COVID-19
កីឡាជាតិ
ជាតិ
អន្តរជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម នឹង​អវត្តមាន​ក្នុងជំនួប​ស្វាយរៀង ប៉ះ Than Quang Ninh ល្ងាច​នេះ
11, Mar 2020 , 2:48 pm        
រូបភាព
លោក Conor Nestor និងកីឡាករ ប្រាក់ មុន្នីឧត្តម (រូបក្នុងរង្វង់), រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
លោក Conor Nestor និងកីឡាករ ប្រាក់ មុន្នីឧត្តម (រូបក្នុងរង្វង់), រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​តទល់​ជាមួយ​ក្រុម​មកពី​វៀតណាម Than Quang Ninh នា​ព្រឹត្តិការណ៍ AFC Cup 2020 វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១១ ខែមីនា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម នឹងត្រូវ​អវត្តមាន​ក្នុងជំនួប​ដ៏​សំខាន់​មួយ​នេះ ដោយសារ​បញ្ហា​របួស ដែល​បាន​ប៉ះទង្គិច​ក្នុងជំនួប​លី​គ​កំពូល​កាលពី​សប្តាហ៍​មុន​។ តែ​ទាំង​គ្រូបង្វឹក​លោក Conor Nestor និង​កីឡាករ សុក សំណាង សុទ្ធតែ​បាន​អះអាង​ពី​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ជំនួប​មួយ​នេះ​។



​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​បញ្ជាក់ថា កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវ​សម្រាក​រយៈពេល​៤​ថ្ងៃ ដើម្បី​តាមដាន​ស្ថានភាព​របួស​ក្បាល ដែល​បាន​ប៉ះ​ទ​ង្គិ​ក​កាលពី​សប្តាហ៍​មុន​។ ការ​សម្រាក​នេះ ធ្វើ​ឲ្យ រូបគេ ត្រូវ​អវត្តមាន​ក្នុងជំនួប​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រុម​មកពី​វៀតណាម Than Quang Ninh នា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2020 ប្រចាំ​ពូ​ល G នៅ​ល្ងាច​នេះ​។

​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​១០ មីនា លោក Conor Nestor បានលើកឡើង​ជុំវិញ​បញ្ហា​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ដូច្នេះ​ថា​៖«​ប្រាក់ មុន្នី​ឧ​ត្ត​ម គាត់​មាន​បញ្ហា​របួស ហើយ​យើង​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ស្កេ​ន​ក្បាល​របស់គាត់ ជា​លទ្ធផល​វេជ្ជបណ្ឌិត​គាត់​បាន​បញ្ជាក់ថា គាត់​ត្រូវការ​សម្រាក​៤​ថ្ងៃ ហើយ​៤​ថ្ងៃក្រោយ​គាត់​នឹង​ទៅពិនិត្យ​ម្តងទៀត ដើម្បី​ដឹងថា តើ​គាត់​មាន​បញ្ហា​តែ​៤​ថ្ងៃ​នឹង ឬ​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​វែង​។ ខ្ញុំ​សង្ឃឹមថា ឧ​ត្ត​ម នឹង​ឆាប់​ជាសះស្បើយ​»​។

​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​រងរបួស​ក្បាល​ក្នុងជំនួប​លី​គ​កំពូល​សប្តាហ៍​ទី​៤​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែមីនា នា​កីឡដ្ឋាន Smart R.S.N​។ ក្នុងជំនួប​នោះដែរ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ លទ្ធផល​នេះ ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​បន្ត​ឈរ​កំពូល​តារាង​មាន​១០​ពិន្ទុ ខណៈ​ស្វាយរៀង​ឈរ​លេខ​២​មាន​១០​ពិន្ទុ​ដូចគ្នា តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​។

​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​ខាងលើ​ប្តេជ្ញា​ថា លោក នឹងធ្វើ​ឲ្យ​ជំនួប​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ Than Quang Ninh ក្លាយ​ជំនួប​ដ៏​ជក់ចិត្ត​និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន​។ អ្វីដែល​កាន់តែ​ពិសេស លោក នឹងធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ដូចនឹង​អ្វីដែល​ពួកគេ​បានធ្វើ​ក្នុងជំនួប​ជាមួយ​ក្រុម Bali United ដែល​ពួកគេ​យកឈ្នះ​ក្នុង​លទ្ធផល ២-១​។

​ជាមួយគ្នានេះ​កីឡាករ សុក សំណាង បាន​និយាយថា រូបគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​មួយ​នេះ ហើយ​រូបគេ​ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​ដ៏​ល្អ​មួយ​ជូន​ក្រុម និង​អ្នកគាំទ្រ​។

​បើ​មើល​ពីរលើក​កន្លងមក​ក្នុង​ពូ​ល​នេះ ព្រះខ័ន​រាជ​ស្វាយរៀង​ប្រកួត​ចាញ់ Ceres Negros ក្នុង​លទ្ធផល ៤-០ តែ Than Quang Ninh បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​ក្រុម​នេះ​។ បន្ទាប់មក​ស្វាយរៀង​បាន​យកឈ្នះ Bali United ក្នុង​លទ្ធផល ២-១ តែ Than Quang Minh ចាញ់​ក្នុង​លទ្ធផល ៤-១​។​


​ជាមួយគ្នានេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានស្នើ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព ជាពិសេស​ការបង្ការ​ក​រ​ណី​ឆ្លង COVID-19​។ មុនពេល​អ្នកទស្សនា​ទៅកាន់​កន្លែង​អង្គុយ ពួកគេ​នឹង​ត្រូវបាន​ត្រួតពិនិត្យ ជាមួយ​ឧបករណ៍​វាស់​កម្តៅ Digital No-Touch Thermometer​។ ប្រសិន​រកឃើញ​ករណី​សីតុណ្ហភាព​ខ្ពស់ ពួកគេ​នឹងមិន​អនុញ្ញាត​ឲ្យ​ចូលរួម​ទស្សនា​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ឡើយ​។​

​ក្លិប​ព្រះខ័ន​រាជ ក៏បាន​ណែនាំ​អ្នកគាំទ្រ​ឱ្យ​លាង​សម្អាត​ដៃ នៅ​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ រួម​ជាមួយនឹង​ការផ្តល់​ម៉ាស់​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ដែល​ចង់​ពាក់​ផងដែរ​៕



Tag:
 AFC Cup 2020
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  Than Quang Ninh
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com