ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះរាជអាជ្ញា បដិសេធថា ខ្លួន​មិនបាន​ចោទប្រកាន់​អាមេរិក ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា ឡើយ​
12, Mar 2020 , 8:19 pm        
រូបភាព
រូបពីស្ថានទូតអាមេរិកប្រចាំកម្ពុជា
រូបពីស្ថានទូតអាមេរិកប្រចាំកម្ពុជា
​ភ្នំពេញ​៖ ព្រះរាជអាជ្ញា បាន​បដិសេធថា ខ្លួន​មិនបាន​ចោទប្រកាន់​អាមេរិក ឬ​រដ្ឋ​បរទេស​ណា ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា ឡើយ​។ ការបដិសេធ​របស់​ព្រះរាជអាជ្ញា​នេះ ធ្វើឡើង​តាមរយៈ​លិខិត​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​នឹង​អាមេរិក ដែល​បាន​អះអាងថា ព្រះរាជអាជ្ញា​ព្យាយាម​ទាញ​អាមេរិក ទៅ​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា ដែល​កំពុង​ជាប់ចោទ​ពីបទ​គប់គិត​ជាមួយ​បរទេស​។​


 
​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១២ មីនា យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្តី លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះរាជអាជ្ញា​ពុំបាន​ចោទប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះឡើយ​»​។ 
 
​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាងថា ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ទៅលើ​លោក កឹម សុខា ដោយមាន​អង្គហេតុ អង្គច្បាប់ ព្រមទាំង​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ទៅតាម​ច្បាប់​កម្ពុជា​តែប៉ុណ្ណោះ​។​
 
​នៅ​សវនាការ​ព្រឹក​ថ្ងៃទី​១២ មីនា​នេះ ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ មេធាវី​ដើមបណ្ដឹង និង​មេធាវី​ចុងចោទ បានបញ្ចប់​ការជជែក​ដេញដោល​គ្នា​លើ​អង្គហេតុ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​ឈានទៅ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣​។ ក្នុង​សវនាការ ក៏មាន​ការសួរដេញដោល​លើ​ថវិកា​ចំណាយ​លើ​សកម្មភាព​នយោបាយរ​ប​ស់លោក កឹម សុខា ផងដែរ​។​
 
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា W. Patrick Murphy ដែល​បាន​ចូល​ស្ដាប់​សវនាការ បាន​ឆ្លើយ​ប្រាប់​អ្នកកាសែត នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២ មីនា ថា អាមេរិក អាក់អន់ចិត្ត​ចំពោះ​ព្រះរាជអាជ្ញា​កម្ពុជា ដែល​បាន​ព្យាយាម​ទាញ​អាមេរិក ទៅ​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ចោទ​ពីបទ​គប់គិត​ជាមួយ​បរទេស​។ 
 
អត្ថបទទាក់ទង

​លោក W. Patrick Murphy បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​អាមេរិក​មិនដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​របស់​ប្រទេស​កម្ពុជា​ទេ ។ «​យើង​គោរព​ពេញលេញ​ចំពោះ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​។ តែ​យើង​គាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សង្គម​ស៊ីវិល​ដែលមាន​ភាព​សកម្ម និង​ការអត់ឱន​ដល់​ទស្សនៈ​ប្រឆាំង ជា​ផ្នែក​សំខាន់​ចាំបាច់​មួយ​នៃ​គ្រប់​លទ្ធិប្រជាធិបតេយ្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អគ្គរដ្ឋទូត​អាមេរិក ដែល​សង្ឃឹមថា លោក កឹម សុខា នឹង​អាច​ទទួល​សិទ្ធិ​នយោបាយ​វិញ នាពេលខាងមុខ​៕

Tag:
 កឹម សុខា​
  នយោបាយ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com