COVID-19
អន្តរជាតិ
២៧នាក់ស្លាប់នៅអ៊ីរ៉ង់ ក្រោយផឹកស្រាព្រោះជឿចចាមអារ៉ាមថា «ស្រាសម្លាប់ COVID-19»
11, Mar 2020 , 11:12 am        
រូបភាព
ដោយ:
ត្រឹមមួយយប់ យ៉ាងតិចមនុស្ស២៧នាក់ក្នុងខេត្តចំនួន២នៃប្រទេសអ៊ីរ៉ង់ បានបាត់បង់ជីវិតដោយសារពុលស្រា។ ទីភ្នាក់ងារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ Fars News បានចុះផ្សាយបែបនេះកាលពីថ្ងៃចន្ទ ទី០៩ ខែមីនា។ ករណីស្លាប់នេះ គឺព្រោះតែពួកគេបានផឹកស្រាដែលមានផ្ទុកជាតិអាល់កុលច្រើនហួសកម្រិតកំណត់ ក្រោយជឿស្លុងតាមពាក្យចចាមអារ៉ាមថា វាជួយសម្លាប់ COVID-19 ។

 
ពាក្យចចាមអារ៉ាមដែលគ្មានប្រភពច្បាស់លាស់មួយ បានផ្សព្វផ្សាយពាសពេញប្រទេសអ៊ីរ៉ង់ថា ការផឹកស្រា នឹងជួយសម្លាប់ជំងឺផ្លូវដង្ហើមកូរ៉ូណា COVID-19។ ក្រោយមានពាក្យចចាមអារ៉ាមបែបនេះ គេឃើញមាន ករណីពុលស្រាកាន់តែច្រើនឡើងកើតមានក្នុងមន្ទីរពេទ្យនានាក្នុងប្រទេសអ៊ីរ៉ង់។
 
បើតាមទីភ្នាក់ងារក្នុងស្រុកអ៊ីរ៉ង់ Iranian Labour News មនុស្សជាង២០០នាក់ ត្រូវបានរាយការណ៍ថា សម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងខេត្ត Khuzestan ភាគនីរតីនៃប្រទេសនេះ ខណៈករណីឆ្លង COVID-19 ក្នុងខេត្តនេះ មានជិត៨០ករណីប៉ុណ្ណោះ។
 
អ្នកនាំពាក្យសាកលវិទ្យាល័យពេទ្យមួយប្រចាំទីក្រុង Anwaz នៃខេត្ត Khuzestan លោក Ali Ehsanpour អះអាងថា ក្រោយពីឮពាក្យចចាមអារ៉ាមថា ផឹកស្រាអាចជួយសម្លាប់កូរ៉ូណាវីរុស ពលរដ្ឋខ្លះបានប្រើវិធីសាស្រ្តនេះជាវិធានការបង្ការ។ តាមប្រភពព័ត៌មានដដែល លោក បន្តទៀតថា ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកសម្រាកនៅពេទ្យសរុប២១៨នាក់ បានប្រែជាងងឹតភ្នែក ហើយអ្នកខ្លះទៀត ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។ 
 
ដោយហេតុថា ប្រទេស​អ៊ីរ៉ង់ ហាមឃាត់ស្រា ពលរដ្ឋដែលស្លាប់គឺព្រោះតែពួកគេបានផឹកស្រាដែលមានផ្ទុកជាតិអាល់កុលលើសកម្រិត។ ហើយស្រាប្រភេទនេះ ត្រូវបានអនុញ្ញាតឲ្យដាក់លក់លើទីផ្សារដោយមានគោលដៅប្រើជាទឹកលាងដៃប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ទី ១១ ខែមីនា អ៊ីរ៉ង់ បានរកឃើញករណីឆ្លង COVID-19 ជាង៨ពាន់ករណី ហើយមានអ្នកស្លាប់ ២៩១នាក់ ខណៈអ្នកជាសះស្បើយជាង២៧០០នាក់៕
 

Tag:
 អ៊ីរ៉ង់
  COVID-19
  កូរ៉ូណាវីរុស
  អាល់កុល
© រក្សាសិទ្ធិដោយ thmeythmey.com