ជាតិ
រដ្ឋាភិបាល ថា សម្តី​លោក Patrick Murphy គ្មាន​ឥរិយាបថ​ការទូត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តុលាការ​កម្ពុជា​
13, Mar 2020 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបពីហ្វេសប៊ុក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
​ភ្នំពេញ​៖ រដ្ឋាភិបាល ថា មតិ​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ជុំវិញ​ដំណើរការ​ក្តី​លោក កឹម សុខា បានធ្វើឱ្យ​ជះ​ផល​អវិជ្ជមាន​ដល់​ប្រព័ន្ធតុលាការ​កម្ពុជា​។ ការលើកឡើង​របស់រ​ដ្ឋា​ភិ​បាល​បែបនេះ ធ្វើឡើង​ក្រោ​យ៊​ពី​លោក W. Patrick Murphy បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត ចំពោះ​ព្រះរាជអាជ្ញា​កម្ពុជា ដែល​បាន​ព្យាយាម​ទាញ​អាមេរិក ទៅ​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា កាលពី​ថ្ងៃទី​១២ មីនា​។​


 
​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា មតិ​របស់លោក  W. Patrick Murphy នេះ គឺជា​ការបង្ហាញ​ពី​ឥរិយាបថ​គ្មាន​ការទូត និង​ខ្វះ​ការគោរព​ដល់​អធិបតេយ្យ​ភាព​កម្ពុជា​ឡើយ​។ ជាពិសេស​វា​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធតុលាការ​កម្ពុជា ។​
 
​មួយថ្ងៃ​ក្រោយ​ការ​ថ្លែង​របស់លោក​ទូត​អាមេរិក​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​លិខិត​មួយ នៅ​ថ្ងៃទី​១៣ មីនា យ៉ាង​ដូច្នេះ​ថា​៖«(​លោក W. Patrick Murphy)​ការ​ថ្លែង​បែបនេះ គឺជា​ការប្រព្រឹត្តិ​ផ្ទុយទៅនឹង​ស្មារតី​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការយោគយល់​គ្នា និង​គោរព​គ្នា​ទៅវិញទៅមក ក៏ដូចជា​ការបើក​ទំ​ព័ត​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​លើ​គ្រប់​វិស័យ ក្នុងពេលដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រារព្វ​ធ្វើ​ពិធី​អបអរសាទរ​ខួប​ចំណងមិត្តភាព​៧០​ឆ្នាំ​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ​»​។​
 
​សម្រាប់​ក្រសួងការបរទេស​កម្ពុ​ជា ការបញ្ចេញមតិ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​បែបនេះ គឺជា​ការរំលោភបំពាន​លើ​មាត្រា​ទី​៤១ នៃ​អនុសញ្ញា​ក្រុង​វី​យ៉ែ​ន ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត និង​មាត្រា​២ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែល​គ្រប់​អ្នកការទូត តំណាង​ប្រទេស​នានា ទាំង​ប្រទេស​តូច និង​ធំ ត្រូវគោរព​ឱ្យបាន​ពេញលេញ​។​
 
​បច្ចុប្បន្ន​អាមេរិក កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ដំណើរការ​កាត់ក្តី​លោក កឹម សុខា ហើយ​បុគ្គលិក​ស្ថានទូត​ក៏បាន​ព្យាយាម​ប្រមូល​ព័ត៌មាន​យ៉ាង​ល្អិតល្អន់ ជុំវិញ​សវនាការ​នេះ គ្រប់ពេលវេលា​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​លោក Patrick Murphy មិនសូវ​សប្បាយចិត្ត​នោះ គឺ​ព្រះរាជអាជ្ញា​កម្ពុជា បាន​យក​អាមេរិក ទៅ​ផ្សារភ្ជាប់​នៅក្នុង​ករណី​លោក កឹម សុខា​។ បើតាម​លោក W. Patrick Murphy រដ្ឋាភិបាល​អាមេរិក​មិនដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​របស់​ប្រទេស​កម្ពុជា​ទេ ។​
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy ដែល​បាន​ចូល​ស្ដាប់​សវនាការ​លោក កឹម សុខា កាលពី​ថ្ងៃទី​១២ មីនា​នេះ បានធ្វើ​សន្និសីទកាសែត ដោយមាន​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មានការ​រំខាន​ចិត្ត ដោយ​ឃើញ​ខាង​ព្រះរាជអាជ្ញា​បាន​ព្យាយាម​លើកឡើង​ពី​ចំណុច​មួយចំនួន ដែលជា​រឿង​មិន​ពិត ទាក់ទង​នឹង​សហរដ្ឋអាមេរិក នៅក្នុង​ករណី​លោក កឹម សុខា »​។​
 
​តែ​យ៉ាងណា​ព្រះរាជអាជ្ញា បាន​បដិសេធថា ខ្លួន​មិនបាន​ចោទប្រកាន់​អាមេរិក ឬ​រដ្ឋ​បរទេស​ណា ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា ឡើយ​។ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១២ មីនា យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្តី លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះរាជអាជ្ញា​ពុំបាន​ចោទប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះឡើយ​»​។ 
 
​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាងថា ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ទៅលើ​លោក កឹម សុខា ដោយមាន​អង្គហេតុ អង្គច្បាប់ ព្រមទាំង​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ទៅតាម​ច្បាប់​កម្ពុជា​តែប៉ុណ្ណោះ​៕

Tag:
 កឹម សុខា​
  អាមេរិក​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com