ល្ហុងជាផ្លែឈើហូបផ្លែមួយប្រភេទដែលអាចទទួលទានបានទាំងនៅពេលខ្ចីនិងទុំ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ បើទោះជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះសុខភាពជួយទប់ស្កាត់ជំងឺឡើយ។
ថ្ងៃនេះយើង នឹងបង្ហាញឥទ្ធិពលស្មានមិនដល់នៃការទទួលទានផ្លែល្ហុងទោះត្រឹម ១ ដងក្នុង ១ សប្តាហ៍ក៏ដោយ ៖
១. បញ្ចុះកូឡេស្តេរ៉ូល
ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ម្យ៉ាងវិញទៀតល្ហុង មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene។ សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសរសៃឈាមបេះដូង។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន B វីតាមីន C និងវីតាមីន E ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាមដែលទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C និងវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៣. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ
ល្ហុងមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ព្រមទាំងសារធាតុ chymopapain និង papain ដែលជួយបំបែករំលាយប្រូតេអ៊ីនកាត់បន្ថយការរលាកផ្សេងៗក្នុងរាងកាយ។
៤. គ្រប់គ្រងសម្ពាធឈាម
នេះក៏ព្រោះតែល្ហុងមានផ្ទុកសារធាតុ carpaine ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងសម្ពាធឈាម។
៥. កាត់បន្ថយស្ត្រេស
វីតាមីន C ក្នុងផ្លែល្ហុងជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បានយ៉ាងប្រសើរដោយគ្រប់គ្រងលំហូរនៃអ័រម៉ូនស្ត្រេស។
៦. សុខភាពប្រព័ន្ធរំលាយអាហារ
ការទទួលទានល្ហុង គឺល្អណាស់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារដោយវាមានផ្ទុកសម្បូរទៅដោយជាតិសរសៃ វីតាមីន C សារធាតុ folate និង beta-carotene៕
ត្រួតពិនិត្យដោយ www.health.com.kh