COVID-19
ជាតិ
សង្គមជាតិ
ស្ថានទូត​ម៉ាឡេស៊ី ប្រាប់​ពលរដ្ឋ​ខ្លួន កុំ​ឲ្យ​ដើរ​ផ្តេសផ្តាស ក្រោយ​កម្ពុជា មាន​កូ​វីដ​-១៩ ៥​ករណី​
13, Mar 2020 , 10:39 pm        
រូបភាព
រូបពីស្ថានទូតម៉ាឡេស៊ី
រូបពីស្ថានទូតម៉ាឡេស៊ី
ដោយ: ថ្មីៗ
​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​មួយ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ ដោយបាន​ក្រើនរម្លឹក​ប្រជាពលរដ្ឋ​ខ្លួន ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​ចៀសវាង​ការធ្វើដំណើរ​ទៅ​កន្លែង​ណា​ដែល​មិនចាំបាច់ និង​កន្លែង​ដែល​ប្រមូលផ្តុំ​មនុស្ស​ច្រើន  ហើយ​ត្រូវ​ចេះ​ការពារ​ខ្លួន តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។


 
​ការចេញ​សារ​ក្រើនរម្លឹក​របស់​ស្ថានទូត​ម៉ាឡេស៊ី ទៅដល់​ប្រជាពលរដ្ឋ​ខ្លួន​នាពេលនេះ គឺធ្វើឡើង​ក្រោយពី​កម្ពុជា រកឃើញ​៥​ករណី​នៃ​ការផ្ទុក​វីរុស​កូ​វីដ​-១៩​។ ស្ថានទូត​ម៉ាឡេស៊ី អះអាងថា កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ការវិវត្ត​នៃ​បញ្ហា​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​។ នៅយប់ថ្ងៃទី១៣ ខែមីនា ក្រសួងសុខាភិបាល ប្រកាសថា រកឃើញការឆ្លងកូវីដ-១៩ ២ករណីទៀត ដែលធ្វើឲ្យកម្ពុជា ឡើងដល់៧ករណី។ 
 
​ទន្ទឹមនឹងនេះ ស្ថានទូត​ម៉ាឡេស៊ី បាន​ណែនាំ​ប្រជាពលរដ្ឋ​ខ្លួន​នៅ​កម្ពុជា ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ព័ត៌មាន​របស់​ពួកគេ ជាមួយនឹង​ស្ថានទូត  ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ទាក់ទង​គ្នា​។

 
​ករណី​ទី​១ កម្ពុជា រកឃើញ​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ មាន​វីរុស​កូ​វីដ​-១៩ កាលពី​ចុងខែ​មករា ឆ្នាំ​២០២០ តែ​បានជា​សះស្បើយ​វិញ​។ នៅ​ដើមខែ​មីនា​នេះ បុរស​ខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់ ជា​អ្នកគ្រប់គ្រង​ទូទៅ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ខេត្តសៀមរាប ត្រូវបាន​រកឃើញថា ឆ្លង​វីរុស​កូ​វីដ​-១៩ ពី​បុរស​ជនជាតិ​ជនជាតិ​ជប៉ុន​ជា​ថៅកែ​។ 
 
២-៣​ថ្ងៃ​ក្រោយមក អាជ្ញាធរ​កម្ពុជា បាន​រកឃើញ​មនុស្ស​៣​នាក់​បន្ថែមទៀត​នៅ​ខេត្តកំពង់ចាម ដែល​ឆ្លង​កូ​វីដ​-១៩​។ ក្នុងចំណោម​អ្នក​ទាំង​៣​នោះ ស្ត្រី​ម្នាក់ មាន​វ័យ​៦៥​ឆ្នាំ និង ២​នាក់​ទៀត ជា​ប្តី​-​ប្រពន្ធ ដោយ​ប្តី​មាន​វ័យ​៧៣​ឆ្នាំ និង ប្រពន្ធ មាន​វ័យ​៦៩​ឆ្នាំ​។ 
 
​ពួកគេ​ទាំងបី ជា​អ្នកដំណើរ​តាម​នាវា​ទេសចរណ៍ Viking Cruise Journey ដែល​ចេញពី​ហូជីមិញ មក​ភ្នំពេញ នៅ​ថ្ងៃទី​៧ ខែមីនា ហើយ​បន្ទាប់មក ធ្វើដំណើរ​ទៅ​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន នាវា​នេះ កំពុង​ចត​នៅ​មាត់ទន្លេ​ខេត្តកំពង់ចាម​។ 
 
​អ្នកដំណើរ​និង​អ្នកបម្រើ​ការងារ​សរុប​ប្រមាណ​៦០​នាក់​ទៀត​លើ​នាវា ត្រូវបានធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ដោយ​លទ្ធផល​អវិជ្ជមាន​។ អាជ្ញាធរ បាន​សម្រេចយក​ពួកគេ​ទាំងអស់នោះ ទៅ​ទុក​ក្នុង​សណ្ឋាគារ​មួយ នៅជាប់​មាត់ទន្លេ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។ 
 
​ចំពោះ​ស្ត្រី​អង់គ្លេស​វ័យ​៦៥​ឆ្នាំ ដែលមាន​កូ​វីដ​-១៩ ត្រូវបាន​ផ្ទេរ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ទៅ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ភ្នំពេញ​។ ចំណែក​ជនជាតិ​អង់គ្លេស​ជា​ប្តី​ប្រពន្ធ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​។ 

២ករណីចុងក្រោយ គឺកើតលើបុរសជនជាតិកាណាអាយុ៤៩ និង បុរសជនជាតិប៊ែលហ្សិកអាយុ៣៣ឆ្នាំ។ បុរសទាំង២នេះ ដែលទើបនឹងរកឃើញថាមានកូវីដ-១៩នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
 

Tag:
 ​កម្ពុជា​
  ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com