COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញករណីឆ្លងទី៣ គឺស្ត្រីអង់គ្លេសម្នាក់នៅ​ខេត្តកំពង់ចាម
10, Mar 2020 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19)១​ករណី​បន្ថែមទៀត​ដែល​ស្ថិតក្នុង​ខេត្តកំពង់ចាម​។ អ្នកជំងឺនោះគឺស្ត្រីអង់គ្លេសវ័យ៦៥ឆ្នាំ។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាន់ នា​ល្ងាច​ថ្ងៃ​អង្គារ​ទី​១០ ខែមីនា​នេះ​។ សរុបមក​ដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង៣​ករណី​ហើយ​។​



លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ស្ត្រីនោះជាអ្នកដំណើរ​លើនាវាទេសចរមួយពីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្រសួងបន្តធ្វើតេស្តអ្នកដំណើរផ្សេងទៀត។

​ករណី​ទី​១​នៅ​កម្ពុជា គឺ​បុរស​ទេសចរ​ជនជាតិ​ចិន​អាយុ​៦០​ឆ្នាំ ពី​ក្រុង​វូ​ហាន ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​១៧ ខែមករា ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​វិញ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ក្រោយ​សះស្បើយ​។ រីឯ​ករណី​ទី​២ គឺ​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៧ ខែមីនា ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ដែល​តេស្ត​ឃើញ​នៅ​ប្រទេស​កំណើត​របស់ខ្លួន​៕

© រក្សាសិទ្ធិដោយ thmeythmey.com