COVID-19
អន្តរជាតិ
តារាភាពយន្តអាមេរិកដ៏ល្បី Tom Hanks និង Rita Wilson ឆ្លង COVID-19 នៅអូស្ត្រាលី លោក Tom Hanks និងភរិយា Rita Wilson ឆ្លង COVID-19 នៅអូស្ត្រាលី។ រូបថត AFP
× លោក Tom Hanks និងភរិយា Rita Wilson បានប្រកាសថា មានវិជ្ជមានកូរ៉ូណាវីរុស (COVID-19)។ តារាភាពយន្តដ៏ល្បីល្បាញរបស់អាមេរិក ដែលមានវ័យ៦៣ឆ្នាំទាំងពីរនាក់នេះ បានឆ្លងមេរោគរាតត្បាតនេះ នៅអូស្ត្រាលី។
«សួស្តីអ្នកទាំងអស់គ្នា។ Rita និងខ្ញុំ ស្ថិតនៅអូស្ត្រាលី។ យើងមានអារម្មណ៍អស់កម្លាំង រងារ និងឈឺរាងកាយ […] ដើម្បីឲ្យច្បាស់ ដូចតម្រូវការរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ពួកយើងបានធ្វើតេស្តរកកូរ៉ូណាវីរុស ហើយលទ្ធផលបង្ហាញថា វិជ្ជមាន»។ នេះជាការអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Tom Hanks កាលពីថ្ងៃពុធ ទី១១ ខែមីនា។
លោក Tom Hanks ជាតារា និងជាផលិតករភាពយន្តអាមេរិក តាំងពីឆ្នាំ១៩៧៧មក ហើយបានរៀបការជាមួយអ្នកស្រី Rita Wilson ដែលជាតារាសំដែង និងជាអ្នកចម្រៀង តាំងពីឆ្នាំ១៩៨៨។ ស្វាមីភរិយានេះ បានទៅអូស្ត្រាលី ពាក់នឹងការងារថតភាពយន្តមួយពីជីវិត Elvis Presley ដោយលោក Hanks ដើរតួជាមេបញ្ជាការ Tom Parker។
លោក Hanks ដែលជាម្ចាស់ពានអូស្ការ ផងដែរនោះ បានអះអាងថា លោកនិងភរិយា បន្តស្ថិតក្រោមការតាមដាន និងនៅដាច់ដោយឡែក ទៅតាមគោលការណ៍សុខាភិបាល។ ក្រោយករណីនេះ ភាពយន្តដែលលោក Hanks ត្រូវថត ក៏ត្រូវបានផ្អាកផងដែរ។
នៅអូស្ត្រាលី ក្រៅពីតារាភាពយន្តដ៏ល្បីល្បាញរបស់អាមេរិកមួយគូនេះ សិល្បករដែលលេចធ្លោរមួយរូបទៀតដែលបានឆ្លង COVID-19 នោះ គឺលោក Brett Dean តន្ត្រីករវីយ៉ូឡុង។ លោក Dean សិល្បករសហសម័យ ដែលទទួលបានពានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ បានឆ្លង COVID-19 កាលពីថ្ងៃទី៥ ខែមីនា ហើយបច្ចុប្បន្នស្នាក់មន្ទីរពេទ្យក្រុង Adelaide។
អូស្ត្រាលី ទើបតេស្តឃើញវិជ្ជមាន COVID-19 ចំនួន២៣ករណីបន្ថែមទៀតដែលធ្វើឲ្យចំនួនសរុបឡើងដល់១៣៩ ក្នុងនោះ ស្លាប់៣នាក់ និងសះស្បើយចំនួន២៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com