ជាតិ
អត្ថបទពាណិជ្ជកម្ម
គន្លឹះ​សំខាន់ៗ​ក្នុងការ​សន្សំ​ប្រាក់ ដើម្បី​ទិញ​ផ្ទះ​ដំបូង​របស់​អ្នក​
15, Mar 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតក្នុង​វ័យ​២០​ឆ្នាំ អ្នកមាន​ពេលវេលា និង​ឱកាស​ជាច្រើន​ដើម្បី​រក​ចំណូល​។ វា​ក៏​ជា​ពេល​មួយ ដែល​អ្នក​គួរតែ​ចាប់ផ្ដើម​សន្សំ​ប្រាក់ ក្នុងការ​វិនិយោគ​ទិញ​ផ្ទះ​ដំបូង​របស់​អ្នក​។​

​ប្រសិនបើ​អ្នកមាន​អាយុ​ក្រោម​៣០​ឆ្នាំ មាន​ការងារ​សមរម្យ​មួយ ប៉ុន្ដែ​មិនទាន់​មានផ្ទះ​ជា​របស់ ខ្លួន នេះ​ជា​ពេល​មួយ​សម្រាប់​អ្នក ដើម្បី​សន្សំ​ប្រាក់​ទិញ​ផ្ទះ​ដំបូង​របស់​អ្នក​។ អចលនទ្រព្យ​នៅ កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ កំពុងមាន​ការរីកដុះដាល​យ៉ាងខ្លាំង ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត អ្នក​នឹងមាន​ជម្រើស​កាន់តែច្រើន ជាមួយ​គម្រោង​ខុន​ដូ ឬ​បុរី​ថ្មី​។​

​អ្នក​ប្រហែលជា​គិតថា «​តែ​ខ្ញុំ​នៅ​ក្មេង​ទេ​! ខ្ញុំ​ចង់ឃើញ​ពិភពលោក និង​ទទួល​បទពិសោធន៍​ថ្មីៗ ។ ឬ​តើ​អ្នកមាន​ឃើញ​តម្លៃ​ទេ​? វា​ថ្លៃ​ណាស់​»​។ ខណៈដែល​ការព្រួយបារម្ភ​ទាំង​២​នេះ​ហាក់ដូចជា​រឿង​សាមញ្ញ ប៉ុន្ដែ​ការពិត​វា​មិន​ពិបាក ដូច​អ្នក​គិត​នោះទេ​។​

​ហេតុអ្វី​អ្នក​គួរ​ចាប់ផ្ដើម​សន្សំ​ប្រាក់​សម្រាប់​ការទិញ​ផ្ទះ​ខណៈពេលដែល​អ្នកមាន​អាយុ​២០​ឆ្នាំ​?

​ស្ថិតក្នុង​វ័យ​២០​ឆ្នាំ ជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​អ្នក ក្នុងការ​សន្សំ​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​។ ប៉ុន្ដែ​យុវវ័យ​ភាគច្រើន តែងតែ​ខ្ចះ​ខ្ជាយ​នូវ​ពេលវេលា​របស់​ពួកគេ​។ ពួកគេ​ភាគច្រើន​តែង​ចំណាយ​ប្រា​ក់លើ​ការដើរ​កម្សាន្ដ និង​ការបរិភោគ​អាហារ​ខាងក្រៅ​។ ពួកគេ​តែង​គិតថា​ពួកគេ​ធ្វើការ​រកលុយ​សម្រាប់​ស​កម្ម​ភាព​ទាំងអស់នេះ ហេតុអ្វី​មិន​ចំណាយ​វា​? ត្រង់ចំណុច​នេះហើយ​ជា​បញ្ហា​។ នៅក្នុង​វ័យ​២០​ឆ្នាំ អ្នកមាន​ពេលវេលា និង​ឱកាស​ច្រើន​ដើម្បី​រកប្រាក់ ដែល​មិនមាន​កម្រិត​ដូចគ្នា ពេល​ឈានដល់​វ័យ​៣០ ឬ​៤០​ឆ្នាំ​។ ការដាក់​ប្រាក់​សន្សំ​សម្រាប់​ផ្ទះ ជាពិសេស​ក្នុង​វ័យ​២០​ឆ្នាំ នឹង​ផ្ដល់នូវ​ប្រយោជន៍​មួយ នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​នៃ​ការកាន់កាប់​ផ្ទះ​។​

​ប្រាក់​សន្សំ​មិនចាំបាច់​ទាល់​តែមាន​ច្រើន​នោះទេ​។ តែ​អ្នក​គួរ​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ ឬ​ការចំណាយ​ផ្សេងៗ និង​ត្រូវ​ប្រាកដថា​អ្នកមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ប្រាក់​កក់​ផ្ទះ​ជា​លើកដំបូង​។ នេះ​មិន​មានន័យថា អ្នក​គួរ​បញ្ឈប់​ការចំណាយ​លើ​របស់​ទាំងនោះ​ទាំងស្រុង​ទេ ប៉ុន្ដែ​អ្នក​គួរតែ​ពិចារណា កាត់បន្ថយ​ការចំណាយ​ដែល​មិនចាំបាច់​ដើម្បី​សុវត្ថិភាព​នាពេល​អនាគត​របស់​អ្នក​។​

​គន្លឹះ​សន្សំ​ប្រាក់​ប្រចាំថ្ងៃ សប្ដាហ៍ និង​ខែ​
​កាត់បន្ថយ​ការធ្វើដំណើរ​កម្សាន្ដ​ទៅ​ក្រៅប្រទេស​
​ប្រសិនបើ​អ្នកធ្វើដំណើរ​កម្សាន្ដ​ក្រៅប្រទេស ២ ឬ​៣​ដង​ក្នុង​មួយឆ្នាំ អ្នក​គួរ​កាត់បន្ថយ​ទៅ​១ ឬ​២​ដង​ក្នុង​មួយឆ្នាំ​វិញ​។ សំបុត្រ​យន្ដហោះ​មានតម្លៃ​ទាប​បំផុត​២០០​ដុល្លារ ក្នុងការ​ធ្វើដំណើរ​ទៅមក​។ ម្យ៉ាងវិញទៀត អ្នក​មិន​ត្រឹមតែ​ចំណាយ​លើ​សំបុត្រ​យន្ដហោះ​តែមួយ​មុខ​នោះទេ ការចំណាយ​លើ​កន្លែង​ស្នាក់នៅ អាហារ វត្ថុ​អនុស្សាវរីយ និង​សកម្មភាព​ផ្សេងៗ​។ ការចំណាយ​ទៅលើ​ការ​ស្នាក់នៅ និង​អាហារ​អាចមាន​ចន្លោះ​ពី​៣០០ ទៅ​១០០០​ដុល្លារ ចំពោះ​ដំណើរ​កម្សាន្ដ​ម្ដងៗ​។​


(​កាត់បន្ថយ​ការធ្វើដំណើរ​ក្រៅប្រទេស​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុងការ​សន្សំ​ប្រាក់​សម្រាប់​អ្នក​។ រូបភាព​ដោយ​៖ Economytraveller.com)
​ប្រសិនបើ​អ្នក​កាត់បន្ថយ​ការធ្វើដំណើរ​កម្សាន្ដ​នេះ​បាន នោះ​អ្នកនឹង​អាច​សន្សំ​ប្រាក់ បានជា​មធ្យម​ប្រមាណ​៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ដែល​ប្រាក់​នេះ​អាច​សន្សំ​សម្រាប់​ការទិញ​លំនៅដ្ឋាន​បាន​។​

​បន្ថយ​ការបរិភោគ​អាហារ​ថ្លៃៗ​


 
(​ប៊ឺ​រ​ហ្គឺ​រ​ដូច​ក្នុង​រូបភាព​នេះ​អាចមាន​តម្លៃ​រហូតដល់​១០​ដុល្លារ​. រូបភាព​ដោយ​៖ Timothy O’Toole)
​ប្រទេស​កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ សម្បូរ​ទៅដោយ​ហាង​អាហារ​ឆ្ងាញ់ៗ​។ ភោ​ជនី​ដ្ឋា​ន​ជាច្រើន​កំពុង​រីកដុះដាល​ដូច​ផ្សិត ដែលមាន​បម្រើ​ទាំងមុខ​ម្ហូប​ខ្មែរ និង​បរទេស​។ ការបរិភោគ​អាហារ​នៅតាម​ហាង​ទំនើប​ថ្លៃៗ អ្នក​ត្រូវ​ចំណាយ​ជា​មធ្យម​ចាប់ពី ១០ ទៅ ៣០​ដុល្លារ​ក្នុង​មួយ ពេល​។ ប្រសិនបើ​អ្នកចំណាយ​លើ​ការបរិភោគ​អាហារ ១០​ដុល្លារ ឬ​ច្រើនជាង​នេះ ក្នុង​មួយពេល នោះ​អ្នកនឹង​ចំណាយ​ប្រមាណ​២០ ទៅ ៣០​ដុល្លារ​ក្នុង​មួយថ្ងៃ​។​

​អ្នក​គួរតែ​ជ្រើសរើស​អាហារ ដែល​មិនសូវ​ថ្លៃ ប៉ុន្តែ​នៅតែ​រក្សាបាន​រសជាតិ​ឆ្ងាញ់ ពីព្រោះ​នៅក្នុង​រាជធានី​ភ្នំពេញ ក៏​សម្បូរ​ដោយ​ហាង​អាហារ​ឆ្ងាញ់ និង​មានតម្លៃ​សមរម្យ​ចន្លោះ​៣ ទៅ​៥​ដុល្លារ​ផងដែរ​។ ការបរិភោគ​នៅផ្ទះ ក៏​ជួយ​សម្រួល​ដល់​ការចំណាយ​របស់​អ្នក​ដែរ​។ ប្រសិនបើ​អ្នក​មិន ចេះ​ធ្វើ​ម្ហូប អ្នក​គួរតែ​តែ​រៀន​ធ្វើ​ម្ហូប ព្រោះ​វា​អាចជួយ​អ្នក​ឲ្យ​សន្សំ​ប្រាក់​បាន​ច្រើន​។​
​រៀន​និយាយថា «​ទេ​» ចំពោះ​សកម្មភាព និង​ការចំណាយ​ថ្លៃៗ​


  (​និយាយថា «​ទេ​» អាចជា​ជម្រើស​ល្អ​សម្រាប់​ការគ្រប់គ្រង​ការចំណាយ​របស់​អ្នក​ខណៈពេលដែល​អ្នក​កំពុង​បង់​រំលស់​ផ្ទះ​។ រូបភាព​ដោយ​៖ LostPlate.com)

​អ្នក​ស្រឡាញ់​មិត្តភក្ដិ និង​ក្រុមគ្រួសារ​របស់​អ្នក ប៉ុន្ដែ​បើ​អ្នក​យល់ព្រម​រាល់​ការស្នើសុំ ឬ​ការធ្វើដំណើរ​ទៅកាន់​កន្លែង​ណាមួយ ជាមួយ​ពួកគេ​ញឹកញាប់ នោះ​វា​អាច​ប៉ះពាល់​ដល់​ការ​សន្សំ​ប្រាក់​របស់​អ្នក​។ ឧទាហរណ៍ ប្រសិនបើ​អ្នកចំណាយ​៤០​ដុល្លារ លើ​ការ​ចេញទៅ​ក្រៅ​ជា​រៀងរាល់​សប្ដាហ៍ រួមមាន​ការចំណាយ​ទៅលើ​អាហារ ភេសជ្ជៈ ការមើល​កុន ថ្លៃ​ធ្វើដំណើរ ឬក៏​ការចំណាយ​ផ្សេងៗ ហើយ​បើ​ក្នុង​មួយខែ អ្នក​ចេញទៅ​ក្រៅ​ចំនួន​៤​ដង នោះ​អ្នកនឹង​ចំណាយ​អស់​១៦០​នៅក្នុង​មួយខែ​។​
​ការចំណាយ​ទៅលើ​សកម្មភាព​ទាំងនោះ មាន​ភាពខុសៗ​គ្នា​។ ប៉ុន្ដែ​អ្នក​ត្រូវ​ចាំ​ថា ការធ្វើដំណើរ​ទៅ​ក្រៅ​នៅ​ចុង​សប្ដាហ៍ វា​ជា​សកម្មភាព​មួយ​ដែល​មិនល្អ ចំពោះ​ការ​សន្សំ​ប្រាក់​ឡើយ​។​
​ជៀសវាង​ការចំណាយ​ទៅលើ​កាហ្វេ​ថ្លៃៗ​


  (​កាត់បន្ថយ​ការចំណាយ​លើ​កាហ្វេ​ប្រចាំថ្ងៃ អាចជួយ​ទៅដល់​ការ​សន្សំ​ប្រាក់​អ្នក​អ្នក​។ រូបភាព​ដោយ​៖ Discover Cambodia)
​ការចំណាយ​ទៅលើ​កាហ្វេ​ថ្លៃៗ​ប្រចាំថ្ងៃ​របស់​អ្នក អាច​ប៉ះពាល់​ទៅដល់​ការ​សន្សំ​ប្រាក់ ប្រសិនបើ​អ្នកចំណាយ​ទៅលើ​វា​ជា​រៀងរាល់ថ្ងៃ​។ កាហ្វេ​ប្រែ​ន មានតម្លៃ​ជា​មធ្យម​ប្រមាណ​ពី ២.៥ ទៅដល់ ៤.៥​ដុល្លារ មានន័យថា ជា​មធ្យម​អ្នក​អាច​ចំណាយ​រហូត​ទៅដល់ ១០០​ដុល្លារ​ក្នុង​មួយខែ​។ ប្រសិនបើ​អ្នក​អាច កាត់បន្ថយ​ការចំណាយ​នេះ​បាន អ្នក​អាច​សន្សំ​ប្រាក់ ១២០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​តាមដាន​ការចំណាយ​ប្រចាំថ្ងៃ សប្ដាហ៍ និង​ប្រចាំខែ​


  (​ការតាមដាន​ការចំណាយ​ប្រចាំខែ​អាចធ្វើ​ឲ្យ​អ្នក​ស្វែងយល់​កាន់តែច្បាស់​ពី​ទម្លាប់​ចំណាយ​របស់​អ្នក និង​ដឹង​ពី​ខ្ទង់ចំណាយ​ដែល​ត្រូវ​សន្សំ​។ រូបថត​ដោយ Review Geek​។​)

​ការធ្វើ​បញ្ជីចំណាយ​ប្រចាំខែ​របស់​អ្នក មិនមែនជា​រឿង​អាក្រក់​ឡើយ​។ វា​ជា​រឿង​មួយ​ដែល​ល្អ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នកដឹង​ច្បាស់ ពី​ការចំណាយ​របស់​អ្នក​។ នេះ​គឺជា​សំណួរ​មួយចំនួន​ដែល​អ្នក​គួរ សួរ​ខ្លួនឯង​ដើម្បី​តាមដាន​ការចំណាយ​របស់​អ្នក​៖
​តើ​ខ្ញុំ​ចំណាយ​ទៅលើ​អ្វីខ្លះ​?
​តើ​ខ្ញុំ​ត្រូវ​ចំណាយ​ប៉ុន្មាន​លើ​សកម្មភាព​ទាំងនោះ​?
​តើ​ខ្ញុំ​ចំណាយ​លើ​សកម្មភាព​នេះ​ញឹកញាប់​កម្រិតណា​?
​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ អ្នកនឹង​ដឹង​កាន់តែច្បាស់ នូវ​ទម្លាប់​ចំណាយ​ប្រចាំខែ​របស់​អ្នក ជាពិសេស​ក្នុងការ​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​ហេតុអ្វី​បានជា​ខ្ញុំ​មិនអាច​សន្សំ​លុយ​បាន​?
​តើ​វា​ជាការ​ចាំបាច់​ទេ​ក្នុងការ​ចំណាយ​ទៅលើ​របស់​អស់​ទាំងនេះ​?
​តើ​ខ្ញុំ​អាច​កំណត់​ការចំណាយ​ទាំងអស់នេះ​បានទេ​?
​បង្កើត​គណនី​ដាច់ដោយឡែក​មួយ ជាពិសេស​គណនី​សន្សំ​


  (​រូបភាព ABA)
​ដូចដែល​ម្ដាយ​ខ្ញុំ​តែង​និយាយ «​សន្សំ​លុយ​ទុក​មុន ហើយ​ចំណាយ​អ្វីដែល​នៅសល់​»​។ មាន​ធនាគារ​ជាច្រើន​ដូចជា ABA អនុញ្ញាត​ឲ្យ​អ្នកបង្កើត​គណនី​សន្សំ​ដាច់ដោយឡែក​ដោយ​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​របស់​អ្នក​។ នៅពេលដែល​អ្នកទទួល​បាន ប្រាក់ចំណូល​ប្រចាំខែ​របស់​អ្នក ឬ​ប្រាក់​ផ្សេងៗ អ្នក​គួរតែ​បញ្ចូល​ទៅក្នុង​គណនី​សន្សំ​របស់​អ្នក ចៀសវាង​ការចំណាយ​ផ្សេងៗ​។​
​ចំនួន​ប្រាក់​ដែល​ត្រូវ​សន្សំ គឺ​អាស្រ័យ​ទៅតាម​តម្រូវការ​របស់​អ្នក​។ បើតាម​ការណែនាំ​ភាគច្រើន អ្នក​គួរតែ​រក្សាទុក​២០ ទៅ​៣០​ភាគរយ នៃ​ប្រាក់ចំណូល​សរុប​របស់​អ្នក ហើយ​អ្នក​ត្រូវ​ចងចាំ​ថា អ្នក​មិនត្រូវ​ប៉ះពាល់​ប្រាក់​សន្សំ​របស់​អ្នក​ឡើយ លុះត្រា​ក្នុងករណី​ចាំបាច់​បំផុត​។​
​ការ​សន្សំ​ប្រាក់​នឹង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ឲ្យ​អ្នក​ក្នុង​ថ្ងៃ​អនាគត​
​អ្នក​ប្រហែលជា​ឮ​ម្ដង​ជា​ពីរដង​រួចហើយ ពី​ឪពុកម្ដាយ​ឬ​បងប្អូន​របស់​អ្នក ហើយ​វា​រឿង​ដដែលៗ មិនមាន​អ្វី​ថ្មី​ឡើយ ប៉ុន្ដែ​វា​ជាការ​ពិត​។ ការកាត់បន្ថយ​ការចំណាយ​ប្រចាំ​ថ្ងៃជា​លើកដំបូង វា​មិនមែនជា​រឿង​ងាយស្រួល​ទេ សម្រាប់​អ្នក តែ​ការព្យាយាម​របស់​អ្នកនឹង​ធ្វើ​ឲ្យ​អ្នក​រីករាយ​នៅពេលដែល​អ្នកទទួលបាន​ផ្ទះ​ជា​របស់ខ្លួន​។ ការ​មានផ្ទះ ផ្ដល់នូវ​អារម្មណ៍​សុវត្ថិភាព និង​ការធានា​នូវ​អនាគត​ដ៏​ប្រសើរ​សម្រាប់​អ្នក​។ ដូច្នេះ នៅពេលដែល​អ្នក​គិតពី​ការទិញ​កាហ្វេ​កែវ​ទី​៣​របស់​អ្នក​នៅ​ម៉ោង​៥​ល្ងាច អ្នក​គួរតែ​សួរ​ខ្លួន​អ្នក​ថា តើ​អ្នក​ពិតជា​ត្រូវការ​វា​ណាស់​មែន​ទេ​?

(​ប្រភព​៖ https://www.realestate.com.kh/km/guides/tips-to-save-money-for-home-in-cambodia/)
(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com