COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកក្លិប Arsenal លោក Mikel Arteta ឆ្លង COVID-19
× លោក Mikel Arteta គ្រូបង្វឹកក្លិបបាល់ទាត់កាំភ្លើងធំ Arsenal មានលទ្ធផលតេស្តវិជ្ជមានកូរ៉ូណាវីរុស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិប ដោយបានសម្រេចបិទមជ្ឈមណ្ឌលហ្វឹកហាត់ London Colney។
ក្លិបបានបញ្ជាក់ថា បុគ្គលិកទាំងអស់ដែលធ្លាប់ជួបលោក Arteta នារយៈពេលចុងក្រោយ ត្រូវស្ថិតនៅដាច់ដោយឡែក និងអនុវត្តតាមគោលការណ៍សុខាភិបាលរបស់រដ្ឋាភិបាល។ មនុស្សដែលប្រឈមខ្លាំងនោះ មានអ្នកនៅ Colney ជាពិសេសឈុតធំ Arsenal និងបុគ្គលិកមួយចំនួននៃឈុតយុវជននៅ Hale End Academy ដែលត្រូវបានបិទបណ្តោះអាសន្នផងដែរ។
លោក Vinai Venkatesham នាយកគ្រប់គ្រងក្លិប Arsenal បានអះអាងថា៖ «សុខភាពរបស់ក្រុមការងារយើង និងសាធារណជនគឺជាអាទិភាពចម្បង។ យើងគិតដល់លោក Arteta ដែលកំពុងខកចិត្ត ប៉ុន្តែមានស្មារតីរឹងមាំ។ លោក Raul Sanllehi ដែលជានាយកគ្រប់គ្រងផ្នែកបាល់ទាត់របស់ក្លិប បានបន្ថែមថា Arsenal កំពុងពិភាក្សាទាក់ទងនឹងកម្មវិធីប្រកួតខាងមុខរបស់ខ្លួនក្នុង Premier League ក៏ដូចជា FA Cup។
លោក Arteta បាននិយាយថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ខ្ញុំបានធ្វើតេស្ត បន្ទាប់ពីមានអារម្មណ៍មិនសូវស្រួល។ ខ្ញុំនឹងចូលធ្វើការវិញនាពេលឆាប់ៗខាងមុខ នៅពេលទទួលបានការអនុញ្ញាតត្រឹមត្រូវ»៕ © រក្សាសិទ្ធិដោយ thmeythmey.com