COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 ថ្មី​នៅ​ហ៊ូ​ប៉ី​ធ្លា​ក់មាន​៨​ករណី ឯ​អ្នក​សះស្បើយ​ទូទាំង​ចិន​មាន​ជិត​៨០​ភាគរយ​
12, Mar 2020 , 3:34 pm        
រូបភាព
បុគ្គលិកសុខាភិបាលចិនបង្ហាញក្ដីរីករាយនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងវូហាន។ រូបភាព Xinhua
បុគ្គលិកសុខាភិបាលចិនបង្ហាញក្ដីរីករាយនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងវូហាន។ រូបភាព Xinhua
​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) នៅ​ខេត្ត​ហ៊ូ​ប៉ី បាន​ធ្លាក់​ចុះមក​តួលេខ​មួយ​ខ្ទង់​ប៉ុណ្ណោះ គឺ​៨​ករណី​នៅ​ថ្ងៃទី​១១ ខែមីនា​។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មការ​សុខាភិបាល​ចិន​នៅ​ថ្ងៃទី​១២ ខែមីនា​។ នេះ​ជា​លើកដំបូង​ចាប់តាំងពី​ការផ្ទុះ​ឡើង​វីរុស​ប្រភេទ​ថ្មី ដែល​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​តិចតួច​បែបនេះ​។ តួលេខ​ឆ្លង​ថ្មី​នៅ​ទូទាំងប្រទេស ក៏​បន្ត​ធ្លាក់ចុះ ខណៈដែល​ចំនួន​អ្នក​សះស្បើយ​មាន​ដល់​ជិត​៨០​ភាគរយ​ឯណោះ​។

 
​បើតាម​គណៈកម្មការ​សុខាភិបាល​ចិន ករណី​ឆ្លង​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១១ ខែមីនា មាន​ចំនួន​១៥​ករណី ដោយនៅ​ខេត្ត​ហ៊ូ​ប៉ី​មាន​៨ និង​៧​ទៀត​នៅ​ខេត្ត​ផ្សេងៗ​។ ក្នុងចំណោម​៧​ករណីនេះ មាន​៦​ករណី ជាការ​នាំចូល​ពី​ប្រទេស​ផ្សេង​ដោយ​ខេត្ត​គ័ង​តុង​មាន​បី​ករណី កាន់​ស៊ូ​មាន​ពីរ និង​ហឺ​ណាន​មាន​មួយ​ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​បែបនេះ​នៅ​ចិន​មាន​ចំនួន​៨៥​ករណី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​បូក​បន្ថែម​ករណី​ឆ្លង​ទាំង​១៥​នេះ ការឆ្លង​សរុប​នៅ​ចិន​មាន​ចំនួន​៨០៧៩៣​ករណី ដោយមាន​អ្នកស្លាប់​ចំនួន​៣១៦៩​នាក់​គិត​ត្រឹម​ថ្ងៃទី​១១ ខែមីនា​។ ជាមួយគ្នា​នោះ ចំនួន​អ្នក​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ មាន​ចំនួន​៦២៧៩៣ ដែល​ស្មើនឹង​ជិត​៨០​ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​ទាំងអស់​។   
 
​ជារួម ករណី​ឆ្លង​នៅក្នុង​ស្រុក​នៅ​ចិន បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​៧​ថ្ងៃ​ចុងក្រោយ ដែល​នេះ​ជា​លទ្ធផល​នៃ​វិធានការ​ដ៏​តឹងរ៉ឹង​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​ចិន​។ ទីក្រុង​វូ​ហាន​ទាំងមូល​ដែលមាន​ប្រជាជន​១១​លាន​នាក់ ត្រូវបាន​បិទ​ជិតឈឹង ការធ្វើ​ចរាចរណ៍​ក៏ត្រូវ​រឹតត្បិត ខណៈ​ខេត្ត​ហ៊ូ​ប៉ី​ដែលមាន​មនុស្ស​ជាង​៦០​លាន​នាក់ ក៏​ស្ថិតក្រោម​បម្រាម​ធ្វើដំណើរ​ទៅមក​ទាំងអស់ ឯ​ខេត្ត​ខណ្ឌ​ផ្សេងៗ ក៏​អនុវត្ត​វិធានការ​តឹងរ៉ឹង​ដូចគ្នា​។​
 
​យ៉ាងណាមិញ ក្ដីបារម្ភ​នៅតែមាន​ពាក់ព័ន្ធ​ករណី​ឆ្លង COVID-19 នេះ ពិសេស​ការឆ្លង​ពី​ប្រទេស​ខាងក្រៅ​។ កូរ៉េខាងត្បូង អ៊ីរ៉ង់ និង​អ៊ីតាលី ជា​ប្រភព​ចម្លង​ចម្បង​នៃ​ករណី​ឆ្លង​នាំចូល​ពី​បរទេស​។ ដើម្បី​ទប់ស្កាត់​ករ​នាំចូល​វីរុស​នេះ អាជ្ញាធរ​ចិន បាន​អនុវត្ត​វិធានការ​ខ្លាំង​នៅតាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំងអស់​។ នៅ​រដ្ឋធានី​ប៉េកាំង អ្នកដំណើរ​បរទេស​ទាំង​អស់ ត្រូវដាក់​ខ្លួន​ឲ្យ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ មុន​ចាកចេញ​ទៅកាន់​ទីក្រុង​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com