ជាតិ
កប៉ាល់១២គ្រឿង នឹងដឹកវត្ថុធាតុដើមពីចិនមកកម្ពុជា នៅត្រឹមថ្ងៃ១៥ ខែមីនា
11, Mar 2020 , 10:39 pm        
រូបភាព
រូបភាព៖ នាវា​ឈ្មោះ SITC FUJIAN ដឹក​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ នានា​តំបន់​នានា​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៩​មីនា ឆ្នាំ​២០២០​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន​។
រូបភាព៖ នាវា​ឈ្មោះ SITC FUJIAN ដឹក​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ នានា​តំបន់​នានា​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៩​មីនា ឆ្នាំ​២០២០​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន​។
ភ្នំពេញ៖ កប៉ាល់១២គ្រឿង នឹងដឹកវត្ថុធាតុដើមមកដល់កំពង់ផែខេត្តព្រះសីហនុ នៅត្រឹមថ្ងៃទី១៥ មីនានេះ ដើម្បីជួយសម្រួលនិងកាត់បន្ថយផលប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ចេញថ្ងៃទី១១ មីនា ឆ្នាំ២០២០។ 



ចិនផ្ដល់វត្ថុធាតុដើមមកម្ពុជានេះ ក្រោមកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលទាំងពីរ។ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ បានដឹកមកដល់កំពង់ផែព្រះសីហនុបណ្ដើរៗហើយ កាលពីថ្ងៃទី៩ មីនានេះ។ 
 
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) មិនទាន់ដឹងថា វត្ថុធាតុដើមទាំងនេះ នឹងផ្ដល់ឬចែកទៅឱ្យរោងចក្រណាខ្លះនោះទេ។  
«ចំនួនហ្នឹង(វត្ថុធាតុដើមដែលដឹកមក) មិនអាចបញ្ជាក់បានទេ។ វា(វត្ថុធាតុដើមដែលដឹកមក)អាចជួយដល់រោងចក្រ  ហើយយើងមិនអាចដឹងថា ចូលរោងចក្រណា ឬមិនចូលរោងចក្រណាខ្លះទេ។ យើងមិនដឹងថាវត្ថុធាតុដើមហ្នឹងចូលរោងចក្រដែលព្យួរការងារ ឬរោងចក្រមិនព្យួរការនោះទេ»។ នេះជាការលើកឡើងរបស់លោក ខេន លូ ដោយបន្ថែមថា មានរោងចក្រចំនួន៣៣ ដែលបានស្នើសុំព្យួរការងារ។ 
 
ពាក់ព័ន្ធនឹងការនាំចូលវត្ថុធាតុពីចិនមកកម្ពុជា និងរោងចក្រព្យួរការងារ សារព័ត៌មានថ្មីៗមិនអាចសុំការអធិប្បាយពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននោះទេ ដោយលោកមិនទទួលទូរស័ព្ទ។ 
 
ចិន បាន​បញ្ជូន​វត្ថុធាតុដើម​៧​នាវា ដែល​បម្រើ​ដល់​ការផលិត​ក្នុង​វិស័យ​វាយភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា។ ក្នុងចំណោម​វត្ថុធាតុដើម​ទាំង​៧​នាវា​នោះ មាន​៥​នាវា​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​២​នាវា​ទៀត ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ហូជីមិញ​។នាវា​២​គ្រឿង ដែល​ចូល​ចត​ក្នុង​ក្រុង​ហូជីមិញ គឺ​ដើម្បី​បម្រើ​ដល់​ការផលិត​របស់​រោងចក្រ​នានា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ខេត្តស្វាយរៀង​។កាលពី​យប់​ថ្ងៃទី​៩ ខែមីនា មាន​នាវា​១​គ្រឿង​ហើយ ដែល​ដឹក​វត្ថុធាតុដើម​ជាង​៦០​កុងតឺន័រ មក​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ហើយនឹង​មាន​នាវា ចូល​ចត​ជា​បន្តបន្ទាប់​ទៀត​។​នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ មីនា៕ 
 
 

Tag:
 GMAC
© រក្សាសិទ្ធិដោយ thmeythmey.com