កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ អាស៊ី​អឺរ៉ុប​ប៉ះ​យុវជន​បាទី មុន​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​អគ្គិសនី​កម្ពុជា​
14, Mar 2020 , 8:59 am        
រូបភាព
រូបភាពពី CNCC
រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​៥ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៣ មីនា នេះ មានការ​ប្រកួត​ចំនួន​ពីរ​គូ​។ ក្នុងនោះ​អាស៊ី​អឺរ៉ុប​បើកទ្វារ​កីឡដ្ឋាន​ស្វាគមន៍​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី មុន​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលភ្ញៀវ​អគ្គិសនី​កម្ពុជា​។​

 
​ក្រុម​អាស៊ី​អឺរ៉ុប​ដែល​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​សប្តាហ៍​មុន ត្រូវ​ប្រជែង​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី នា​ជំនួប​សប្តាហ៍​ទី​៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន A.E.U Sport Park ធ្វើឡើង​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​។ នេះ​ជា​ជំនួប​លើក​ទី​៤​សម្រាប់​យុវជន U18 បាទី​។​
 
​បច្ចុប្បន្ន​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​រៀង​ទី​៩​មាន​៤​ពិន្ទុ ក្រោយ​បួន​ប្រកួត​ឈ្នះ​១​ស្មើ​១​និង​ចាញ់​២ ក្នុងនោះ​ពួកគេ​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-១ ស្មើ​អគ្គិសនី ១-១ ចាញ់​ក្រសួងការពារជាតិ ២-០ និង​ភ្នំពេញ​ក្រោ​ន ៦-០​។ ចំណែក​ក្រុម U18 បាទី​ស្ថិតនៅ​លេខ​១០​មាន​១​ពិន្ទុ ក្រោយ​បញ្ចប់​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រសួងការពារជាតិ ហើយ​ចាញ់​ភ្នំពេញ​ក្រោ​ន ៧-០ និង​អគ្គិសនី​កម្ពុជា ២-០​។ 
 
​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍​នេះដែរ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​បញ្ចប់​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​សប្តាហ៍​មុន ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ទទួលភ្ញៀវ​អគ្គិសនី​កម្ពុជា​។ ស្វាយរៀង​ត្រូវការ​ឈ្នះ​នៅថ្ងៃនេះ ដើម្បី​ឡើងទៅ​ឈរ​កំពូល​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥ ដោយមាន​១៣​ពិន្ទុ​។ 
 
​ព្រះខ័ន​រាជ​ស្វាយរៀង​មិនទាន់​ស្គាល់​បរាជ័យ​នោះទេ សម្រាប់​ការប្រកួត​បួន​លើក​កន្លងមកនេះ ដោយ​ឈ្នះ​៣​និង​ស្មើ​១​ប្រកួត​។ ក្នុងនោះ​ឈ្នះ​សូល​ទី​ឡូ​អង្គរ ៥-១, គីរីវង់​សុខ​សែន​ជ័យ ៤-២, ក្រសួងការពារជាតិ ២-០ និង​ស្មើ ០-០ ជាមួយ​ភ្នំពេញ​ក្រោ​ន​។ រីឯ​អគ្គិសនី​កម្ពុជា​ឈ្នះ U18 បាទី ២-០ ស្មើ ១-១ ជាមួយ​អាស៊ី​អឺរ៉ុប និង​ចាញ់​ភ្នំពេញ​ក្រោ​ន ៣-០​។ បច្ចុប្បន្ន​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​លេខ​រៀង​ទី​ពីរ​មាន​១០​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​៨​មាន​៤​ពិន្ទុ​៕   
 
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com