កីឡាជាតិ
ជាតិ
គ្រូ​ស្វាយរៀង​ស្តាយ​ដែល​លទ្ធផល​មិន​ដូច​ការរំពឹងទុក ដោយ​ក្រុម​វៀតណាម​លេង​យ៉ាង​ល្អ​នៅ​តង់​ទី​ពីរ​
12, Mar 2020 , 7:19 pm        
រូបភាព
លោក Conor Nestor បង្ហាញទឹកមុខក្រៀមក្រំក្រោយស្វាយរៀងចាញ់ក្រុម Thang Quang Ninh ៤-១, រូបភាពក្លិបព្រះខ័នរាជស្វាយរៀង
លោក Conor Nestor បង្ហាញទឹកមុខក្រៀមក្រំក្រោយស្វាយរៀងចាញ់ក្រុម Thang Quang Ninh ៤-១, រូបភាពក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​លោក Conor Nester គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​សង្កេតឃើញថា កូនក្រុម​ខ្លួន​ធ្វើ​បានល្អ តែ​ហាក់​ឆាប់​ថមថយ​កម្លាំង​។ កត្តា​នេះ ត្រូវបាន​លោក​ចាត់ទុក អាចជា​មូលហេតុ​ធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​រង​បរាជ័យ ៤-១ ក្រោម​ថ្វី​ជើង​ក្រុម​របស់​វៀតណាម Thang Quang Ninh នា​ជំនួប G នៃ​ពានរង្វាន់ AFC Cup 2020 កាលពី​ល្ងាច​ថ្ងៃទី​១១ មីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ តែ​យ៉ាងណា​គ្រូបង្វឹក​ក្រុម​របស់​វៀតណាម​បាន​និយាយថា ការសិក្សា​ពី​តិច​និក និង​បិទ​កីឡាករ​សំខាន់ៗ​របស់​គូប្រកួត​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ក្រុម​លោក​ទទួលបាន​៣​ពិន្ទុ​នៅលើ​ទឹកដី​កម្ពុជា​។

 
​ទោះ​រង​បរាជ័យ ៤-១ ក្រោម​ថ្វី​ជើង​ក្រុម Thang Quang Ninh តែ​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លោក Conor Nestor សង្កេតឃើញថា កូនក្រុម​របស់ខ្លួន​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​តង់​ទី​១ ទាំង​នៅ​តំបន់​ការពារ និង​ប្រយុទ្ធ​។ កត្តា​នេះ ធ្វើ​ឲ្យ​លោក មាន​ទំនុកចិត្ត​ថា កីឡាករ​ស្វាយរៀង​នឹង​ធ្វើបាន​កាន់តែ​ល្អ​បន្ថែមទៀត​នៅ​តង់​ទី​២​។ ប៉ុ​ន្ត​អ្វីៗ​មិន​ដូច​ការរំពឹងទុក​រប​ស់ លោក​នោះទេ ពោលគឺ​អ្នក​ដែល​ធ្វើ​បានល្អ​នៅ​តង់​ទី​២ គឺជា​គូប្រកួត​របស់ខ្លួន​ទៅវិញ​។ 
 
«​នៅ​តង់​ទី​១​អ្នកធ្វើ​បានល្អ​គឺ​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឈានដល់​តង់​ទី​២​ចាប់ពី​នាទី​៦០​កីឡាករ​យើង​មាន​ភាព​នឿយហត់​ខ្លាំង​ទាំង​រាងកាយ​និង​ស្មារតី​។ នៅពេល​យើង​បាត់បង់​ស្មារតី ហើយ​បញ្ចូល​បាល់​មិន​បាល់​ល្អ បាត់​បាល់ ធ្វើ​ឲ្យ​គូប្រកួត​អាច​រក​គ្រាប់​បាល់​បាន​»​។ លោក Conor Nestor លើកឡើង​ដូច្នេះ​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ស្វាយរៀង​ចាញ់ Thang Quang Ninh ៤-១ កាលពី​យប់​ថ្ងៃទី​១១ មីនា​។  


កីឡាករ Privat (អាវខៀវ)ព្យាយាមអូសបាល់គេចពីការរារាំងរបស់កីឡាករពីររូបរបស់ Thang Quang Ninh, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
 
​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ យល់ឃើញថា កត្តា​ដែល​ធ្វើ​ឲ​ឲ្យ​ទម្រង់​លេង​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​មានការ​ធ្លាក់ចុះ​នៅ​តង់​ទី​២ គឺ​បណ្តាលមកពី​ភាព​នឿយហត់​របស់​កីឡាករ​។ លោក​សន្និដ្ឋានថា បញ្ហា​នេះ អាច​បណ្តាលមកពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​ពេលវេលា​សម្រាក​តិច ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រមូល​កម្លាំង​មិនបាន​ល្អ​។ ព្រោះ​ពីរ​ថ្ងៃមុន​ប៉ះ​ក្រុម Thang Quang Ninh ក្រុម​នេះ​ទើបតែ​ប៉ះ​ភ្នំពេញ​ក្រោ​ន​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។ នា​ជំនួប​ដែល​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទីនេះ​បានធ្វើ​ឲ្យ​កីឡាករ  ប្រាក់ មុន្នី​ឧ​ត្ត​ម និង ឈិន ឈឿន រងរបួស ដែល​ធ្វើ​នាំ​ឲ្យ​ពួកគេ​អវត្តមាន​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​ជាមួយគ្នានេះ លោក Phan Thanh Hung គ្រូបង្វឹក​ក្រុម Thang Quang Ninh បាន​អះអាងថា លោក​បាន​សិក្សា​បច្ចេកទេស តិច​និក និង​កីឡាករ ដែល​អាច​បង្ក​គ្រោះថ្នាក់​របស់​គូប្រកួត​យ៉ាង​ល្អ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​អាច​ប្រើ​យុទ្ធសាស្ត្រ​វាយបក​ក្នុង​ការរក​គ្រាប់​រហូត​ទទួលបាន​ជ័យជម្នះ​។  
 
«​យើង​ដឹងថា​ស្វាយរៀង​ជា​ក្រុម​ខ្លាំង យើង​តែងតែ​យកចិត្តទុកដាក់​លើ​តិច​និក​របស់គេ បន្ទាប់មក​យើង​ប្រើការ​វាយបក និង​អាច​រក​គ្រាប់​បាល់​បានសម្រេច​។ មួយវិញទៀត​យើង​ឃើញ​កីឡាករ Privat គឺ​ពិតជា​គ្រោះថ្នាក់ ដូច្នេះ​យើង​ព្យាយាម​បិទ​គាត់ ហើយ​បូករួម​ជាមួយ​យើង​មានឱកាស​ជាច្រើន​ដើម្បី​រក​គ្រាប់​បាល់ ទើប​ធ្វើ​ឲ្យ​យើង​ទទួលបាន​ជ័យជម្នះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Phan Thanh Hung​។ 
 
​សម្រាប់​ការប្រកួត​បន្ទាប់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​វៀតណាម​ដើម្បី​សងសឹក​ក្រុម Thang Quang Ninh នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះដែរ ក្រុម Ceres Negros បាន​យកឈ្នះ​ក្រុម Bali United ក្នុង​លទ្ធផល ៤-០ ដែល​ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ពួកគេ​បន្ត​ឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ ដែល​ឈរ​ពីក្រោយ​ដោយ​ក្រុម Thang Quang Ninh មាន​៤​ពិន្ទុ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​លេខ​រៀង​ទី​៣​មាន​៣​ពិន្ទុ ស្មើ​ក្រុម​លេខ​៤ Bali United៕   

Tag:
 AFC Cup 2020
  Conor Nester
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com