COVID-19
ជាតិ
កម្ពុជារកឃើញវិជ្ជមានCovid-19 ពីរករណីទៀត
13, Mar 2020 , 8:02 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើសន្និសីទកាសែតស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩​ នៅកម្ពុជា នាពេលកន្លងមក
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើសន្និសីទកាសែតស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩​ នៅកម្ពុជា នាពេលកន្លងមក
កម្ពុជា រកឃើញវិជ្ជមានជំងឺ Covid-19  ២ករណីទៀត លើបុរសជនជាតិកាណាដា អាយុ ៤៩ឆ្នាំ និងបុរសម្នាក់ទៀតជាជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។


 
ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសទាំង២នាក់នោះ មិនពាក់ព័ន្ធនឹងនាវាទេសចរណ៍ Viking Cruise Journey ឡើយ។ អ្នកទាំង២ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាល ប្រាប់ថា ការងារបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយនឹងបុរសទាំង២នោះ។ 

អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅយប់នេះថា បុរសទាំង២នាក់នោះ ជាអ្នកទេសចរ។

បច្ចុប្បន្ន កម្ពុជា មានករណីវិជ្ជមាន Covid-19 ៧ករណីហើយ រួមមាន បុរសជាតិខ្មែរម្នាក់ បុរសជនចិនម្នាក់ បុរសជនជាតិអង់គ្លេសម្នាក់ ស្រ្តីជនជាតិអង់គ្លេស២នាក់ បុរសជនជាតិកាណាដាម្នាក់ និង បុរសជនជាតិប៊ែលហ្សិកម្នាក់។ បុរសជនជាតិចិន បានជាសះស្បើយ និងវិលត្រឡប់ទៅចិនវិញហើយ ខណៈជំងឺទាំង៦នាក់ទៀត កំពង់សម្រាកព្យាបាល។ 

បុរសជនជាតិខ្មែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំពោះ ជនជាតិអង់គ្លេសទាំង៣នាក់ ជាអ្នកដំណើរលើនាវា  Viking Cruise Journey ត្រូវបានផ្ទេរចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅព្យាបាលនៅភ្នំពេញ ដោយក្នុងនោះ ២នាក់ដែលជាប្តីប្រពន្ធ សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែស្រ្តីម្នាក់ទៀត ក្រសួងសុខាភិបាល ពុំបានបញ្ជាក់នោះទេថា សម្រាកនៅមន្ទីរពេទ្យណា។  

រីឯ អ្នកផ្សេងទៀត លើនាវានេះ ត្រូវបានធ្វើតេស្តរួចអស់ហើយ​​ ដោយលទ្ធផលបង្ហាញថា ពួកគេ មិនបានឆ្លងវីរុសកូវីដ-១៩ឡើយ ហើយពួកគេ ត្រូវបានយកទៅឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងខេត្តកំពង់ចាម ដើម្បីតាមសុខភាពរយៈពេល១៤ថ្ងៃ។ នាវានេះ បានធ្វើដំណើរចេញពីទីក្រុងហូជីមិញ ចូលមកភ្នំពេញ នៅថ្ងៃទី៧ ខែមីនា បន្ទាប់មក ក៏ជូនអ្នកដំណើរខ្លួនទៅកម្សាន្តតាមដងទន្លេខេត្តកំពង់ចាម៕ 


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com