COVID-19
អន្តរជាតិ
លោក ត្រាំ និយាយ​ការពារ​ចំណាត់​ការបិទ​ការធ្វើដំណើរ ក្រោយ​អឺរ៉ុប​ប្រតិកម្ម
13, Mar 2020 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ការពារ​ចំណាត់ការ​ហាមប្រាម​ការ​ធ្វើដំណើរ​ទាំង​អស់ពី​ប្រទេស​អឺរ៉ុប​ចូល​ទឹកដី​អាមេរិក​រយៈពេល​៣០​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី (COVID-19) ។ វិធានការ​នោះ រង​ប្រតិកម្ម​ខ្លាំង​ពី​អឺរ៉ុប​ដែល​ចាត់ទុកជា​ចំណាត់ការ​ឯកតោភាគី និង​មិនបាន​ឆ្លង​ការ​កាត់​ពិភាក្សាគ្នា​ជាមុន​ឡើយ​។ លោក ត្រាំ និយាយថា អាមេរិក​មានការ​ចាំបាច់​ដើម្បី​ចាត់វិធានការ​លឿន​បែបនេះ​។​

 
​គ្រប់​ប្រទេស​ទាំងអស់​មកពី​សហភាព​អឺរ៉ុប លើកលែង​អង់គ្លេស​ទើប​ចាកចេញ​ថ្មីៗ សុទ្ធតែ​ស្ថិតក្រោម​វិធានការ​ថ្មី​ដែល​ប្រកាស​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែមីនា​។ លោក ត្រាំ អះអាងថា ចំណាត់ការ មាន​គោលដៅ​ទប់ស្កាត់​វីរុស​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​ថែមទៀត​។ ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប មិន​សប្បាយចិត្ត​ឡើយ​នឹង​ចំណាត់ការ​របស់​សម្ពន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​របស់ខ្លួន ដែល​ហាម​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​អាមេរិក​៣០​ថ្ងៃ​បែបនេះ​។​
 
​យ៉ាងណាមិញ មេដឹកនាំ​អឺរ៉ុប​បញ្ជាក់ថា ការ​រឹតត្បិត​ការធ្វើដំណើរ​បែបនេះ គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​វា​ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យាសាស្ត្រ​ទៀតផង ព្រោះ​វីរុស​បាន​រា​ត្បា​ត​សឹង​មួយ​ពិភពលោក​ទៅហើយ​ដែរ​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លេ​អេ​ន និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល បាន​រិះគន់​អាមេរិក​ថា មិនបាន​ជជែក​ជាមួយ​អឺរ៉ុប​សូម្បី​បន្តិច​មុននឹង​ប្រកាស​វិធានការ​ជា​ឯកតោភាគី​របស់ខ្លួន​។​
 
«​កូ​រ៉ូ​ណាវី​រុស ជា​វិបត្តិ​សាកល មិនមែន​កើតមាន​ត្រឹម​ទ្វីប​ណាមួយ​ឡើយ ហើយ​វា​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ជាជាង​សកម្មភាព​ឯកតោភាគី​។​» នេះ​ជាការ​លើកឡើង​របស់​មេ​ដឹកនាំ​សំខាន់​ទាំងពីរ​របស់​សហភាព​អឺរ៉ុប​។ មន្ត្រី​ទាំងពីរ​បន្តថា សហភាព​អឺរ៉ុប មិន​ឯកភាព​តាម​ការពិត​ដែល​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ក្នុងការ​ដាក់ចេញ​បម្រាម​ធ្វើដំណើរ គឺធ្វើឡើង​ដោយ​គ្មាន​ការពិភាក្សាគ្នា​អ្វី​ឡើយ ហើយ​អឺរ៉ុប ពិតជា​បាន​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ទប់ទល់ COVID-19 ។​
 
​យ៉ាងណាមិញ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ការពារ​ការសម្រេចចិត្ត​នេះ​ថា អាមេរិក​គ្មាន​ពេល​ពិភាក្សា​ជាមួយ​អឺរ៉ុប​ឡើយ​។ ប្រាប់​អ្នកសារព័ត៌មាន​ក្នុងការ​ស្វាគមន៍​នាយករដ្ឋមន្ត្រី​អៀរ​ឡង់​នៅ​សេត​វិមាន លោក ត្រាំ និយាយថា​៖ «​ខ្ញុំ​មិន​ចង់​ចំណាយពេល​ឡើយ​។ វា​ត្រូវការ​ពេល​ច្រើន តែ​អាមេរិក​ត្រូវការ​សម្រេចចិត្ត​ឲ្យ​បាន​លឿន​។​» ប្រធានាធិបតី​អាមេរិក ក៏​ឆ្លៀត​និយាយ​ផ្លែផ្កា​ដាក់​អឺរ៉ុប​ទៀតថា ពេល​ដំឡើង​ពន្ធ​លើ​លើ​អាមេរិក អឺរ៉ុប ក៏​អត់​និយាយ​ជាមួយ​អាមេរិក​មួយ​ម៉ាត់​ដែរ​។ 
 
​សូមបញ្ជាក់ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ សុទ្ធ​តែមាន​ករណី​ឆ្លង COVID-19 ទាំងអស់ សូម្បីតែ​ទីស្នាក់ការ​អឺរ៉ុប​នៅ​ព្រុ​ច​សែ​ល ក៏មាន​ការឆ្លង​ដែរ​។ ដើម្បី​ដោះស្រាយ​វិ​ប​ត្ត​ចំពោះមុខ​នេះ ប្រទេស​ទាំងនោះ ចាត់វិធានការ​ផ្សេងៗ​គ្នា ធូរស្រាល​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។ អ៊ីតាលី ដែល​រងគ្រោះ​ខ្លាំងជាងគេ បានប្រកាស​បិទ​ប្រទេស​ទាំងមូល ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​ប្រាប់​ឲ្យ​ប្រជាជន​សម្រាក​នៅផ្ទះ​៕

Tag:
 អាមេរិក​
  អឺរ៉ុប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com