COVID-19
អន្តរជាតិ
ឃើញដុនដាបខ្លាំង ចិន​បានបញ្ជូនអ្នកជំនាញ​ជំងឺឆ្លងទៅជួយអ៊ីតាលីដើម្បីទប់ស្កាត់ COVID-19
11, Mar 2020 , 5:56 pm        
រូបភាព
លោករដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី។ រូបភាព៖ AFP
លោករដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី។ រូបភាព៖ AFP
ចិន កាលពី​ថ្ងៃទី​១១ ខែមីនា បាន​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ជំងឺ​ឆ្លងទៅ​អ៊ីតាលី ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​សាយ​នៃ COVID-19 ។ ការបញ្ជូន​នេះ​ធ្វើឡើង បន្ទាប់ពី​ករណី​ឆ្លង​នៅ​អ៊ីតាលី​កើនឡើង​យ៉ាងគំហុក​។



​នៅ​តំបន់​អឺរ៉ុប អ៊ីតាលី​គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ COVID-19​។ គ្រាន់តែ​ថ្ងៃទី​១០ ខែមីនា អ៊ីតាលី​មាន​ករណី​ឆ្លង​ជិត ១​ពាន់​ករណី និង​អ្នកស្លាប់ ១៦៨​ករណី​។ តួលេខ​សរុប​ទាំងអស់ អ៊ីតាលី​មាន​លើសពី ១​ម៉ឺន​ករណី អ្នកស្លាប់ ៦៣១​ករណី និង​អ្នកជា​សះស្បើយ​ជាង​១​ពាន់​ករណី​។

​ដើម្បី​ជួយ​អ៊ីតាលី​ក្នុងការ​ទប់ស្កាត់​បញ្ហា​ឆ្លង​បែបនេះ ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ជំងឺឆ្លង​មួយចំនួន​។ បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ចិន CGTN អនុប្រធាន​កាកបាទក្រហម​ចិន នឹង​ដឹកនាំ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​អ្នកជំនាញ​ពី​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺ​ឆ្លងទៅ​អ៊ីតាលី​។​

​ការបញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទៅ​អ៊ីតាលី​នេះ ធ្វើឡើង​បន្ទាប់ពី​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន បានបញ្ជាក់​ប្រាប់​សមភា​គី​អ៊ីតាលី Luigi Di Maio តាម​ទូរ​សព្ទ​ថា ចិន​មាន​ទឹកចិត្ត​ជួយ​អ៊ីតាលី ក្នុង​ការជួយ​ទប់ស្កាត់​COVID-19 ប្រសិន​អ៊ីតាលី​ត្រូវការ​។​

​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ ចិន​បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ធ្លាក់​ទាប​បំផុត​។ នៅ​ថ្ងៃទី​១១ ខែមីនា ចិន​មាន​ករណី​ឆ្លង​ត្រឹមតែ ២៤​ករណី និង​អ្នកស្លាប់ ២២​ករណី​ប៉ុណ្ណោះ​។ ជាពិសេស​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ចំនួន​១៦ នា​ក្រុង​វូ​ហាន ដែល​ចិន​យកមក​ធ្វើជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​COVID-19 ក៏បាន​បិទ​អស់​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com