COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖ ព័ត៌មាន​ក្លែងក្លាយ កាច​សាហាវ​ជាង​COVID-19 ទៀត​
13, Mar 2020 , 10:12 am        
រូបភាព
​ភ្នំពេញ​៖ ពី​បន្ទប់​ប្រជុំ​សភាពេញអង្គ នៅ​ថ្ងៃទី​១៣ មីនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា សម្ដេច​គ្មាន​វីរុស​COVID-19​ឡើយ​។ ការអះអាង​របស់​សម្ដេច ហ៊ុន សែន នេះ គឺ​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព​សម្ដ​ច​។​



​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោល​ព័ត៌មាន ដែល​ផ្សាយ​ថា សម្ដេច​ផ្ទុក​វីរុស​COVID-19​។ សម្ដេច​ចាត់ទុក​ការចុះផ្សាយ​នេះ​ថា ជា​ព័ត៌មាន​ក្លែងក្លាយ ដែល​កាច​សាហាវ​ជាង​COVID-19 ទៀត​។​

«​មាន​ទូរទស្សន៍​បរទេសមួយ បាន​ផ្សាយ​ថា​ខ្ញុំ​បាន​ឬ​ប្រហែល​ឆ្លង​កូ​វីត​១៩​ទៅហើយ​។ ពេលនេះ​ខ្ញុំ​កំពុង​អង្គុយ​ប្រជុំ​រដ្ឋសភា និង​ថ្ងៃស្អែក​ត្រូវ​ចេញទៅ​ខេត្តបាត់ដំបង ដែល​ខ្ញុំ​ត្រូវ​នៅ​ទីនោះ​រហូត​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៥ មីនា ២០២០​។​កូ​វីត​១៩​វា​កាច​សាហាវ​ណាស់​ទៅហើយ តែ​ព័ត៌មាន​ក្លែងក្លាយ​វា​កាច​សាហាវ​ជាង​ជំងឺ​នេះ​ទៅទៀត​ដែល​យើង​ចាំបាច់​ត្រូវតែ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣ មីនា​នេះ កម្ពុជា មាន​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ចំនួន​៥​នាក់​ហើយ​។ ក្នុងនោះ មាន​ជនជាតិ​អង់គ្លេស​៣​នាក់ ដែលជា​អ្នកដំណើរ​នៅលើ​នាវា Viking Cruise ស្ថិតនៅ​ខេត្តកំពង់ចាម និង​ជនជាតិខ្មែរ កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្តសៀមរាប​។ ដោយឡែក​ជនជាតិ​ចិន​ម្នាក់ វ័យ​៦០​ឆ្នាំ ស្នាក់នៅ​ខេត្ត​ព្រះសីហនុ បានជា​សះស្បើយ​ពី​វីរុស COVID-19 កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​កន្លងមក​។​

​បច្ចុប្បន្ន​មនុស្ស​ជិត​៥០​នាក់​នៅ​ខេត្តសៀមរាប ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប៉ះពាល់​ដោយ​ប្រយោល ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ មាន​ផ្ទុក​វីរុស​COVID-19​នេះ កំពុងស្ថិត​នៅក្រោម​ការ​ដាន​តាម និង​ត្រួតពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ចំណែក​អ្នកដំណើរ​លើ​នាវា Viking Cruise ជិត​៦០​នាក់ ក៏​ស្ថិតនៅក្រោម​ការតាមដាន​ដែរ​។​

ជុំវិញ​បញ្ហា​នេះ សម្ដេច ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ តាមរយៈ​វិធានការ​អនាម័យ​ដោយ​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់ និង​គ្រួសារ​នីមួយៗ​នៅតាម​មូលដ្ឋាន ដើម្បី​ធានាថា កម្ពុជា​គ្មាន​ជំងឺឆ្លង​បន្ថែមទៀត​៕


Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com