ស្រ្តីអង់គ្លេសមានកូវីដ-១៩ ត្រូវផ្ទេរពីកំពង់ចាម មកភ្នំពេញហើយ
COVID-19
ជាតិ
ស្រ្តីអង់គ្លេសមានកូវីដ-១៩ ត្រូវផ្ទេរពីកំពង់ចាម មកភ្នំពេញហើយ
11, Mar 2020 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ
លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម អះអាងថា ស្រ្តីជនជាតិអង់គ្លេសដែលមានកូវីដ-១៩ ត្រូវបានផ្ទេរចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកព្យាបាលនៅភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោក គឹម សួរភិរុណ បញ្ជាក់ថា៖«យើង បញ្ជូនគាត់ទៅភ្នំពេញហើយ មុនហ្នឹងតិច»។

 

ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដែរនោះ ប្រាប់ថា មន្ទីរពេទ្យដែលត្រូវផ្ទេរទៅនោះ គឺមន្ទីរពេទ្យមួយនៅភ្នំពេញ តាមការស្នើសុំរបស់ស្រ្តីជនជាតិអង់គ្លេសជាសាមីខ្លួន ដោយមានការសម្របសម្រួលពីអង្គការសុខភាពពិភពលោក។ 

លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ បន្ថែមថា មូលហេតុនៃការផ្ទេរ គឺដោយសារតែ ស្រ្តីជនជាតិអង់គ្លេសនោះ ចាស់ជរា ពិការជើងម្ខាង និង មានជំងឺផ្សេងៗទៀត។ លោក និយាយថា ការផ្ទេរមកភ្នំពេញ គឺអាចមានសុវត្ថិភាពខ្ពស់ជាងក្នុងការព្យាបាល តែមិនមានន័យថា មន្ទីរពេទ្យបង្អែកខេត្តកំំពង់ចាម ខ្សោយឬខ្វះឧបករណ៍នោះទេ។ 

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា៖«សូមកុំភ័យ វា មិនអីទេ យើង បញ្ជូនទៅហ្នឹង យើងមានប្រដាប់ការពារគ្រប់គ្រាន់ មិនឆ្លងទេ»។ 

សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាលឡើយ ដោយសារតែមិនលើកទូរស័ព្ទ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com