ជាតិ
ក្រសួងទេសចរណ៍ រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​អ្នក​បាត់បង់​ការងារ​
14, Mar 2020 , 9:29 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដើម្បី​ពង្រឹងសមត្ថភាព​បុគ្គលិក ដែល​បាន​បាត់បង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និង ភ្នាក់ងារទេសចរណ៍ ជាដើម​។​



​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ ចេញ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​លើ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នេះ រៀបចំ​ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព​ទៅលើ​និយោជិត​ឬ​បុគ្គលិក ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។ វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​នឹងត្រូវ​រៀបចំ​ធ្វើ​ឡើងជា​បន្តបន្ទាប់ នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ចំនួន​៣ គឺ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង រាជធានី​ភ្នំពេញ​។​
 
​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១២ មីនា យ៉ាង​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល​អាជីវកម្ម​ទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ឬ​ភោជនីយដ្ឋាន ត្រូវ​បិទ ឬ​ផ្អាក​ដំណើរការ​នោះ ក៏​ព្រោះតែ​ចំនួន​ភ្ញៀវទេសចរ​មានការ​ធ្លាក់ចុះ ក្នុងដំណាក់កាល​នៃ​ការ​រី​រាលដាល​ជំងឺ​ប្រភេទ​ថ្មី COVID-19 នេះ​។ ពិសេស​ចំពោះ​ខេត្ត​គោលដៅ​ដូចជា ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង ភ្នំពេញ​»​។ 

 លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍

​លោក បន្ថែមថា មានតែ​តំបន់​គោលដៅ​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ ដែល​សណ្ឋាគារ​ចំនួន​១០​ត្រូវ​បិទ​ដំណើរការ និង​សណ្ឋាគារ​ចំនួន​១១ ត្រូវ​ផ្អាក​ដំណើរការ​បណ្ដុះ​អាសន្ន​ដូចជា​ត្រូវ​កាត់បន្ថយ​បុគ្គលិក ព្រោះ​មាន​១​ករណី​នៃ​ជំងឺ COVID-19 លើ​ពលរដ្ឋ​ខ្មែរ ហើយ​ធ្វើ​ឲ្យ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​។ ក្រៅពីនោះ តំបន់​គោលដៅ​ផ្សេងទៀត​ដូចជា ខេត្ត​ព្រះសីហនុ និង ភ្នំពេញ មិនទាន់មាន​តួលេខ​នៃ​ចំនួន​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ដែល​បិទទ្វារ​នោះទេ​។ 
 
​សិក្ខាកាម ក៏ដូចជា​អតីត​បុគ្គលិក ដែល​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ អាច​ពង្រឹងសមត្ថភាព និង​ទទួលបាន​ចំណេះដឹង​យ៉ាងច្បាស់​លាស់​លើ​ជំនាញ​ណាមួយ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​អាច​បន្តសកម្មភាព​ការងារ​ក្រោយ​មាន​ចំនួន​ទេសចរណ៍​កើនឡើង​វិញ​។ លើសពីនេះ ក្រោយ​មាន​ជំនាញ​លើ​ផ្នែក​ណាមួយ​ច្បាស់លាស់ សិក្ខាកាម​ទាំងអស់​ក៏​អាច​ចូល​បម្រើ​ការងារ​នៅ​បណ្ដា​ទីភ្នាក់ងារ​ទេសចរណ៍​ផ្សេងៗ​បាន​ថែម​ទៀតផង​។​
 
​ក្នុង​វគ្គ​សិក្សា​នេះ អតីត​បុគ្គលិក​ដែលជា​សិក្ខាកាម នឹង​ទទួល​បានការ​ឧ​ប​ត្ត​ម្ថ​សមរម្យ​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ជុំវិញ​វគ្គ​បណ្ដុះបណ្ដាល​ដូចជា​លក្ខខណ្ឌ​ក្នុងការ​ចូលរៀន និង​កាលបរិច្ឆេទ​នៃ​វគ្គ​នីមួយៗ អាចទាក់ទង​ទៅ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប តាម​លេខ​ទូរស័ព្ទ​លេខ ០១២ ៥០៩ ០០៨, មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ តាម​ទូរស័ព្ទ​លេខ ០១៦ ៦១៥ ៥៦៧, មន្ទីរ​ទេសចរណ៍​រាជា​ធានី​ភ្នំពេញ ទូរស័ព្ទ​លេខ ០៩២ ៧៦៦ ១៦៨ និង នាយកដ្ឋាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ តាមរយៈ​ទូរស័ព្ទ​លេខ ០៩៣ ៧៩១ ៧៥០ ឬ ០៧៨ ៨៩៩ ៩១៩៕

Tag:
 ក្រសួងទេសចរណ៍​
  វគ្គ​បណ្ដុះបណ្ដាល​
  វិជ្ជាជីវៈ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com