COVID-19
ជាតិ
ចម្ងល់​ពី COVID-19 សូម​ទូរ​សព្ទ​ទៅ​១១៥ និង​១២៩៩​សម្រាប់​អ្នក​ភ្នំពេញ​!
12, Mar 2020 , 8:29 am        
រូបភាព
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
ក្រសួងសុខាភិបាល បាន​បង្កើន​មនុស្ស​ពី​១០​ទៅ​២៦​នាក់​ដើម្បី​រង់ចាំ​ផ្តល់​សេវា​ព័ត៌មាន​ទាក់ទង​នឹង COVID-19 រីឯ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួមចំណែក​បន្ថែម​តាមរយៈ​ការបង្កើត​ប្រព័ន្ធ Hotline លេខ ១២៩៩ ក្នុងទិសដៅ​ដូចគ្នា ជាពិសេស​សម្រាប់​អ្នក​ភ្នំពេញ​។ តែ​អ្វី​ដែលជា​បញ្ហា​នោះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក្រសួងសុខាភិបាល បានបញ្ជាក់​ឲ្យ​ដឹងថា ៣០​ភាគរយ​នៃ​ការហៅ​ចូលទៅ​កាន់​១១៥ ជា​រឿង​មិនបានការ និង​ដើម្បី​លេងសើច​។​



​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ឲ្យ​ដឹងថា ក្រសួង​ពង្រីក​ប្រព័ន្ធ​សេវា​១១៥ ដើម្បី​ផ្តល់ព័ត៌មាន និង​ឆ្លើយឆ្លង​រាល់​ការសង្ស័យ​ទាំងឡាយណា​ពាក់ព័ន្ធ​នឹង COVID-19​។​

«​វិធាន​ការដែល​ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​ដាក់​បន្ថែមទៀត​នេះ គឺ​យើង​បាន​ពង្រីក​ចំនួន​អ្នក​ឆ្លើយតប​សេវា​ប្រព័ន្ធ​១១៥ ដែល​ពីមុន​មាន​គ្នា​១០​នាក់ ឥឡូវ​យើង​ដាក់​រហូតដល់​២៦​ហើយ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោកស្រី ឱ វណ្ណឌី​ន នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី COVID-19 កាលពី​ថ្ងៃទី​១០ មីនា ឆ្នាំ​២០២០​។

​ជាមួយគ្នា​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​ប្រព័ន្ធ Hotline លេខ ១២៩៩ ដើម្បីឱ្យ​ពលរដ្ឋ​ទាក់ទង​សួរ រាល់​ចម្ងល់​និង​ព័ត៌មាន​ផ្សេងៗ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​ក្រសួងសុខាភិបាល​ដើម្បី​ដោះស្រាយ និង​ចាត់វិធានការ​។

«​សូម​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាបថា ប្រសិនបើ​មាន​ចម្ងល់ ឬ​បញ្ហា​អ្វី​ទាក់ទង​នឹង​វីរុស​កូ​វីដ ១៩ (COVID-19) នោះ សូម​បងប្អូន​ទូរស័ព្ទ​មក Hotline លេខ ១២៩៩ ដើម្បីឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ជូន​ព័ត៌មាន​ទាំងអស់​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល មាន​ដំណោះស្រាយ ឬ​ចំណាត់​ការបន្ត​។​» នេះ​បើតាម​ការសរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្ងៃទី​១០ មីនា ឆ្នាំ​២០២០​។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការ​ទូរ​សព្ទ​ចូល​លេខ ១១៥ មាន​៧០​ភាគរយ​សួរ​ព័ត៌មាន​ពី COVID-19 ព្រមទាំង​រាយការណ៍​ពី​ស្ថានភាព​សុខភាព តែ​៣០​ភាគរយ​ទៀត​ជាការ​ហៅចូល​មិនបានការ​។​

​ករណី​ហៅចូល​មិនបានការ​រួមមាន ការប្រើ​កុមារ​តូចៗ​ឲ្យ​និយាយ​ជំនួស ក្រុម​ក្មេង​ដដែលៗ​ទូរ​សព្ទ​ចូល​គ្រប់គ្នា​នៃ​គ្រូពេទ្យ​ជំនាញ ទូរ​សព្ទ​ចូល​មិន​និយាយ​បើក​ចោល ទូរ​សព្ទ​ចូល​ចាក់​ចម្រៀង​ឲ្យ​ស្តាប់ ការប្រើ​សំដី​អសុរោះ អ្នក​ស្រវឹង​ទូរ​សព្ទ​ចូល​និយាយ​ស្តាប់​មិន​យល់ អ្នក​ទូរ​សព្ទ​តេស្ត​លេង ជាដើម​។​

«​យើងខ្ញុំ​សូម​សំណូមពរ​ដល់​សាធារណជន​មេត្តា​ប្រើប្រាស់​លេខ​១១៥ នេះ​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ដែល​អ្នក​ចង់​សួរ​ចង់ដឹង​ពី​ជំងឺ COVID-19 ព្រោះ​ពេល​បងប្អូន​រំខាន នាំ​ឲ្យ​អ្នក​ដទៃទៀត​មិនអាច​ទូរ​សព្ទ​ចូល​បាន ដែល​ចង់​ជួប​គ្រូពេទ្យ​ជំនាញ​យើងខ្ញុំ សូម​បងប្អូន​ប្រើ​លេខ ១១៥ នេះ​ឲ្យ​មាន​តំលៃ​បំផុត​»​។ នេះ​ជាការ​ស្នើសុំ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​៕



© រក្សាសិទ្ធិដោយ thmeythmey.com