COVID-19
ជាតិ
​ក្រៅពី​ឡាវ និង​មី​យ៉ាន់​ម៉ា ប្រទេស​អាស៊ាន​មាន COVID-19 ជាង​៥៤០​ករណី និង​ស្លាប់​២
11, Mar 2020 , 10:05 am        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង ដឹកនាំ​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី១០ ខែមីនា ដោយ​ប្រកាសពី​ការ​រក​ឃើញ​ករណីឆ្លងទី៣នៅ​កម្ពុជា។ រូបថត ញឹក ស្រីល័ក្ខ
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង ដឹកនាំ​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី១០ ខែមីនា ដោយ​ប្រកាសពី​ការ​រក​ឃើញ​ករណីឆ្លងទី៣នៅ​កម្ពុជា។ រូបថត ញឹក ស្រីល័ក្ខ
គិត​ត្រឹម​ថ្ងៃទី​១០ ខែមីនា សមាជិក​អាស៊ាន​ចំនួន ៨​ប្រទេស សុទ្ធតែ​បាន​រកឃើញ​COVID-19 នៅក្នុង​ប្រទេស ខណៈ​មានតែ​ពីរ​ប្រទេស​ដូចជា​ឡាវ និង​មី​យ៉ាន់​ម៉ា​តែប៉ុណ្ណោះ ដែល​មិនទាន់​រកឃើញ​មាន​ករណី​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​។



ក្នុងចំណោម​ប្រទេស​ទាំង​៨ របស់​បណ្តា​សមាជិក​អាស៊ាន​ដែល​រកឃើញ​កូ​រ៉ូ​ណាវី​រុស សិង្ហ​បុរី គឺជា​ប្រទេស​មាន​COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​។ បន្ទាប់ពី​រកឃើញ​អ្នក​ឆ្លង​ជា​បន្តបន្ទាប់ តួលេខ ​COVID-19 នៅ​សិង្ហ​បុរី បាន​កើន​ដល់ ១៦៦​ករណី ខ​ណះ​អ្នកជា​សះស្បើយ​ចំនួន ៩៣​ករណី​។ តាមរយៈ​តួលេខ​រកឃើញ​ករណី​ឆ្លង​ចុងក្រោយ សិង្ហ​បុរី​រកឃើញ ៦​ករណី​នា​ថ្ងៃទី​១០ ខែមីនា​។

ប្រទេស​បន្ទាប់ គឺ​ម៉ាឡេស៊ី ដែលមាន​ចំនួន​ករណី COVID-19 សរុប​ចំនួន ១២៩​ករណី​។ ប៉ុន្តែ​ក្នុង​ចំនួន​តួលេខ ១២៩​ករណីនេះ ម៉ាឡេស៊ី​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​រហូតដល់ ៨៧​ករណី​ឯណោះ​។​ចំណែក​ប្រទេស​ថៃ​វិញ ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​សរុប​ចំនួន ៥៣​ករណី និង​ស្លាប់​មួយ​ករណី និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៣​ករណី​។

​ជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​៤ ដែលមាន​ផ្ទុក​COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ាន វៀតណាម​នៅតែ​បន្ត​រកឃើញ COVID-19 ។ រហូតមកដល់​ពេលនេះ វៀតណាម​រកឃើញ​COVID-19 សរុប​ចំនួន ៣៤​ករណី និង​អ្នកជា​សះស្បើយ ១៦​នាក់​។  បន្ទាប់ពី​វៀតណាម ហ្វីលីពីន ក៏បាន​រកឃើញ​COVID-19 ជា​បន្តបន្ទាប់​ផងដែរ ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ហ្វីលីពីន​មាន​COVID-19 សរុប​៣៣​ករណី និង​ស្លាប់ ១​ករណី​ផងដែរ ខណៈពេល​អ្នកជា​សះស្បើយ មាន​២​ករណី​។

ក្រៅពី​ប្រទេស​ខាងលើ ឥណ្ឌូណេស៊ី ដែល​ទើបតែ​រកឃើញ​ពីរ​ករណី​ដំបូង​នៅក្នុង​ប្រទេស ពេលនេះ​តួលេខ​បាន​កើនឡើង​យ៉ាងគំហុក​នៅក្នុង​ប្រទេស​។ បើតាម​តួលេខ​ចុងក្រោយ​នេះ ឥណ្ឌូណេស៊ី​មាន​ករណី​COVID-19 សរុប​ចំនួន ២៧​ករណី និង​អ្នកជា​សះស្បើយ ២​ករណី​។​



ជា​ប្រទេស​នៅក្នុង​តំបន់​ដែល​រកឃើញ​COVID-19 ចុងក្រោយ​គេ ព្រុយ​ណេ​បាន​រកឃើញ COVID-19 ដល់​៦​ករណី​។ ក្នុងចំណោម​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់ កម្ពុ​ជាមាន​តួលេខ​តិចជាងគេ ពោលគឺ​មាន​ករណី​សរុប​ត្រឹមតែ ៣​ករណី​ប៉ុណ្ណោះ​។ ក្នុង ៣​ករណីនេះ កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​បាន​មួយ​ករណី​ហើយ​។​

សូមបញ្ជាក់ថា ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០​ប្រទេស នៅតែ​មី​យ៉ាន់​ម៉ា និង​ឡាវ តែប៉ុណ្ណោះ ដែល​មិនទាន់​រកឃើញ​COVID-19 ៕


© រក្សាសិទ្ធិដោយ thmeythmey.com