ម្ចាស់កង់បី ដែលដឹកជនជាតិជប៉ុនមានកូវីដ-១៩ មិនបានឆ្លងទេ
COVID-19
ជាតិ
ម្ចាស់កង់បី ដែលដឹកជនជាតិជប៉ុនមានកូវីដ-១៩ មិនបានឆ្លងទេ
11, Mar 2020 , 12:17 pm        
រូបភាព
មន្រ្តីបាញ់ថ្នាំសម្លាប់មេរោគលើ PassApp ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនមានវីរុសកូវីដ-១៩
មន្រ្តីបាញ់ថ្នាំសម្លាប់មេរោគលើ PassApp ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនមានវីរុសកូវីដ-១៩
បុរសជាម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនមានវីរុសកូវីដ-១៩ ត្រូវបានធ្វើតេ្តសរួចហើយ ហើយលទ្ធផលគឺអវិជ្ជមាន។ នេះបើតាមព័ត៌មានពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០២។



មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សរសេរដូច្នេះថា៖«គាត់ មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ»។ យ៉ាងណា គាត់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងស្ថិតក្រោមតាមដានសុខភាពរយៈពេល១៤ថ្ងៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ម្ចាស់ PassApp រូបនោះ ត្រូវបានអាជ្ញាធរ តាមស្វែងរក ក្រោយទទួលព័ត៌មានថា គាត់ បានដឹកបុរសជនជាតិជប៉ុនដែលមានវីរុសកូវីដ-១៩ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តសៀមរាប។ បុរសជនជាតិជប៉ុននោះ ត្រូវបានរកឃើញថា មានវីរុសកូវីដ-១៩ ពេលទៅដល់ជប៉ុនវិញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រោយមកពីរ-បីថ្ងៃ បុរសខ្មែរម្នាក់ ត្រូវបានរកឃើញថា បានឆ្លងវីរុសកូវីដ-១៩ ពីបុរសជនជាតិប៉ុននោះ។ បុរសខ្មែរនោះ ជាអ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុនរបស់បុរសជនជាតិជប៉ុន ដែលជាថៅកែ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អះអាងថា បុរសខ្មែរនោះ មានទំនាក់ទំនងជាមួយបុរសជប៉ុនជាថៅកែជិតស្និទ្ធជាងគេ។

ចំណែកសមាជិកគ្រួសាររបស់បុរសខ្មែរនោះ ក៏ត្រូវបាននាំទៅធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ តែលទ្ធផល គឺមិនបានឆ្លងនោះទេ។

បច្ចប្បន្ន កម្ពុជា រកឃើញមនុស្សបីនាក់ហើយ ដែលមានវីរុសកូវីដ-១៩ ដោយក្នុងនោះ មានជនជាតិខ្មែរ ជនជាតិចិន និង ជនជាតិអង់គ្លេស។ ចំពោះបុរសចិន គឺបានជាសះស្បើយហើយ ចំណែកបុរសខ្មែរនិងស្រ្តីអង់គ្លេស កំពុងស្ថិតក្នុងការព្យាបាល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com