករ អាកាសធាតុកម្ពុជានារដូវប្រាំងឆ្នាំនេះ ចាប់ពីចុងខែមីនា ដល់ខែមេសា នឹងមានសីតុណ្ហភាពរហូតដល់៤២អង្សាសេ។ ការកើនឡើងនូវកម្តៅបែបនេះ ធ្វើឱ្យខេត្តនៅតាមតំបន់ពាយ័ព្យ និងតំបន់ខ្ពង់រាបខាងជើង ខ្វះប្រភពទឹកប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងការចិញ្ចឹមសត្វនានា។ នេះបើតាម លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទកាលពីចុងសប្តាហ៍កន្លងទៅ។ បើតាមលោក កែវ វី ខេត្តដែលប្រឈមការខ្វះទឹកប្រើប្រាស់ខ្លាំង ក្នុងរដូវប្រាំងនេះមានខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់កសិករទាំងអស់ កុំធ្វើស្រូវបង្កើនរដូវក្នុងខែមេសា ហើយត្រូវរក្សាទឹកដែលមាននៅក្នុងអាងស្តុកទឹក តាមទន្លេ បឹង ស្រះ...សម្រាប់ដាំដំណាំ និងបន្លែរួមផ្សំនានា៕
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១៩។