ជាតិ
សហព័ន្ធ​ស្រូវ​អង្ករ សុំ​ពន្យារពេល​សង​ថវិកា​ទៅ​រដ្ឋាភិបាល និង សុំ​ខ្ចី​ថែម​៣០​លាន​ដុល្លារ​ទៀត
13, Mar 2020 , 7:19 pm        
រូបភាព
ស្រូវអង្ករ
ស្រូវអង្ករ
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើសុំ​រដ្ឋាភិបាល ឲ្យ​ពន្យារពេល​សង​កម្ចី​៥០​លាន​ដុល្លារ និង​ជួយផ្តល់​កម្ចី​៣០​លាន​ដុល្លារ​បន្ថែម សម្រាប់​ទិញស្រូវ​ទុក​និង​បម្រុង លើ​ការខ្វះខាត​ស្រូវ​អង្ករ​។

 

 
​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រជុំ​លើ​បញ្ហា​កញ្ចប់​ថវិកា​កម្ចី ក្នុង​ការត្រៀម​ទិញស្រូវ​សម្រាប់​រដូវ​កាល​បន្ទាប់ គឺ​ឆ្នាំ​២០២០-២០២១​។ ក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកសំណើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ឲ្យ​រក្សា​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ ទុក​សម្រាប់​ទិញស្រូវ​នា​រដូវ​ប្រមូល​ផល​ជុំទីមួយ និង​ស្នើសុំ​ខ្ចី​ថវិកា​៣០​លាន​ដុល្លារ​បន្ថែមទៀត​។ នេះ​បើតាម​ការចេញ​ផ្សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ 
 
​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ការស្នើសុំ​ឲ្យ​ក្រុមហ៊ុននាំចេញ​អង្ករ និង​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន ពន្យារពេល​សង​ប្រាក់​ត្រឡប់​ទៅ​រដ្ឋាភិបាល គឺ​ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ (COVID-19) ដែល​ធ្វើ​ឲ្យ​អ្នក​នាំចេញ​មួយចំនួន​មានការ​ពន្យារពេល​ទូទាត់​ពី​អ្នកបញ្ជា​ទិញ​។ ដូច្នេះ លំហូរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ គឺមាន​ការខកខាន​និង​រាំងស្ទះ​។ 
 
​ចំណែក លោក លន់ យ៉េន អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និយាយថា នៅ​ឆ្នាំ​២០១៩​ដល់​២០២០ រដ្ឋាភិបាល បាន​ទម្លាក់​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ផ្ដល់​កម្ចី​ដល់​វិស័យ​ស្រូវ​អង្ករ ហើយ​ត្រូវ​សង​ត្រឡប់​ទៅវិញ នៅ​ចន្លោះ​ខែឧសភា​និង​ខែមិថុនា ឆ្នាំ​២០២០​។ ជាមួយគ្នានេះដែរ រដូវ​កាល​ស្រូវ​ជុំ​ទី​១ នឹង​មកដល់​ពេល​ប្រមូល​ផល​នៅ​អំឡុង​ខែកក្កដា​ដល់​ខែសីហា និង​រដូវ​ស្រូវ​ជុំ​ទី​២ នឹង​ដល់​អំឡុង​ខែវិច្ឆិកា​ដល់​ខែធ្នូ ទើប​ដាក់​ស្នើសុំ​ពន្យារពេល​សង​និង​សុំ​ខ្ចី​បន្ថែម​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ លោក លន់ យ៉េន អះអាងថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ទិញស្រូវ​ទុក​ឲ្យ​មាន​លំនឹង​សម្រាប់​កិន​នាំចេញ​ឲ្យ​បាន​ស្រួល និង​ត្រៀម​លើ​ការខ្វះខាត​ឥណ​នា​ទាន​លើ​វិស័យ​ស្រូវ​អង្ករ​។ 
 
​លោក បញ្ជាក់ថា​៖«​កម្ចី​៥០​លាន​ហ្នឹង យើង​នឹង​ប្រើ​លើ​ការទិញ​ស្រូវ ក្នុង​ខែឧសភា​និង​ខែមិថុនា​ក្នុង​រដូវ​កាល​ជុំ​ទី​១ ហើយ​៣០​លាន​ដុល្លារ​ដែល​ស្នើ​បន្ថែម​នេះ សម្រាប់​បម្រុង​ទិញស្រូវ​ទុក​បន្ត​នៅ​ជុំ​ទី​២​នៅ​ខែវិច្ឆិកា​និង​ង​ខែធ្នូ ចុងឆ្នាំ​នេះ ព្រោះ​លុយ​៥០​លាន​ដុល្លារ ដែល​ទិញស្រូវ​ទុក​ហ្នឹង យើង​កិនស្រូវ​មិនទាន់​អស់​និង​មិនទាន់បាន​លុយ​ត្រឡប់មកវិញ ព្រោះ​លុយ​នៅក្នុង​ស្រូវ​នៅឡើយ​»​។​
 
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រកាស​ថ្មីៗ​នេះ​ថា មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស រហូតដល់​រដូវ​ប្រមូល​ផល​ខាងមុខ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​អំពាវនាវ​ដល់​ពលរដ្ឋ កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ ជាហេតុ​នាំ​ឲ្យ​មាន​ជន​ឱកាសនិយម​មួយចំនួន​ឆ្លៀត​ដំឡើងថ្លៃ​អង្ករ​៕
 

Tag:
 ស្រូវ​អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com