ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​អាមេរិក​៖ យើង​អន់ចិត្ត​ដែល​ព្រះរាជអាជ្ញា​ទាញ​អាមេរិក ទៅ​ពាក់ព័ន្ធ​ករណី​លោក កឹម សុខា​
12, Mar 2020 , 4:29 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Pratick Murphy ថ្លែងក្នុងសន្និសីទ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយសវនាការលោក កឹម សុខា នាថ្ងៃទី១២ មីនា ឆ្នាំ២០២០
អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Pratick Murphy ថ្លែងក្នុងសន្និសីទ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយសវនាការលោក កឹម សុខា នាថ្ងៃទី១២ មីនា ឆ្នាំ២០២០
​ភ្នំពេញ​៖ អាមេរិក អាក់អន់ចិត្ត​ចំពោះ​ព្រះរាជអាជ្ញា​កម្ពុជា ដែល​បាន​ព្យាយាម​ទាញ​អាមេរិក ទៅ​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ចោទ​ពីបទ​គប់គិត​ជាមួយ​បរទេស​។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​បែបនេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​សវនាការ​លោក កឹម សុខា នា​ថ្ងៃទី​១២ មីនា​។​


 
​លោក W. Patrick Murphy បាន​និយាយថា សហរដ្ឋអាមេរិក កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ដំណើរការ​កាត់ក្តី​លោក កឹម សុខា នៅពេលនេះ ហើយ​បុគ្គលិក​ស្ថានទូត​ក៏បាន​ព្យាយាម​ប្រមូល​ព័ត៌មាន​យ៉ាង​ល្អិតល្អន់ ជុំវិញ​សវនាការ​នេះ គ្រប់ពេលវេលា​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​លោក Patrick Murphy មិនសូវ​សប្បាយចិត្ត​នោះ គឺ​ព្រះរាជអាជ្ញា​កម្ពុជា បាន​យក​អាមេរិក ទៅ​ផ្សារភ្ជាប់​នៅក្នុង​ករណី​លោក កឹម សុខា​។​
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ចូល​ស្ដាប់​សវនាការ​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១២ មីនា​នេះ បានធ្វើ​សន្និសីទកាសែត ដោយមាន​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មានការ​រំខាន​ចិត្ត ដោយ​ឃើញ​ខាង​ព្រះរាជអាជ្ញា​បាន​ព្យាយាម​លើកឡើង​ពី​ចំណុច​មួយចំនួន ដែលជា​រឿង​មិន​ពិត ទាក់ទង​នឹង​សហរដ្ឋអាមេរិក នៅក្នុង​ករណី​លោក កឹម សុខា »​។​
 
​បើតាម​លោក W. Patrick Murphy រដ្ឋាភិបាល​អាមេរិក​មិនដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​របស់​ប្រទេស​កម្ពុជា​ទេ ។ «​យើង​គោរព​ពេញលេញ​ចំពោះ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​។ តែ​យើង​គាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សង្គម​ស៊ីវិល​ដែលមាន​ភាព​សកម្ម និង​ការអត់ឱន​ដល់​ទស្សនៈ​ប្រឆាំង ជា​ផ្នែក​សំខាន់​ចាំបាច់​មួយ​នៃ​គ្រប់​លទ្ធិប្រជាធិបតេយ្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អគ្គរដ្ឋទូត​អាមេរិក ដែល​សង្ឃឹមថា លោក កឹម សុខា នឹង​អាច​ទទួល​សិទ្ធិ​នយោបាយ​វិញ នាពេលខាងមុខ​។​
 
​សម្រាប់​លោក W. Patrick Murphy លោក កឹម សុខា គឺជា​អ្នកនយោបាយ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយរូប​នៅលើ​ពិភពលោក ដែលជា​អ្នកគាំទ្រ និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​។​
​នៅ​សវនាការ​ព្រឹក​ថ្ងៃទី​១២ មីនា​នេះ ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ មេធាវី​ដើមបណ្ដឹង និង​មេធាវី​ចុងចោទ បានបញ្ចប់​ការជជែក​ដេញដោល​គ្នា​លើ​អង្គហេតុ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​ឈានទៅ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣​។ ក្នុង​សវនាការ ក៏មាន​ការសួរដេញដោល​លើ​ថវិកា​ចំណាយ​លើ​សកម្មភាព​នយោបាយរ​ប​ស់លោក កឹម សុខា ផងដែរ​។ 
 
​ទាក់ទង​នឹង​ថវិកា​ធ្វើ​សកម្មភាព​ផ្សេងៗ​របស់លោក កឹម សុខា នេះ ត្រូវបាន​មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល លោក គី តិច ធ្លាប់បាន​អះអាងថា ខ្លួន​មាន​ភស្តុតាង​ដែល​លោក កឹម សុខា យកលុយ​ពីរ​ដ្ឋ​បរទេស មក​ធ្វើ​សកម្មភាព​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា​។​
 
​តែ​យ៉ាងណា​មេដឹកនាំ​អតីត​បក្សប្រឆាំង​លោក កឹម សុខា ក៏​ធ្លាប់បាន​សង្កត់ធ្ងន់ថា ខ្មែរ​រស់នៅ​ក្រៅប្រទេស និង​ក្នុងប្រទេស ជា​អ្នកផ្ដល់​ថវិកា​ជួយ​បក្ស គឺ​អត់​មាន​យកលុយ​រដ្ឋ​បរទេស​ទេ​។ លោក កឹម សុខា ក៏បាន​ទាមទារ​ឱ្យ​តុលាការ​កោះហៅ​អាមេរិក មក​សាកសួរ​ជុំវិញ​បទ​ចោទ​ខ្លួន​ផងដែរ ប៉ុន្តែ​អយ្យការ​សាលាដំបូង អះអាងថា ច្បាប់​ស្រុក​ខ្មែរ ដាក់ទោស​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​។​
 
​ជុំវិញ​រឿង​ថវិកា​នេះ លោក W. Patrick Murphy បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ចំនួន ៣ ពាន់​លាន​ដុល្លា ដល់​ប្រទេស​កម្ពុជា ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅនេះ ដោយ​រួមទាំង​ជំនួយ​ប្រកបដោយ​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្សនយោបាយ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។​
 
«​កម្មវិធី​របស់​យើង​គឺ​សម្រាប់​គណបក្សនយោបាយ​ទាំងអស់ ដោយ​រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ប្រទេស និង​ស្ថាប័ន​ជាច្រើន​ទៀត​របស់​រដ្ឋាភិបាល​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​រដ្ឋទូត​អាមេរិក នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១២ មីនា​៕

Tag:
 កឹម សុខា​
  អាមេរិក​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com