COVID-19
អន្តរជាតិ
ថៃ​១១​នាក់​ឆ្លង COVID-19 ដោយសារ​ផឹកស្រា​កែវ​រួមគ្នា​នា​ពិធី​អាពាហ៍ពិពាហ៍​មួយ​
12, Mar 2020 , 3:59 pm        
រូបភាព
រូបតំណាង
រូបតំណាង
​ក្រសួងសុខាភិបាល​ថៃ នា​ថ្ងៃទី​១២ ខែមីនា បានប្រកាស​រកឃើញ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ១១​ករណី​បន្ថែមទៀត​។ បើតាម​ក្រសួងសុខាភិបាល​ថៃ អ្នកជំងឺ​ទាំង ១១​ករណី បាន​ឆ្លង​COVID-19 ដោយសារតែ​ផឹកស្រា​កែវ​រួមគ្នា និង​ចែក​បារី​គ្នា​ជក់​។ ករណី​សរុប​នៅក្នុង​ប្រទេស​ថៃ បាន​កើន​ដល់​ចំនួន ៧០​ករណី ខណៈ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ បាន​រកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។

 
​ក្រសួងសុខាភិបាល​ថៃ នា​ថ្ងៃទី​១២ ខែមីនា បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនជាតិ​ថៃ​ចំនួន ១៥​នាក់ ដែលជា​មិត្តភក្តិ​នឹង​គ្នា មនុស្ស​ចំនួន ១១​នាក់​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក COVID-19​។ ក្នុងចំណោម​អ្នក​ទាំង ១៥​នាក់​នេះ មាន​អ្នកខ្លះ​បាន​ជួប​ជាមួយ​ភ្ញៀវ​មកពី​ហុងកុង​នា​ថ្ងៃទី​២១ ខែកុម្ភៈ​។ រហូតដល់​ថ្ងៃទី​២៥ ខែកុម្ភៈ អ្នក​ជួប​ភ្ញៀវ​មកពី​ហុងកុង​ទាំងនោះ បានចេញ​រោគសញ្ញា​ដូចជា​ឈឺក្បាល ក្តៅខ្លួន និង​ក្អក​ជាដើម​។ 
 
​បើទោះបីជា​មិន​ស្រួលខ្លួន​ក៏ដោយ អ្នកជំងឺ​នៅតែ​ទៅ​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយកន្លែង និង​បាន​ផឹកស្រា​ជុំគ្នា​។ ក្នុង​ពិធី​នេះហើយ​ដែល​ពួកគេ​បាន​ប្រើប្រាស់​កែវស្រា​រួមគ្នា និង​ចែក​បារី​គ្នា​ជក់​ទៀតផង​។ បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​រួចមក ក្នុងចំណោម​មនុស្ស ១៥​នាក់ មាន ១១​នាក់​ផ្ទុក COVID-19 ចំណែក ៤​នាក់​ទៀត មិនមាន​ផ្ទុក​ជំងឺ​នេះឡើយ ព្រោះ​មិនបាន​ផឹកស្រា និង​ជក់បារី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation​។  
 
​ចំណែក​មនុស្ស​ផ្សេងទៀត ដែល​ចូលរួម​ក្នុង​អាពាហ៍ពិពាហ៍​នេះ ក៏ត្រូវ​បាន​គេ​យក​សំណាក​ទៅពិនិត្យ​ផងដែរ ប៉ុន្តែ​រកឃើញ​អវិជ្ជមាន​។ សរុប​ករណី COVID-19 ទាំងអស់​នៅ​ថៃ មាន​ករណី​សរុប ៧០ អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ​មាន ៣៥​ករណី​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​រកឃើញ​ករណី​ឆ្លង​COVID-19 ជា​បន្តបន្ទាប់​។ ក្នុងប្រទេស​ទាំងនោះ​មានដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា ម៉ាឡេស៊ី ព្រុយ​ណេ ជាដើម​។ មានតែ​ប្រទេស ២​ប៉ុណ្ណោះ ដែល​មិនទាន់​រកឃើញ​មាន​COVID-19 ក្នុងនោះ​មាន​មី​យ៉ាន់​ម៉ា និង​ឡាវ​៕ 
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com