ជាតិ
ថ្ងៃ​ដំបូង អ្នក​ទៅ​ចូលរួម​ពិធីបុណ្យ​ទន្លេ​នៅ​បាត់ដំបង​មាន​ប្រមាណ​៣​ម៉ឺន​នាក់​
14, Mar 2020 , 11:55 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ទន្លេ​ក្នុង​ខេត្តបាត់ដំបង មាន​ចូលរួម​ប្រមាណ​៣​ម៉ឺន​នាក់​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៣០០​នាក់ ហើយ​ភាគច្រើន​ជា​ជនជាតិ​បារាំង​។ មន្ត្រី​អះអាងថា ភ្ញៀវ​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅតែមាន​ចំនួន​ច្រើន បើទោះបីជា​បច្ចុប្បន្នកំពុង​មាន​បញ្ហា​នៃ​ការរីក​រាលដាល COVID-19 ក៏ដោយ​។​



​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ច្រើន​កុះករ ក្នុងនោះ​មាន​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ក្នុងនោះ​ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ចូលរួម​សរុប​មាន​ប្រមាណ​៣​ម៉ឺន​នាក់ ដោយមាន​ប្រមាណ​៣០០​នាក់​ជា​ភ្ញៀវទេសចរ​អន្តរជាតិ ហើយ​ភាគច្រើន​ជា​ជនជាតិ​បារាំង​។​



​បើតាម លោក តុ​ប សុភ័ក ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ចូលរួម​នឹងមាន​ការកើនឡើង​បន្ថែម ហើយ​គម្រោង​រយៈពេល​៣​ថ្ងៃ ភ្ញៀវទេសចរ​អាចមាន​៥០ ទៅ​៦០​ម៉ឺន​នាក់​»​។

​ពិធីបុណ្យ​ទន្លេ​នេះ ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម ដោយបាន​រក្សា​នូវ​សុខ​សុវត្ថិភាព​របស់​អ្នក​មក​ចូលរួម សម្រួល​ចរាចរណ៍ រក្សា​សណ្ដាប់ធ្នាប់ និង​មាន​ក្រុមគ្រូពេទ្យ ក៏ដូចជា​រថយន្ត​សង្គ្រោះបន្ទាន់​ប្រចាំការ​ផងដែរ​។ ក្នុងនោះ​មានការ​តាំងពិព័រណ៍​ស​មិទ្ធ​ផល​ផលិតផល​ក្នុងស្រុក មហោស្រប​ម្ហូបអាហារ និង​ភេសជ្ជៈ ជាង​៣០០​ស្តង់​, ស្តង់​ក្រសួង​-​ស្ថាប័នរដ្ឋ​មាន​៣០​ស្តង់​, ផលិតផល​នាំចេញ និង​វិស័យ​ទេសចរណ៍​មាន​២០​ស្តង់​, ផលិតផល​ក្នុងស្រុក​មាន ៥០​ស្តង់​, ផលិតផល​ទូទៅ​មាន​១៥០​ស្តង់ និង​ស្ដង់​វិថី​ម្ហូបអាហារ​មាន​៥០​ស្ដង់ ពិសេស​ម្ហូបអាហារ​ប្រចាំ​តំបន់​ក្នុង​ក្រុង​បាត់ដំបង​ផងដែរ​។​



បញ្ជាក់​ផងដែរ​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ប្រារព្ធ​ធ្វើឡើង ក្រៅតែពី​ផ្ដល់​ការកម្សាន្ត​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ​ហើយ​នោះ ក៏បាន​បំផុសស្មារតី​ស្រឡាញ់​ជាតិ និង​កេរដំណែល​ដូនតា ហើយ​បានរួម​ចំណែក​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នៅ​ខេត្តបាត់ដំបង​ផងដែរ​។ នៅ​ថ្ងៃទី​១៤ ខែមីនា ដែលជា​ថ្ងៃទី​នៃ​ការ​ប្រារព្វ​ពិធី សម្ដេច​ហ៊ុន សែន និង​សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចូលរួម​ផងដែរ​៕


Tag:
 បុណ្យ​ទន្លេ​លើក​ទី​៦
  ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com