អន្តរជាតិ
លោក បៃឌិន បន្តនាំមុខលោក សេនដឺ ដើម្បីឈានទៅតទល់លោក ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកា
11, Mar 2020 , 10:59 pm        
រូបភាព
បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន ។ រូបភាព Xinhua
បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន ។ រូបភាព Xinhua
អតីតអនុប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) នៅតែនាំមុខគូប្រជែងរបស់ខ្លួនក្នុងការប្រជែងកៅអីបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ដើម្បីទៅតទល់នឹងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ ឆ្លងកាត់ការបោះឆ្នោតផ្ទៃក្នុងដោយសមាជិកបក្សប្រជាធិបតេយ្យនៅតាមបណ្ដារដ្ឋនានា លោក បៃឌិន ទទួលបានសំឡេងគាំទ្រច្រើន និងខិតកាន់តែកៀកចំនួនប្រតិភូចាំបាច់ចំនួន១៩៩១ ដើម្បីក្លាយជាបេក្ខជនតំណាងបក្ស។

 
កៅអីបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ កំពុងតែលេចចេញសន្សឹមចំពោះមុខលោក ចូ បៃឌិន អតីតអនុប្រធានាធិបតីនៃរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងជាអតីតសមាជិកព្រឹទ្ធសភាផង។ ក្នុងតារាងឈ្មោះបេក្ខជនដែលចូលរួមប្រជែងកៅអីបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ លោក បៃឌិន បន្តឈរលេខមួយដដែល ដោយនាំមុខគូប្រជែងសំខាន់ គឺសមាជិកព្រឹទ្ធសភា ប៊េននី សេនដឺ ដែលឈរលេខពីរ។ 
 
បើតាមសារព័ត៌មានអាមេរិក Politico គិតត្រឹមថ្ងៃទី១០ ខែមីនា (កាលបរិច្ឆេទអាមេរិក) លោក បៃឌិន ទទួលបានប្រតិភូចំនួន៨២៣ហើយពីការបោះឆ្នោតផ្ទៃក្នុងបក្សប្រជាធិបតេយ្យនៅរដ្ឋ និងដែនដីអាមេរិកចំនួន២៦។ លោក សេនដឺ ទទួលបានប្រតិភូចំនួន៦៦៣។ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងបក្សបាន បេក្ខជនទាំងពីរ ត្រូវការប្រតិភូចំនួន១៩៩១ ទៅចូលរួមក្នុងសន្និបាតបក្សប្រជាធិបតេយ្យនៅពេលខាងមុខ។ 
 
យ៉ាងណាមិញ លោក បៃឌិន ត្រូវបន្តប្រឹងប្រែងទៀត ព្រោះនៅសល់រដ្ឋជាច្រើនដែលមិនទាន់បោះឆ្នោត ដែលនោះជាអាចជាឱកាសសម្រាប់លោក សេនដឺ ក្នុងការដណ្ដើមយកប្រតិភូបន្ថែមផងដែរ។ លោក បៃឌិន និងលោក សេនដឺ ជាបេក្ខជននៅសល់ចុងក្រោយក្នុងការដំណើរការជ្រើសរើសបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យដែលចាប់ផ្ដើមឡើងដោយមានការចូលរួមពីបេក្ខភាពជាង២០នាក់ឯណោះ។ 
 
នេះជាលើកទីបីដែលលោក បៃឌិន ឈ្មោះជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដោយលើកទីមួយនៅឆ្នាំ១៩៨៨ និងលើកទីពីរ នៅឆ្នាំ២០០៨ ដោយកាលនោះលោក អូបាម៉ា ជាអ្នកឈ្នះ។ ប៉ុន្តែលោករងបរាជ័យធ្ងន់ធ្ងរសម្រាប់ការប្រកួតទាំងពីរដងនេះ។ យ៉ាងណាមិញ វត្តមា​នលើកទីបីនេះរបស់លោក ត្រូវបានគេមើលឃើញថា​ មានភាគរយខ្ពស់ ខណៈបេក្ខជនដទៃទៀតដែលដកខ្លួនចេញពីការប្រកួត សុទ្ធតែបានគាំទ្ររូបលោកទាំងអស់។ 
 
តាមពិតទៅ នៅដំណាក់កាលដំបូងនៃការប្រកួត លោក សេនដឺ ជាអ្នកមានសំឡេងនាំមុខ ខណៈលោក បៃឌិន ចាប់ផ្ដើមមិនល្អបានឡើយ។ ប៉ុន្តែចាប់ពីការបោះឆ្នោតថ្ងៃទី៣ ខែមីនា លោក បៃឌិន ក៏ហក់ឡើងលើគេវិញ ហើយបន្តនាំមុខក្នុងការដណ្ដើមយកប្រតិភូជាច្រើនវិញ ហើយរំពឹងថា អាចបានឱកាសទៅតទល់នឹងលោក ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខទៀតផង៕  
 

Tag:
 អាមេរិក
  Joe Biden
  Bernie Sanders
© រក្សាសិទ្ធិដោយ thmeythmey.com