ជាតិ
អាជ្ញាធរ ឲ្យ​អ្នក​ភ្នំពេញ​និង​តាខ្មៅ​សន្សំសំចៃ​ទឹក ខណៈ​ការ​ផ្គត់​ផ្គត់​ទឹក ប្រឈម​ការខ្វះខាត
13, Mar 2020 , 9:59 pm        
រូបភាព
រូបភាពពីរដ្ឋាករស្វយ័តក្រុងភ្នំពេញ
រូបភាពពីរដ្ឋាករស្វយ័តក្រុងភ្នំពេញ
​ភ្នំពេញ​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដោយសារ​មាន​បញ្ហា​កង្វះ​ទឹកស្អាត​សម្រាប់​ចែកចាយ ជាពិសេស​សម្រាប់​អ្នករស់នៅ​ជាយក្រុង​។ ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​រៀបចំ​រថយន្ត​សម្រាប់​ដឹក​ទឹក ចែកចាយ​ដល់​កន្លែង​ខ្វះខាត​ទឹក​ប្រើប្រាស់​។


 
​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០​ថា នៅ​រាជធានី​ភ្នំពេញ​មាន​រោងចក្រ​ផលិត​ទឹកស្អាត​៤​កន្លែង ដែល​ផលិត​ទឹក​បានជា​មធ្យម​៦០​ម៉ឺន​គូប​ក្នុង​មួយថ្ងៃ ប៉ុន្តែ​តម្រូវការ​ជាក់ស្ដែង គឺ​ប្រើប្រាស់​ទឹក​ប្រមាណ​៧០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​មាន​បញ្ហា​កង្វះ​ការ​ចែកចាយ​ទឹកស្អាត​ទៅ​តំបន់​ជាយក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ក្នុង​ម៉ោង​តម្រូវការ​ទឹក​ប្រើប្រាស់​ខ្ពស់​។ 
 
​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ អះអាងថា តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​កើនឡើង​ខ្ពស់​ដល់​ប្រមាណ​៧០​ម៉ឺន​ម៉ែត្រគូប គឺ​ដោយសារ​ការរីកលូតលាស់​របស់​រាជធានី​ភ្នំពេញ​និង​ប្រជាជន​។ ដើម្បី​ដោះស្រាយ​បញ្ហា​កំណើន​តម្រូវការ​ទឹកស្អាត​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពុង​បន្ត​សាងសង់​បន្ថែម​នូវ​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយទៀត​នៅ​សង្កាត់​បាក់​ខែង​។ រោងចក្រ​នេះ នឹង​អាច​ផលិត​ទឹកស្អាត​បាន​ប្រមាណ​៣៩​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០២៣​។ 
 
«​ដោយ​ពិនិត្យឃើញថា នា​រដូវប្រាំង​នេះ តម្រូវការ​ទឹក នឹង​កាន់តែ​កើនឡើង រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សូម​អំពាវនាវ​ដល់​អ​តិ​ថិ​ជន​ទាំងអស់ ទាំង​ក្នុង​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ មេត្តាជួយ​សន្សំសំចៃ​ទឹកស្អាត ដើម្បី​បាន​ចែករំលែក​ទៅដល់​អតិថិជន​ផ្សេងទៀត ពិសេស​តំបន់​ជាយក្រុង ដោយ​មេត្តា​កុំ​ប្រើប្រាស់​ទឹកស្អាត​សម្រាប់​បាញ់​លាង​សម្អាតផ្ទះ មេត្តា​កាត់បន្ថយ​ការ​ស្រោច​សួន​និង​លាង​យានយន្ត​ជាដើម​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ 
 
​ទន្ទឹមនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា បាន​ប្រជុំ​បន្ទាន់​មួយ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ដល់​ពលរដ្ឋ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​និង​ត្រូវមាន​រថយន្ត​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​នៅ​តំបន់​ជាយក្រុង​។ នេះ​បើតាម​ការចេញ​ផ្សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕


​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំប្រជុំដើម្បីស្វែងរកដំណោះស្រាយកង្វះទឹក។ កិច្ចប្រជុំថ្ងៃទី១២ មីនា ២០២០

 

Tag:
 ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com