COVID-19
កីឡាជាតិ
ជាតិ
CNCC ជំរុញឲ្យក្លិបនៅលីគកំពូលពង្រឹងការពិនិត្យរក COVID-19 លើកីឡាករ និងអ្នកគាំទ្រ សកម្មភាពមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាវាស់កម្តៅ និងផ្តល់ទឹកលាងដៃដល់កីឡាករមុនជំនួបរវាងស្វាយរៀងជាមួយ Thang Quang Ninh
× គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)ជំរុញឲ្យក្លិបសមាជិកលីគកំពូលទាំងអស់រឹតបណ្តឹងការត្រួតពិនិត្យរកមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ពេលមានការប្រកួតម្តងៗ។ ការជំរុញនេះ គឺដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនិងបង្ការការរីករាលដាលមេរោគ COVID-19 ដែលកំពុងរីករាលដាលក្នុងបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក។
ស្របពេលកម្ពុជា ក៏ដូចជាប្រទេសមួយចំនួនជុំវិញពិភពលោក កំពុងមានការព្រួយបារម្ភលើការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅថ្ងៃទី១២ មីនា នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលមានខ្លឹមសារចូលរួមប្រយុទ្ធប្រឆាំងនិងបង្ការការរីករាលដាលមេរោគប្រភេទថ្មីនេះនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC ដោយជំរុញឲ្យក្លិបទាំងអស់រឹតបណ្តឹងការត្រួតពិនិត្យស្វែងរកមេរោគ COVID-19 ពេលខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតម្តងៗ។ ក្នុងនោះ CNCC ស្នើឲ្យក្លិបទាំងអស់រៀមចំឲ្យមានទឹកលាងដៃដូចជាអាល់អុល ឬជែលនៅតាមបន្ទប់ទឹក និងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករ និងតាមច្រកចេញចូលកីឡដ្ឋានជាដើម។
លើសពិណេះ ក្លិបទាំងនោះ ត្រូវមានឧបករណ៍វាស់កម្តៅអ្នកគាំទ្រ ដែលមកទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន។ ក្នុងករណីរកឃើញអ្នកគាំទ្រណាមានកម្តៅខ្ពស់ គឺមិនត្រូវអនុញ្ញាតឲ្យចូលទីលានប្រកួតនោះទេ ហើយបើមានករណីសង្ស័យណាមួយក្លិបត្រូវទាក់ទងនៅ CNCC ឬលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ១១៥។ CNCC ក៏តម្រូវឲ្យក្លិបបិទលិខិតបណ្ណរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការនិងការពារវីរុស COVID-19 តាមច្រកចេញចូលកីឡដ្ឋានផងដែរ។
CNCC នឹងផ្តល់ឧបករណ៍វាស់កម្តៅដល់ស្នងការប្រកួតនីមួយៗ ដើម្បីត្រួតពិនិត្យកីឡាករគ្រប់រូបទាំងក្រុមម្ចាស់ផ្ទះ និងភ្ញៀវរៀងរាល់ការប្រកួត។ ការជំរុញទាំងនេះរបស់ CNCC គឺដើម្បីរួមចំណែកបង្ការហានិភ័យនៃការរីករាលដាលនៃមេរោគ COVID-19 នៅជុំវិញកីឡដ្ឋាន និងរក្សាសុវត្ថិភាពជូនកីឡាករនិងអ្នកគាំទ្រ ក៏ដូចជាមន្ត្រី និងបុគ្គលិកនានា៕
Tag:
បាល់ទាត់
CNCC
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com