COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប Olympiakos និង Nottingham Forest ឆ្លង COVID-19
11, Mar 2020 , 10:32 am        
រូបភាព
លោក Evangelos Marinakis ម្ចាស់ក្លិប Olympiakos និង Nottingham Forest
លោក Evangelos Marinakis ម្ចាស់ក្លិប Olympiakos និង Nottingham Forest
 ​លោក Evangelos Marinakis ម្ចាស់​ក្លិប​បាល់ទាត់ Olympiakos និង Nottingham Forest ពិនិត្យ​រកឃើញ​មាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ BBC​។​



​លោក Marinakis ដែលមាន​វ័យ ៥២ ឆ្នាំ​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​អង់គ្លេស​ដើម្បី​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​ក្រុម Nottingham Forest ទល់ Millwall នៅឯ​កីឡដ្ឋាន City Ground កាលពី​ចុង​សប្តាហ៍​មុន​។​ អ្នកជំនួញ​សញ្ជាតិ​ក្រិ​ក និង​ជា​ម្ចាស់​ក្លិប Olympiakos រូបនេះ បានធ្វើ​តេស្ត​វិជ្ជមាន COVID-19 បន្ទាប់ពី​ចេញ​រោគសញ្ញា​ដំបូង​នៅពេល​លោក​វិលត្រឡប់​ពី​អង់គ្លេស​ទៅ​នាក់​ប្រទេស​ក្រិ​ក​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប Nottingham​។​
 
​ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​ដំ​ដាប់​ទី​២​អង់គ្លេស (Championship) មួយ​នេះ​បន្ថែមថា​៖«​អំឡុងពេល Marinakis ស្នាក់នៅ Nottingham គាត់​មិនបាន​បង្ហាញ​រោគសញ្ញា​ណាមួយ​នៃ​វីរុស​ឆ្លង​នេះ​ទេ​។ យ៉ាងណា ក្លិប​កំពុង​ឲ្យ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​អង្គភាព​គ្រប់គ្រង​ពាក់ព័ន្ធ​តាមដាន​ករណីនេះ​ក៏ដូចជា​ចាត់វិធានការ​ត្រឹមត្រូវ​ក្នុង​ការដឹង​ពី​ប្រភព​ចម្លង​»​។​
 
​លោក Marinakis ក៏បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់លោក​ផងដែរ​ថា​លោក​មាន​ផ្ទុក COVID-19 ប៉ុន្តែ​លោក​មាន​អារម្មណ៍ និង​អាការ​ល្អ​ធម្មតា​ទេ ខណៈ​ក្រុមគ្រូពេទ្យ​កំពុង​តាមដាន​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​
 
​ស្របពេល​គ្នា​នេះ ក្លិប Millwall ដែល​បានឈ្នះ Nottingham ៣-០ នា​ជំនួប​ក្របខណ្ឌ​លី​គ​ទី​២​អង់គ្លេស​នោះ បានប្រកាស​ដែលថា​តំណាង​ក្លិប​ជាន់ខ្ពស់​របស់ខ្លួន​ដែល​បាន​ទាក់ទង​ជួប​ជាមួយ​លោក Marinakis ចាប់ផ្តើម​ដាក់ខ្លួន​ឯង​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គ្រួសារ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​។​
 
​ដោយឡែក Olympiakos ក្លិប​ក្នុ​លី​គ​ទី​១​ក្រិ​ក ដែលជា​កម្មសិទ្ធិ​របស់​លោក Marinakis ដែរនោះ នឹង​បើកទ្វារ​កីឡដ្ឋាន Karaiskakis ស្វាគមន៍ Wolverhampton Wanderers​​ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Europa League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​ថ្ងៃទី​១២ មីនា​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺ​រ៉ុ​ប (UEFA) ច្រានចោល​សំណើរ Wolves ដែល​ស្នើ​ពន្យារពេល​ប្រកួត​នេះ​។​
 
​ដោយសារ​ការរីក​រាល​ដាល​កាន់តែខ្លាំង​នៃ​ជំងឺឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​បង្ខំ​ឲ្យ​ព្រឹត្តិ​កាណ៍​កីឡា​ធំៗ​មួយចំនួន​ផ្អាក និង​ពន្យារពេល​ប្រកួត​។ ក្របខណ្ឌ​អ៊ីតាលី Serie A រហូតមកដល់​ថ្ងៃនេះ​បានសម្រេច​ផ្អាក​ការប្រកួត​ទាំងស្រុង ខណៈ​នៅ​អេ​ស្ប៉ា​ញ​ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​តែម្តង​។​
 
​គិត​ត្រឹម​ថ្មៃ​ទី​១១ ខែមីនា​នេះ ក្រិ​កមាន​តួលេខ​អ្នក​ឆ្លង COVID-19 ចំនួន​៨៩​ករណី ប៉ុន្តែ​មិនទាន់មាន​អ្នកស្លាប់​ឡើយ​៕

Tag:
 COVID-19
  Evangelos Marinakis
© រក្សាសិទ្ធិដោយ thmeythmey.com