COVID-19
ជាតិ
សង្គមជាតិ
ក្រសួង​កែប្រែ​៖ កម្ពុជា ហាម​តែ​នាវា ដែល​ចូលមក​តាម​ច្រក​ក្អម​សំណ​ប៉ុណ្ណោះ​
13, Mar 2020 , 3:24 pm        
រូបភាព
ច្រកព្រំដែនក្អមសំណ ស្ថិតក្នុងបរិវេណផ្ទៃទន្លេនេះ
ច្រកព្រំដែនក្អមសំណ ស្ថិតក្នុងបរិវេណផ្ទៃទន្លេនេះ
ដោយ: ថ្មីៗ
​កម្ពុជា សម្រេច​ឡើងវិញ​ថា ផ្អាក​នាវា​ទេសចរណ៍ ចូលមក​កម្ពុជា តែ​តាម​ច្រក​ផ្លូវទឹក​អន្តរជាតិ​ក្អម​សំណ​មួយ​ប៉ុណ្ណោះ ដែលជា​ច្រកព្រំដែន​ទឹក​រវាង​កម្ពុ​ជា​-​វៀតណាម ចំណែក នាវា​ទេសចរណ៍ ដែល​ចូលមក​កម្ពុជា តាម​ច្រក​ផ្លូវទឹក​ផ្សេងទៀត មិនត្រូវ​បាន​ផ្អាក​ឡើយ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​លើក​ទី​២​របស់លោក ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង កំពង់ផែ នៃ​ក្រសួង​សាធារណការ​។​


 
​តាមរយៈ​សេចក្តីជូនដំណឹង​លើក​ទី​២ ដែល​ចេញ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​ដដែល លោក ម៉ក់ ស៊ី​ដេ​ត ប្រកាសថា សេចក្តីជូនដំណឹង​លើក​១​របស់លោក ត្រូវ​និរាករណ៍​ចោល (​ទុកជា​អត់​បានការ​)​។ សេចក្តីជូនដំណឹង​លើក​ទី​១ ដែល​ចេញ​នៅមុននេះ​បន្តិច លោក ម៉ក់ ស៊ី​ដេ​ត សរសេរថា កម្ពុជា សម្រេច​ផ្អាក​នាវា ចូលមក​កម្ពុជា​ជា​បណ្តោះអាសន្ន ដែល​ធ្វើ​ឲ្យ​សាធារណជន យល់ថា កម្ពុជា ផ្អាក​នាវា មិន​ឲ្យ​ចូលមក​កម្ពុជា តាម​ច្រក​ទាំងអស់​។   
 
អត្ថបទទាក់ទង

 
​ការផ្អាក​នាវា​មិន​ឲ្យ​ចូល​ចត​មួយរយៈ​នេះ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​។ វិធានការ​ផ្អាក​នាវា​នេះ ធ្វើឡើង​ក្រោយពី​កម្ពុជា រកឃើញ​អ្នកដំណើរ​ជា​ជនជាតិ​អង់គ្លេស​៣​នាក់ លើ​នាវា​ទេសចរណ៍ Viking Cruise Journey ដែល​ចេញពី​ហូជីមិញ​ចូលមក​ភ្នំពេញ មាន​កូ​វីដ​-១៩​។ ចំណែក​អ្នកដំណើរ​និង​អ្នកបម្រើ​សរុប​ប្រមាណ​៦០​នាក់ លើ​នាវា​នោះ ក៏ត្រូវ​បានធ្វើ​តេស្ត​ដែរ តែ​មិនមាន​វីរុស​កូ​វីដ​-១៩​ឡើយ​។ 
 
​បច្ចុប្បន្ន នាវា​នោះ កំពុង​ចត​នៅ​មាត់ទន្លេ​ខេត្តកំពង់ចាម ហើយ​អ្នកដំណើរ​និង​អ្នកបម្រើ​ទាំងអស់ ត្រូវ​យកទៅ​ទុក​នៅ​សណ្ឋាគារ​មួយ រយៈ​ពេល​១៤​ថ្ងៃ ដើម្បី​បន្ត​តាមដាន​សុខភាព​។  
 
​កាលពី​ដើមខែ​កម្ភៈ ឆ្នាំ​២០២០ មាន​នាវា​ទេសចរណ៍​ខ្នាត​ធំ​មួយ​របស់​អាមេរិក ឈ្មោះ Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​។ អ្នកដំណើរ​និង​អ្នកបម្រើ​លើ​នាវា​នោះ ត្រូវបាន​រាយការណ៍​ថា មិនបាន​ឆ្លង​វីរុស​កូ​វីដ​-១៩​ឡើយ​។​
 
​យ៉ាងណា មាន​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ ត្រូវបាន​មា​ឡេ​ស៊ី អះអាងថា មាន​កូ​វីដ​-១៩ ក្រោយពី​គាត់​និង​ស្វាមី​ចេញពី​កម្ពុជា​ទៅដល់​ម៉ាឡេស៊ី​។ តែ​ប្រហែល​១​សប្តាហ៍​ក្រោយមក ម៉ាឡេស៊ី ក៏​ប្រកាសថា គាត់​បានជា​សះស្បើយ​វិញ​។ 
 
​មកដល់ពេលនេះ កម្ពុជា រកឃើញ​៥​ករណី​ហើយ នៃ​ការឆ្លង​វីរុស​កូ​វីដ​-១៩​។ មនុស្ស​២​នាក់​ទៀត ដែល​ឆ្លង​កូ​វីដ​-១៩ គឺមាន​បុរស​ជនជាតិខ្មែរ​ម្នាក់ និង បុរស​ជនជាតិ​ចិន​ម្នាក់​។ 
 
​បុរស​ជនជាតិ​ចិន​នោះ បានជា​សះស្បើយ​និង​ត្រឡប់​ទៅ​ចិន​វិញ​ហើយ​។ រីឯ​បុរស​ខ្មែរ និង ជនជាតិ​អង់គ្លេស​ទាំង​៣​នាក់ (​ស្រី​២​នាក់​) កំពុង​ស្ថិ​ង​ក្នុងការ​ព្យាបាល​៕ 

Tag:
 កម្ពុជា​
  ផ្អាក​នាវា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com