កីឡាជាតិ
ជាតិ
COVID-19 ធ្វើឲ្យការប្រកួតវគ្គជម្រុះ World Cup របស់កម្ពុជាចំនួនពីរ ត្រូវលើកពេល
11, Mar 2020 , 9:59 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែននៅជើងទី១កាលពីពេលកន្លងទៅ, រូបភាព FFC
សកម្មភាពប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែននៅជើងទី១កាលពីពេលកន្លងទៅ, រូបភាព FFC
ដោយ:
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC)បានសម្រេចលើកពេលប្រកួតវគ្គជម្រុះ FIFA World Cup 2022 ចំនួនពីររបស់ក្រុមជម្រើសជាតិកម្ពុជាដោយសារបារម្ភការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី COVID-19។ តែយ៉ាងណា AFC មិនទាន់កំណត់កាលបរិច្ឆេទប្រកួតថ្មីនៅឡើយទេ។

 
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការលើកពេលប្រកួតវគ្គជម្រុះ FIFA World Cup 2022 របស់ក្រុមជម្រើសជាតិកម្ពុជា ដែលគ្រោងធ្វើឡើងនៅចុងខែមីនា នេះ។ ការប្រកួតទាំងពីរ ដែលត្រូវលើកពេលរួមមានជំនួបរវាងកម្ពុជាជាមួយក្រុមជម្រើសជាតិបារ៉ែននៅថ្ងៃទី២៦ ខែមីនា និងជំនួបជាមួយអ៊ីរ៉ង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ 
 
មូលហេតុនៃការលើកពេលប្រកួតនេះ គឺដោយសារ AFC បារម្ភពីការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ដែលពិភពលោកកំពុងមានការព្រួយបារម្ភ ជាពិសេសបារម្ភលើសុវត្ថិភាពរបស់កីឡាករ និងអ្នកគាំទ្រ។ ការធ្វើបែបនេះ ក៏ជាកត្តារួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគប្រភេទថ្មីនេះផងដែរ។ 
 
AFC មិនទាន់កំណត់ពេលវេលាជាក់លាក់ពីការបង្ហាញកាលបរិច្ឆេទថ្មីនៅឡើយទេ។ គ្រាន់តែអះអាងថា នឹងបង្ហាញក្នុងពេលឆាប់ខាងមុននេះ ពោលគឺក្រោយការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះមានភាពធូរស្បើយ៕  
 

Tag:
 ក្រុមជម្រើសជាតិកម្ពុជា
  World Cup
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com