អន្តរជាតិ
អេស្ប៉ាញ បិទសាលារៀន ជើងហោះហើរ សភា ដើម្បីទប់ស្កាត់ COVID-19
11, Mar 2020 , 8:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
បន្ទាប់ពីបានរកឃើញCOVID-19 ជាបន្តបន្ទាប់ រដ្ឋាភិបាលអេស្ប៉ាញ បានចាត់វិធានការមួយចំនួន ដើម្បីបញ្ចៀសការរីកសាយភាយការរីកសាយភាយ COVID-19 នៅក្នុងប្រទេស។ ក្នុងវិធានការទប់ស្កាត់ទាំងនោះមានដូចជាបិទសាលា បិទជើងហោះហើរ ផ្អាកកិច្ចប្រជុំសភា និងបង្កផលប៉ះពាល់ដល់កម្មវិធីកីឡាជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។


នៅថ្ងៃទី១០ ខែមីនាតែប៉ុណ្ណោះ អេស្ប៉ាញបានរកឃើញអ្នកផ្ទុក COVID-19 ថ្មី ចំនួន ៤៦៤ករណី និងស្លាប់ ៦ករណី។ តួលេខសរុបករណីសរុបនៅក្នុងប្រទេសអេស្ប៉ាញមានចំនួន ១៦៩៥ករណី ស្លាប់ ៣៦ករណី និងជាសះស្បើយ ១៣៥ករណី។ ដើម្បីបញ្ចៀសការរីកសាយភាយកូរ៉ូណាវីរុស កុំឲ្យកើតមានដូចអ៊ីតាលី រដ្ឋាភិបាលអេស្ប៉ាញ បានចេញចំណាត់ការមួយចំនួន។
 
បើតាមការប្រកាសរបស់រដ្ឋាភិបាលអេស្ប៉ាញ ជើងហោះហើរទៅ និងមកពីអ៊ីតាលី ត្រូវផ្អាកចាប់ពីថ្ងៃទី១១ ខែមីនានេះ តទៅ និងអាចផ្អាកក្នុងរយៈពេលយ៉ាងហោចណាស់ពីរសប្តាហ៍។ ចំណែកជើងហោះហើរនៅក្នុងស្រុកមួយចំនួន ក៏ត្រូវផ្អាកដែរ ប៉ុន្តែផ្អាកតែនៅតំបន់ ដែលរងផលប៉ះពាល់ខ្លាំងតែប៉ុណ្ណោះ។ 
 
ក្រៅពីនោះ សភាជាន់ទាបរបស់អេស្ប៉ាញ ក៏ត្រូវបិទមួយរយៈផងដែរ។ ការបិទនេះ ធ្វើឡើងបន្ទាប់ពីគេរកឃើញសមាជិកសភា លោក Javier Ortega Smith មានផ្ទុកCOVID-19។ ប៉ុន្តែគេមិនទាន់ដឹងថាសភាជាន់ទាប អាចបើកទ្វារនៅពេលណានោះទេ ព្រោះត្រូវរង់ចាំការកត់សម្គាល់ថ្មីជាមុនសិន។ 
 
បន្ថែមពីលើនេះ សាលារៀនមួយចំនួន ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់សកលវិទ្យាល័យ ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញបិទទ្វារ ដើម្បីការពារសុខភាពរបស់សិស្សទាំងអស់។ សាលារៀនទាំងអស់នៅក្នុងតំបន់ម៉ាឌ្រីដ ត្រូវបិទទ្វាររយៈពេលពីរសប្តាហ៍ ដោយបិទចាប់ពីថ្ងៃទី១១ ខែមីនា នេះទៅ។ បើតាមការអះអាងរបស់អាជ្ញាធរតំបន់ ការបិទនេះ នឹងប៉ះពាល់ដល់សិស្សយ៉ាងហោចណាស់ ១,៥៣លាននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រៅពីតំបន់ម៉ាឌ្រីដ សាលារៀនមួយចំនួន នៅក្នុងតំបន់ Rioja  និងតំបន់ Basque ក៏ត្រូវបិទទ្វារដែរ។​
 
សូម្បីវិស័យកីឡានៅក្នុងប្រទេសអេស្ប៉ាញ ក៏ទទួលរងផលប៉ះពាល់ ដោយសារCOVID-19 ផងដែរ។ ក្នុងនោះលីគបាល់ទាត់កំពូលរបស់អេស្ប៉ាញ នឹងត្រូវបិទទ្វារលេង យ៉ាងហោចណាស់ក៏រយៈពេលពីរសប្តាហ៍ដែរ ដើម្បីទប់ស្កាត់ករណីឆ្លងកូរ៉ូណាវីរុស៕ 
 

Tag:
 អេស្ប៉ាញ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com