COVID-19
ជាតិ
សង្គមជាតិ
យុវជន​បង្ហោះ​វីដេអូ​អរគុណ​វៀតណាម​ដែលថា​កម្ពុ​ជាមាន​កូ​វីដ​-១៩ ត្រូវ​ចាប់ខ្លួន​
10, Mar 2020 , 5:51 pm        
រូបភាព
លោក កូយ សំអាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
លោក កូយ សំអាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
​ភ្នំពេញ​៖ យុវជន​ម្នាក់​ឈ្មោះ កូយ សំអាត ដែល​ប្រើប្រាស់​គណនី​ង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tep Visal ត្រូវបាន​ឃាត់ខ្លួន ក្រោយ​បង្ហោះ​វីដេអូ​ឃ្លី​ប និយាយ​អរគុណ​វៀតណាម ដែល​ផ្សាយ​ព័ត៌មាន​ពី​ករណី​ឆ្លង​កូ​វីដ​-១៩ (COVID-19 ) នៅ​កម្ពុជា​។ យុវជន​រូបនេះ រង​ពីបទ​ទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ​។


 
​លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា​ថា បុរស​ម្នាក់​នោះ ត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃនេះ​។ 
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា ការបញ្ចេញមតិ បង្ក​ឲ្យ​មាន​ភាពចលាចល​ឬ​វឹកវរ​ដល់​សង្គម គឺជា​បទល្មើស មិនមែនជា​សេរីភាព​បញ្ចេញមតិ​នោះទេ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក ជិន ម៉ា​លីន បកស្រាយ​ថា​៖«​ប្រសិនបើ​ព្រះរាជអាជ្ញា​មើលឃើញថា មិនមាន​បទល្មើស​កើតឡើង​ទេ ឬ​វា​គ្រាន់តែ​ជា​សិទ្ធិសេរីភាព​បញ្ចេញ គេ​នឹង​ទម្លាក់​បទ​ចោទ​ហ្នឹង​»​។​
 
​លោក បន្តថា​៖«​សម្រាប់​ខ្ញុំ ការប្រព្រឹត្ត​បទល្មើស​វា​សុខ​ពីបទ​សេរីភាព​បញ្ចេញមតិ​។ បើសិន​បើ​យើង​សម្ដែង​មតិ​លើ​បណ្ដាញ​សង្គម ក្នុង​ចេតនា​មួយ ធ្វើ​ឲ្យ​មានការ​ភិតភ័យ ឬ​បំភិតបំភ័យ​ខុសពី​ការពិត បង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម គឺជា​បទល្មើស មិន​សេរីភាព​សម្រាប់​បញ្ចេញមតិ​ទេ​។ ប៉ុន្តែ​សួរថា អ្នកណា​ជា​អ្នកកំណត់ មិន​អ្នកសារព័ត៌មាន មិនមែន​ខ្ញុំ ឬ​សាធារណជន​ទេ គឺ​ព្រះរាជអាជ្ញា ជា​អ្នក​កំណត់ថា តើ​អ្វីដែល​គាត់​និយាយ​ជា​បទល្មើស​ឬ​អត់ យើង​ចាំមើល​ព្រះរាជអាជ្ញា​សម្រេច​ទៅ​ដឹង​ហើយ​»​។ 
 
​វីដេអូ​ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tep Visal កាលពី​ថ្ងៃទី​៦ មីនា​នេះ យុវជន​នោះ បាន​និយាយថា​៖«​បាទ​ជម្រាបសួរ​បងប្អូន​ទាំងអស់គ្នា​! យើងទាំងអស់គ្នា​គួរតែ​អរគុណ​យួន​ទៅ​។ កុំ​តែ​បាន​យួន​ស្រែកថា​នៅ​ប្រទេស​កម្ពុ​ជាមាន​កូ​វីដ​-១៩  ឬ ក៏​វីរុស​កូ​រ៉ូ​ណា​ទេ កុំ​អី​ប្រជាជន​នៅ​ទូទាំងប្រទេស​អត់​ដឹងថា​ប្រទេស​កម្ពុ​ជាមាន​កូ​វីដ​-១៩ ឬ កូ​រ៉ូ​ណា​ទេ​។ អ៊ីចឹង​យើង​គួរតែ​អរគុណ យួន​។ នេះ​សំណាង​ហើយ​ដែល​យួន​ស្រែកថា​ប្រទេស​កម្ពុ​ជាមាន​កូ​វីដ​-១៩ ឬ ក៏​កូ​រ៉ូ​ណា​ហ្នឹង បើ​ប្រជាជន​ធម្មតា ស្រែក​វិញ​ប្រហែលជា​តាម​ចាប់​ទៀតហើយ​»​។​
 
​យុវជន​រូបនោះ បង្ហោះ​វី​ដេ​ឃ្លី​ប បន្ទាប់ពី​វៀតណាម ផ្សាយ​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ឆ្លង​កូ​វីដ​-១៩ ពេលទៅដល់​ជប៉ុន​វិញ​។ គាត់ ចេញពី​ខេត្តសៀមរាប ឆ្លងកាត់​វៀតណាម ហើយ​បន្តទៅ​ជប៉ុន​។ 
 
​ពីរ​-​បី​ថ្ងៃ​ក្រោយមក ក៏មាន​បុរស​ខ្មែរ​ម្នាក់ បាន​ឆ្លង​កូ​វីដ​-១៩​ពី​បុរស​ជប៉ុន​នោះ​។ បុរស​ខ្មែរ​រូបនោះ ជា​អ្នកគ្រប់គ្រង​ទូទៅ​ក្នុង​ក្រុមហ៊ុន​របស់​ថៅកែ​ជប៉ុន​៕ 

Tag:
 សង្គម​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com