ជាតិ
សិល្បះ
មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ឆ្នាំនេះ​ប្រជុំ​រឿង​១៥៧​មកពី​៤៤​ប្រទេស​
13, Mar 2020 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ មាន​អាយុ​១០​ឆ្នាំ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​(CIFF) នៅ​ឆ្នាំនេះ​មាន​ភាពយន្ត​សរុប​ចំនួន ១៥៧​ចំណងជើង មកពី​៤៤​ប្រទេស រួមមាន​ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​ធំ ភាពយន្ត​ឯកសារ និង​ភាពយន្ត​គំនូរជីវចល សម្រាប់​បញ្ចាំង​ជូន​សាធារណជន​ទស្សនា​ដោយ​មិន​គិតថ្លៃ​។



​មហោស្រព​នេះ​នឹង​ចាក់​បញ្ចាំងភាពយន្ត​រប​ស់​ខ្លួន​នៅ​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​២២ ខែមីនា លើសពី​១៥០​លើក នៅតាម​រោងភាពយន្ត​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដូចជា​រោងភាពយន្ត LEGEND រោងភាពយន្ត MAJOR CINEPLEX មជ្ឈមណ្ឌល​បុប្ផា​ណា សាល​មហោស្រព​ចតុមុខ សណ្ឋាគារ ROSEWOOD និង THE CIFF នៅ​ផ្សារ​ទំនើប EXCHANGE SQUARE​។​
 
​សម្រាប់​ភាពយន្ត​ស្ដីពី​កម្ពុជា រួមមាន​ភាពយន្ត​ខ្នាត​ធំ​ដ៏​ថ្មី​សន្លាង គឺ​រឿង “​រសាត់អណ្ដែត​” ដែល​បានឈ្នះ​ពានរង្វាន់​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ជាច្រើន​។ ភាពយន្ត​”​រសាត់អណ្ដែត​នេះ​” បង្ហាញ​ពី​ប្រធានបទ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា និង​នៅ​អាស៊ីអាគ្នេយ៍​។ ជាមួយគ្នានេះដែរ ភាពយន្ត​រឿង “​នាឡិកា​ដាស់​វិញ្ញាណ​” ដែល​ដឹកនាំ​ដោយ​លោ លៀក លីដា  ជា​ភាពយន្ត​ដែល​រកបាន​ចំណូក​ខ្ពស់ និង​ទទួលបាន​ងារ​ជា​ភាពយន្ត​ឆ្នើម​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ កាលពី​ឆ្នាំ​២០១៩ ក៏​នឹងត្រូវ​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១០​នេះ​ផងដែរ​។​


 
​ក្រៅពីនោះ​ភាពយន្ត​ខ្មែរ​ដ៏​ពិសេស គឺជា​ការចាក់​បញ្ចាំង​លើកដំបូង​បង្អស់ នៃ​ទស្សនីយភាព​«​បង្សុកូល​៖​ការ​រំឭក​ដល់​កម្ពុជា​» ជា​ទស្សនីយភាព​បង្កើតឡើង​ថ្មី ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​ថត​ដោយ​មជ្ឈមណ្ឌល​បុប្ផា​ណា​។ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ក៏មាន​ការចាក់​បញ្ចាំង​ភាពយន្ត ពិធី​គោរព​រំឭក និង​ពិព័រណ៍​ពិ​សេសមួយ​ស្ដីពី​របាំ​ព្រះរាជ​ទ្រព្យ នៅ​សណ្ឋាគារ Rosewood ផងដែរ​។ ជាង​នោះ​ទៅទៀត មហោស្រព​នេះ​នឹង​បង្ហាញ​ខ្សែភាពយន្ត​ពី​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​ទៀតផង​។ 
 
​សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា គឺជា​ស្នាដៃ​របស់​សមិទ្ធ​ករ​ភាពយន្ត​វ័យក្មេង​កម្ពុជា ដែល​សុទ្ធសឹងតែ​ជា​ស្នាដៃ​ថ្មីៗ​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ឆ្នាំនេះ មហោស្រព​នឹង​បង្ហាញ​វត្តមាន​អ្នកដឹកនាំ​ភាពយន្ត​ដែលជា​ស្ត្រី ដូចជា​អ្នកស្រី គីម សោភា (​ការចាក់​បញ្ចាំង​លើកដំបូង​រឿង​”​ស្លាប​ប្រផេះ​”​។ និង​លោកស្រី មាស ស្រី​លីន (​ភាពយន្ត​រឿង “​សុបិន​កាលី​ហ្វ​រ​ញ៉ា​” ដែល​អ្នកស្រី​គឺជា​សមិទ្ធ​ករ​ភាពយន្ត​លើកដំបូង​ដែល​ត្រូវបាន​បណ្ដុះបណ្ដាល​ដោយ មជ្ឈមណ្ឌល​បុប្ផា​ណា​។ ជាមួយគ្នា​នោះ​ក៏​នឹង​កម្រង​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ស្ដីពី “​សំឡេង​ស្ត្រី​ជនជាតិដើម​ភាគតិច​” ព្រមទាំង​ភាពយន្ត​ឯកសារ​ស្ដីពី​បរិស្ថាន​ក្រោម​ចំណងជើង​ថា “​ឆ្មាំ​ព្រៃ​” ដឹកនាំ​ដោយ អ៊ូច មករា​។​


 
​ចំណែក​ភាពយន្ត​ខ្នាត​ធំ​អន្តរជាតិ​ថ្មីៗ ដែលមាន​គុណភាព​ខ្ពស់​មកពី​អាស៊ី ក៏ដូចជា​ទ្វីប​ដទៃទៀត រួមមាន​រឿង “PARASITE” ឬ “​បរាសិត​” (​កូរ៉េខាងត្បូង​) “THE CAVE” ឬ “​រូងភ្នំ​អាថ៌កំបាំង​” (​ថៃ​) “ONCE UPON A TIME IN HOLLYWOOD”​ឬ “​កាលពីព្រេងនាយ​នៅ​ហូលីវូដ​” (​អាមេរិក​) ព្រមទាំង​ភាពយន្ត​ល្អៗ​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​។ 
 
​រីឯ​ភាពយន្ត​ឯកសារ​ផ្ដោត​សំខាន់​លើ “​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​” “​ធនធានធម្មជាតិ​” និង “​បរិស្ថាន​” ដោយ​ទាំងអស់នេះ​មាននៅ​ក្នុង​កម្មវិធី ដែន​ដ៏​ស្រស់ស្អាត ដែល​ប្រមូលផ្ដុំ​ភាពយន្ត​រហូត​ទៅដល់​ជាង​២០​ចំណងជើង​។ បន្ថែម​ពី​នោះ​ក៏មាន​ភាពយន្ត​គំនូរជីវចល​ខ្លីៗ​ចម្រុះ​ប្រកបដោយ​គុណភាព សម្រាប់​កុមារ​ផងដែរ​។​
 
​សំបុត្រ​ចូល​ទស្សនា​អាច​រកបាន​មុន​ការ​បញ្ចាំង​នីមួយៗ ១​ម៉ោង​មុន ដោយមាន​នៅតាម​បញ្ជរ​ចំ​បុត្រ​របស់​មហោស្រព ដែល​ស្ថិតនៅ​ខាងមុខ​ទីតាំង​បញ្ចាំង​ផ្ទាល់​។ សំបុត្រ​ឥតគិតថ្លៃ សម្រាប់​អ្នក​មក​មុន និង​មាន​ចំនួន​កំណត់​។ សម្រាប់​អ្នក​មក​យឺត ឬ​មិន​ចង់​តម្រង់​ជួរ តម្លៃ​សំបុត្រ ៥,០០០​រៀល​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីពី​កម្មវិធី កាលវិភាគ​បញ្ចាំង និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ជុំវិញ​មហោស្រព និង​ភ្ញៀវកិត្តិយស​ដែល​នឹងត្រូវ​បង្ហាញខ្លួន មាននៅ​ក្នុង​គេហទំព័រ​និង Facebook របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា https://cambodia-iff.com/    https://www.facebook.com/cambodiaiff/



Tag:
 ភាពយន្ត​
  សិល្បៈ​
 ​វប្បធម៌​
  មហោស្រព​
 ​ប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com